Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា បញ្ចុះបញ្ចូលមីយ៉ាន់ម៉ា ឱ្យទិញម្រេចកំពត

  • បោះពុម្ព

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ បានស្នើដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ធ្វើការពិចារណា ក្នុងការនាំចូលម្រេចកំពត ដែលជាផលិតផលកសិកម្មមួយដ៏ល្បី នៅក្នុងពិភពលោក។

នេះបើយោងតាមការបញ្ជាក់ពី លោកស្រី ទូត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

សំណើរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងឱកាសដែលលោកជួបសន្ទនាជាមួយលោក U Thit Linn Ohn ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសមីយ៉ាន់ម៉ា នៅទីស្តីការក្រសួង ក្នុងរាជធានីភ្នំពេញ។

ក្នុងសន្និសីទស្តីពីជំនួបនេះ លោកស្រី ទូត បញ្ញា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការផ្លាស់ប្តូរទំនិញកសិកម្មទៅវិញទៅមក។ នៅកម្ពុជាយើង មានផលិតផលម្រេចកំពត ដែលល្បីនៅក្នុងពិភពលោក ហើយលោកក៏បានស្នើឱ្យភាគីមីយ៉ាន់ម៉ា ពិចារណាក្នុងការនាំចូលម្រេចកំពត ទៅមីយ៉ាន់ម៉ាផងដែរ»។

បើតាមអនុរដ្ឋលេខាធិការក្រសួងការបរទេស បានឱ្យដឹងបន្ថែមថា ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសមីយ៉ាន់ម៉ា បានឯកភាពថា នឹងខិតខំជំរុញវិស័យពាណិជ្ជកម្ម-កសិផល ប៉ុន្តែមិនបានបញ្ជាក់ថា នឹងនាំចូលម្រេចកំពតនោះទេ។

លោកស្រី ទូត បញ្ញា បានគូសបញ្ជាក់ថា វិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសកម្ពុជា-មីយ៉ាន់ម៉ា មានការរីកចម្រើន ប៉ុន្តែនៅក្នុងកម្រិតមួយទាបបំផុត។

កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានចំនួនជាង ៤លានដុល្លារអាម៉េរិក ហើយនៅឆ្នាំ២០១៩ មានចំនួនជាង ១០លានដុល្លារអាម៉េរិកតែប៉ុណ្ណោះ។ ឯកអគ្គរដ្ឋទូតថ្មីមីយ៉ាន់ម៉ា បានមកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

លោកបានថ្វាយសារតាំង ចំពោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២១ ខែសីហា។ លោក U Thit Linn Ohn បានសម្តែងការរីករាយ ដែលបានមកបំពេញបេសកកម្មនៅប្រទេសកម្ពុជា។

លោកប្ដេជ្ញាថា នឹងខិតខំក្នុងការពូនជ្រុំនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដែលមានស្រាប់ ឱ្យកាន់តែរីកចម្រើនថែមទៀត៕

ដកស្រង់ពី៖ Fresh News