បណ្តាញសង្គម

មន្រ្តីយោធាជាន់ខ្ពស់ក្រសួងការពារជាតិ៖ កងទ័ពត្រូវប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយណា ដែលប៉ះពាល់ដល់សន្តិភាព និងភាពសុខដុមរមនារបស់ពលរដ្ឋ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ នាយករងទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានបញ្ជាក់ថា សន្តិភាពដែលទទួលបានដោយការលំបាកនេះ ផ្តើមចេញពីការធ្វើពលិកម្មច្រើន ណាស់ ទាំងអាយុជីវិត ធនធាន និងពេលវេលា។

ក្នុងនាមជាកងយោធពលខេមរភូមិន្ទ ត្រូវតែរក្សាការពារឱ្យបានសុខសន្តិភាព និងប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយ ដែលធ្វើឱ្យ ប៉ះពាល់ដល់សុខសន្តិភាព ស្ថេរភាពសង្គម និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះរបស់លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញជាតំណាងលោកឧត្តមសេនីយ៍ឯក ឌឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ ដើម្បីបានធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយ អប់រំចិត្តសាស្រ្ត ឆមាសទី៣ ស្ដីពីសភាពការណ៍ថ្មីៗជាតិ និងអន្តរជាតិ ព្រមទាំងប្រារព្ធខួប ៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ១៩៧៩) ដល់ទីចាត់ការកលយុទ្ធ ដែលមាននាយទាហាន នាយទាហានរងចូលរួមជិត ២០០នាក់។

នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ ក៏បានធ្វើការប្រកាសថ្កោលទោស ចំពោះជនអគតិទណ្ឌិត សម រង្សី ដែលបានធ្វើការវាយប្រហារ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ ម្តងហើយម្តងទៀត ដោយមិនដឹងខ្លួនឯង មានទោសជាប់ខ្លួនរាប់មិនអស់។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានណែនាំអំពីទំព័រប្រវត្តិសាស្ត្រ បានចារិកទុកឱ្យមនុស្សជាតិទូរទៅ ពិសេសប្រជាជនកម្ពុជា បានស្គាល់ និងឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបឃោឃៅព្រៃផ្សៃបំផុត គ្មានពីរលើពិភពលោក។

ផ្តើមចេញពីការលំបាក ដែលរៀបរាប់មិនអស់ និងគ្រោះមហន្តរាយចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា ដោយសារមានសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធ ៤នាក់ទៀត បានយកអាយុជីវិត ធ្វើជាដើមទុនស្វែងរកការរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបន្តទៀតថា ផ្តើមចេញពីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ នេះហើយ ប្រជាជនកម្ពុជា មានកំណើតជាថ្មី និងមានសិទ្ធសេរីភាពគ្រប់បែបយ៉ាង ក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងសុខសន្តិភាព ដែលក្នុងរយៈពេល៥០០ឆ្នាំមកហើយ កម្ពុជា ពុំដែលទទួលបានសុខសន្តិភាពឡើយ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ទើបតែនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ ៣ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

គឺទី១៖ មានសិទ្ធិរស់នៅ, ទី

២៖ មានសិទ្ធិកាន់កាប់លើកម្មសិទ្ធិ និងមុខរបរ

និងទី៣៖ រក្សាតួនាទី និងមុខដំណែងនៅដដែល និងមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍឥតឈប់ឈរ រហូតដល់បច្ចុប្បន្ន ដូច្នេះនាយទាហាន នាយទាហានរង និងពលទាហាន ត្រូវការពារឱ្យបាននូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត របស់ប្រជាពលរដ្ឋ។

រីឯនយោបាយក្រៅប្រទេសវិញ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានលើកឡើងពីបញ្ហាមួយចំនួនដូចជា៖ ទម្រួតថៃ មិនឱ្យជនក្បត់ជាតិ សម រង្ស៊ី ឈរជើងលើទឹកដីរបស់ខ្លួនជាដាច់ខាត, គ្រោះមហន្តរាយ នុយក្លេអ៊ែ កូរ៉េខាងជើង-អ៊ីរ៉ង់, សង្គ្រាម តួកគី និងឃើដ កំពុងឡើងកម្ដៅយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន និងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Fresh News