បណ្តាញសង្គម

លោកស្រី ម៉ែន សំអន ចូលជួបពិភាក្សាជាមួយអគ្គអធិការ នៃអគ្គលេខាធិការដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម

(វៀតណាម)៖ ជំនួបការងាររវាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយលោក ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាធិការដ្ឋាន អធិការកិច្ចរដ្ឋាភិបាលវៀតណាម បានប្រារព្ធឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានថ្លែងថា តាមរយៈជំនួបនាថ្ងៃនេះ ជាការអនុវត្តតាមអនុសារណៈយោគយល់គ្នារវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច ដែលបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ២០០៥។

លោកស្រី ក៏បានស្នើឲ្យលោក ឡេ មិញខាយ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថានជាតិអធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និងបោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញដើម្បីទៅបង្រៀននៅវិទ្យាស្ថានជាតិ អធិការកិច្ច រយៈពេលខ្លី និងរយៈពេលមធ្យម។

ជាការឆ្លើយតប លោក ឡេ ម៉ិញខាយ ក៏បានឯកភាពទាំងស្រុងលើសំណើសុំរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រោះថា ការបញ្ជូនគ្រូឧទ្ទេសនាមពីប្រទេសវៀតណាម ទៅបង្រៀនដល់មន្ត្រីនៅវិទ្យាស្ថានជាតិអធិការកិច្ចនោះ គឺភាគីកម្ពុជាអាចមានលទ្ធភាពបញ្ជូនមន្ត្រីរាជការមកទទួលការ បណ្តុះបណ្តាលបានច្រើននាក់។

ជាមួយគ្នានេះ លោកស្រី ម៉ែន សំអន ក៏បានអញ្ជើញលោក ឡេ មិញខាយ អញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា ក្នុងពេលវេលាណាមួយដ៏សមស្របក្នុងឆ្នាំ២០២០ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងការងារអធិការកិច្ចរវាងប្រទេសទាំងពីរ ក្នុងការទប់ស្កាត់នូវអំពើពុករលួយ និងបាតុភាពអសកម្មនានា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស៕

សកស្រង់ពី៖Fresh News