បណ្តាញសង្គម

សម្តេចតេជោ ផ្ញើសារទៅកាសែត ឌឹណេសិន គ្មានទេការផ្ទេរ​តំណែង ពីឪពុកទៅកូន នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារទៅកាន់ កាសែតឌឹណេសិន របស់ថៃ ថានៅកម្ពុជា គ្មាននោះឡើយ ការផ្ទេរតំណែង នាយករដ្ឋមន្ដ្រី ពីឪពុកទៅកូន ក្នុងរបបលទ្ធិប្រជាធិបតេយ្យ ។

ការផ្ញើសាររបស់ សម្ដេច នាយករដ្ឋមន្ដ្រី ខាងលើនេះ បានធ្វើឡើង ក្រោយពីកាសែត របស់ថៃ បានចុះផ្សាយលើកឡើង ពីតួនាទី របស់ ឯកឧត្តម ហ៊ុន ម៉ាណែតថា នៅពេលអនាគត នឹងក្លាយជាមេដឹកនាំ របស់ប្រទេសកម្ពុជា តាមរយៈការបង្ហាញ វត្ដមាន និងទស្សនកិច្ច ជាញឹកញាប់ទៅបរទេស បូករួមទាំងប្រទេសថៃ ជាពិសេសក្នុង ដំណើរ ទស្សនកិច្ចជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ទៅជួបជាមួយមេដឹកនាំ យោធាថៃ ឯកឧត្តម ប្រាយុទ្ធ ចាន់អូឆា ។

សម្ដេច នាយករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញ ចូលរួមជាអធិបតីភាព នៅក្នុងសន្និសីទអន្ដរជាតិ ស្ដីពីយុវជនឆ្នើម ប្រចាំ ឆ្នាំ២០១៤ កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ បានមានប្រសាសន៍ថា កាសែតឌឹណេសិន បានចុះផ្សាយពី វត្ដមាន កូនសម្ដេច អមដំណើរជាមួយ រដ្ឋមន្ដ្រីការពារជាតិ ទៅកាន់ប្រទេសថៃ ហើយការបង្ហាញ វត្ដមានរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជាញឹកញាប់នេះ គឺពិតប្រាកដ ជាការបន្ដធ្វើ នាយករដ្ឋមន្ដ្រី ដោយស្នងតំណែងពីឪពុក ។

ជាសារត្រឡប់ទៅកាន់ កាសែតឌឹណេសិន វិញ សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន មានប្រសាសន៍ថា នៅក្នុងពិភពលោក គ្មាន ប្រទេសដែល កាន់របបលទ្ធិប្រជាធិបតេយ្យ ណាមួយ ផ្ទេរតំណែងពី ឪពុកទៅកូនយ៉ាង ដូច្នោះ ឡើយ មានតែប្រទេស ៣ប៉ុណ្ណោះ គឺ កូរ៉េខាងជើង កុងហ្គោ និងស៊េរី ។ ដោយឡែកនៅ កម្ពុជាវិញ ដែលជា ប្រទេសកាន់ របបលទ្ធិប្រជាធិបតេយ្យ គឺទាមទារឱ្យមាន ការបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំ ។

លោក សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ ការពារសិទ្ធិកម្ពុជា បានបដិសេធមិនធ្វើ អត្ថាធិប្បាយនោះទេ ដោយ លោកចាត់ទុកថា ជារឿងនយោបាយ ខណៈ លោក អំ សំអាត មន្រ្តីស៊ើបអង្កេត អង្កការលីកាដូ មិនអាចទំនាក់ទំនង បាន។
តែទោះជាយ៉ាណាក្តី លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សា នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា បើប្រទេសកុម្មុនីស្ត ដូចជាប្រទេសចិន វៀតណាម គឺកាន់អំណាចជាបក្ស ហើយបើបក្ស មានអំណាច តែយ៉ាង ណាក៏ដោយ ប្រទេសទាំងអស់ នឹងមិនមាន ការផ្ទេរតំណែងពី ឪពុកទៅកូនទេ។

លោកបានបញ្ជាក់ថា “ប៉ុន្តែប្រទេសផ្តាច់ការ ជាបុគ្គលផ្តាច់ការ អាហ្នឹងគឺ អាចផ្ទេរតំណែងបាន អីចឹងគាត់អាចផ្ទេរ តំណែង ដោយសារបុគ្គល ជាអ្នកជ្រើសរើស អីចឹងគាត់ជ្រើសរើស កូនប្រុសគាត់ ចឹងយើងមើល ដូចជាប្រទេស កូរ៉េខាងជើង គឺជាប្រទេសផ្តាច់ការ ដែលផ្ទេរតំណែងតាំងពី គឹម អ៊ីស៊ុង មក គឹម ជុងអ៊ីល ហើយតមក គឹម ជុងអ៊ុន តាំងពីតា មកចៅផង”។

លោក អ៊ូ វីរៈ បានបន្ថែមថា ចំពោះប្រទេសកាន់ របបលទ្ធិប្រជាធិបតេយ្យ គឺមិនមានការផ្ទេរតំណែង ពីឪពុក ទៅកូន នោះទេ បើឪពុក ឬបង ធ្វើជា នាយករដ្ឋមន្ត្រីហើយ កូន និងប្អូន ចង់ធ្វើជានាយករដ្ឋមន្ត្រី ឬប្រធានាធិបតីដែរនោះ គឺត្រូវឈរឈ្មោះ ឲ្យប្រជាពលរដ្ឋ បោះឆ្នោតឲ្យ ដែលកន្លងមកមានដូចជា ប្រទេសអាម៉េរិក, សិង្ហបុរី និងប្រទេសថៃ ជាដើម៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល