បណ្តាញសង្គម

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុសាសន៍ UPR ជុំទី៣ ឆ្នាំ២០១៩

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា នឹងសហការរៀបចំសិក្ខាសាលាថ្នាក់ជាតិលើកទីមួយ ស្តីពីការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុសាសន៍ពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៣ ឆ្នាំ២០១៩។

សិក្ខាសាលានេះ នឹងត្រូវរៀបចំឡើងរយៈពេលមួយថ្ងៃកន្លះ គឺថ្ងៃទី០៩ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ០៨៖០០ព្រឹក នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៧ ខែតុលានេះ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។ សិក្ខាសាលានេះរៀបចំឡើងដោយមានសមាសភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន៖ តំណាងក្រសួងស្ថាប័នរដ្ឋ តំណាងអង្គទូត សង្គមស៉ីវិលជាតិ និងអន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍន៍ ចំនួនសរុបប្រមាណជា ២០០នាក់ និងក្នុងគោលបំណងដូចតទៅ៖

១៖ បង្កើនការយល់ដឹងអំពីយន្តការ UPR និងការចូលរួមរបស់កម្ពុជាជាមួយដំណើរការ UPR នេះដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់

២៖ ធ្វើការបែងចែក និងកំណត់អនុសាសន៍ទាំង ១៧៣ ដល់ក្រសួង ស្ថាប័នទទួលបន្ទុកដើម្បីអនុវត្ត

៣៖ ផ្តល់វេទិកាដល់ក្រុមអង្គការសង្គមស៉ីវិល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ចូលរួម និងផ្តល់យោបល់ ក្នុងការបែងចែក និងដាក់ឱ្យអនុវត្តអនុសាសន៍ទាំង១៧៣នេះ។

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃកន្លះ ដែលថ្ងៃទីមួយនឹងធ្វើការផ្សព្វផ្សាយអនុសាសន៍ UPR ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងពិភាក្សាបែងចែកអនុសាសន៍ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្ត។ ចំណែកឯថ្ងៃទីពីរ គឺផ្តោតលើការរៀបចំផែនការប្រតិបត្តិ ក្នុងការអនុវត្តអនុសាសន៍ទាំង ១៧៣ ដោយមានការចូលរួមធ្វើបទបង្ហាញ និងណែនាំពីអ្នកជំនាញរបស់អង្គការ UPR Info មកពីទីក្រុងហ្សឺណែវ ផងដែរ៕

ដកស្រង់ពី៖ Fresh News