Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ៗចំនួន៧ទៀត ក្នុងដំណើរទស្សនកិច្ចសម្តេចតេជោ នៅវៀតណាម

  • បោះពុម្ព

(ហាណូយ, វៀតណាម)៖ នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម បានព្រមព្រៀងគ្នាចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ៗចំនួន៧បន្ថែមទៀត ក្នុងគោលដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។

ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈនេះ បានធ្វើឡើងនៅក្រោយជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក ដែលមានរយៈពេលប្រមាណជាមួយម៉ោង។

កិច្ចព្រមព្រៀង និងអនុស្សារណៈដែលបានចុះហត្ថលេខាទាំងពីរនោះរួមមាន៖

ទី១៖ កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ក្នុងទឹកប្រាក់ចំនួន ៣លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងសាងសង់សមាសធាតុមួយចំនួន នៃមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស័្មគ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ចុះហត្ថលេខារវាងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនកម្ពុជា ជាមួយលោក ដាវ ង៉ុកហ៊្សុង រដ្ឋមន្រ្តីក្រសួងការងារយុវនីតិសម្បទា និង សង្គមវៀតណាម។

ទី២៖ កិច្ចព្រមព្រៀងផ្តល់ជំនួយលើគម្រោងសាងសង់អគាររដ្ឋបាលថ្មី សម្រាប់រដ្ឋសភាកម្ពុជា។

ទី៣៖ អនុស្សារណៈយោគយល់គ្នាទៅវិញ ទៅមក រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម លើកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើការងារគយ ចុះហត្ថលេខាដោយតំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រទេសទាំងពីរ។

ទី៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមតំបន់ព្រំដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។

ទី៥៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំ រវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា។

ទី៦៖ អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

ទី៧៖ អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្តីពីសហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនី។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះបានដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបំពេញទស្សនកិច្ច រយៈពេលពីរថ្ងៃនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម។

ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់វៀតណាមនាពេលនេះ ត្រូវបានគេមើលឃើញថា ជាការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើរថែមទៀត៕

ដកស្រង់ពី៖ Fresh News