បណ្តាញសង្គម

ព្រះមហាក្សត្រកម្ពុជា បានយាងចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមពិធីរាជាភិសេកព្រះចៅអធិរាជថ្មីរបស់ជប៉ុន

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ បានយាងចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមពិធីរាជាភិសេក ព្រះចៅអធិរាជថ្មី របស់ជប៉ុន គឺព្រះចៅ Naruhito ។

ព្រះរាជពិធីសោយរាជ្យសម្បត្តិផ្លូវការ របស់ព្រះចៅអធិរាជថ្មីរបស់ជប៉ុន នឹងធ្វើឡើងតាមប្រពៃណីជប៉ុន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានឡើងគ្រងរាជសម្បត្តិ Chrysanthemum Throne កាលពីថ្ងៃទី០១ ខែឧសភាកន្លងទៅ បន្ទាប់ពីព្រះបិតារបស់ទ្រង់ Akihito មានព្រះជន្ម ៨៥ព្រះវស្សា បានសម្រេចព្រះទ័យដាក់រាជ្យ ដោយសារតែបញ្ហាព្រះរាជសុខភាព។ ព្រះចៅ Akihito គឺជាព្រះចៅអធិរាជជប៉ុនទី១២៥ ហើយទ្រង់បានក្លាយជាព្រះចៅអធិរាជជប៉ុនដំបូងគេបំផុត ដែលដាក់រាជ្យក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ។

ចំណែកឯព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានចាប់ផ្ដើមរជ្ជកាល Reiwa របស់ព្រះអង្គជាផ្លូវការ ក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០៣ ខែឧសភា៕

ដកស្រង់ពី៖ Fresh News