បណ្តាញសង្គម

ក្រោយជួបទូតថ្មីអាមេរិក, លោក ប្រាក់ សុខុន បន្តជួបទូតថ្មីអាល្លឺម៉ង់

(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលជួបលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាហើយនោះ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តទទួលជួបលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម។

ជំនួបចំនួន២ រវាងប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតថ្មីអាមេរិក និងឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួង នៅរាជធានីភ្នំពេញ។

នៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ រដ្ឋាភិបាលអាល្លឺងម៉ង់ ដែលជាប្រទេសមហាអំណាចមួយនៅចក្រភពអឺរ៉ុប បានបង្ហាញឆន្ទៈដ៏មុតមាំរបស់ខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យកាន់តែល្អប្រសើរជាមួយកម្ពុជា។

បន្ថែមពីលើនោះ សភាពាណិជ្ជកម្មអាល្លឺម៉ង់ គ្រោងបើកការិយាល័យជាលើកដំបូងនៅកម្ពុជាថែមទៀតផង ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ដូចគ្នាដែរ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោកឯកអគ្គរដ្ឋទូតអាមេរិក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានប្រាប់ថា ចាប់ពីពេលនេះទៅកម្ពុជា និងអាមេរិក នឹងធ្វើការងារជាមួយគ្នាបន្តទៀត ជាពិសេសគឺធ្វើយ៉ាងណាពង្រឹកពង្រីក និងរឹតបន្តឹងមិត្តភាព កិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដែលមានស្រាប់ និងទៅលើវិស័យសំខាន់ៗដទៃទៀត៕

ដកស្រង់់ពី៖ Fresh News