បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងអប់រំ ពេញចិត្តយ៉ាងខ្លាំង ចំពោះដំណើរការ ប្រឡងបាក់ឌុបថ្ងៃដំបូង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន បានអត្ថាធិប្បាយថា សម័យប្រឡងបាក់ឌុប ថ្ងៃទីមួយបាន ប្រព្រឹត្តិទៅយ៉ាង មានសណ្តាប់ធ្នាប់ និងមានវិន័យល្អ។ ទាំងលោក ទាំងបុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធជា ច្រើនសប្បាយចិត្ត នឹងលទ្ធផលនេះ។

ឯកឧត្តម ហង់ ជួន ណារ៉ុន បានថ្លែងដោយ ឥតរួញរាថា ឯកឧត្តម សប្បាយចិត្តចំពោះ ដំណើរការ ដ៏មានវិន័យ និងមានសណ្តាប់ធ្នាប់ នៃសម័យប្រឡងបាក់ ថ្ងៃដំបូងនៅថ្ងៃចន្ទនេះ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងកោតសរសើរ បន្ថែមចំពោះ ការយល់ដឹងខ្ពស់ ពីសំណាក់ សិស្សានុសិស្ស ដែលជាបេក្ខជនប្រឡង និងមាតាបិតា ពួកគេផងដែរ។

អត្ថាធិប្បាយ នៅយប់ថ្ងៃចន្ទ អំពីតុល្យការ ថ្ងៃទីមួយ នៃសម័យប្រឡងបាក់ឌុបនេះ ឯកឧត្តម រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានលើកឡើងថា៖ «ដោយសារតែមានការ ផ្សព្វផ្សាយព័ត៌មាន  ច្រើនអំពីវិធានការ ដែលជាកំណែ ទម្រង់របស់ ក្រសួងអប់រំ នៅមុនសម័យប្រឡង យើងសង្កេតឃើញថា សម័យប្រឡងនេះបាន ប្រព្រឹត្តិទៅ បានយ៉ាងល្អ មិនមានការ រំលោភបំពាន វិន័យនោះទេ។លើកលែងតែ ករណីបន្តិចបន្តួច ប៉ុណ្ណោះ។ ជារួម បុគ្គលិកអប់រំ បានវាយតម្លៃជាវិជ្ជមាន និងបាននិយាយថា វាមានការផ្លាស់ប្តូរ ខ្លាំងមែនទែន»។

ឯកឧត្តម រដ្ឋមន្ត្រី បានទទួលស្គាល់ អំពីករណី មិនប្រក្រតីមួយចំនួន ដូចជាការ លួចជួយប្រឡង ការលួចយក ឯកសារ និងទូរសព្ទ ចូលមណ្ឌលប្រឡង និងករណីដែលបេក្ខជនមាន បញ្ហាសុខភាព។ លោករដ្ឋមន្ត្រី បានបន្តទៀត ថា៖ «បុគ្គលិកអប់រំរបស់ យើងទាំងអស់ បានបំពេញការងារ ដោយកិត្តិយស និង ដោយសតិសម្បជញ្ញៈខ្ពស់»។

ប្រសិនបើ នេះជាលទ្ធផលល្អ ឬជាពន្លឺនៃជោគជ័យ នៃកំណែទម្រង់របស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំនោះ ឯកឧត្តម រដ្ឋមន្ត្រី បាននិយាយលើក ដំកើងដល់តួអង្គពាក់ព័ន្ធ ទាំងអស់ដែលបាន ចូលរួមសហការ នៅក្នុងការអនុវត្ត កំណែទម្រង់នេះ ដូចជា បុគ្គលិកអប់រំ មាតាបិតា បេក្ខជន និងក្រុមអ្នក សង្កេតការណ៍របស់ អង្គភាពប្រឆាំង អំពើពុករលួយ។

ឯកឧត្តម រដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំពេញចិត្ត យ៉ាងខ្លាំងចំពោះ លទ្ធផលនៅ ថ្ងៃដំបូង នៃសម័យប្រឡងនេះ។ វាជាលទ្ធផល នៃការខិតខំ ប្រឹងប្រែង របស់ក្រសួងដែល បានធ្វើការងារនេះ ប្រមាណ១០ខែមកហើយ»។ ប៉ុន្តែសម្រាប់ ឯកឧត្តម រដ្ឋមន្ត្រី នេះគឺជាដំណាក់កាល នៃការប្រឡង សរសេរលើ ក្រដាសប៉ុណ្ណោះ។ វានៅសល់ដំណាក់កាល នៃការកែវិញ្ញាសា មួយទៀត ដែលឯកឧត្តម រដ្ឋមន្ត្រី មិនអាចនិយាយ បានអំពីបច្ចេកទេសកំណែ៕