Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងរាស្រ្ត បក្សប្រឆាំង និងបក្សកាន់អំណាច ផ្តើមធ្វើការរួមគ្នា ក្រោយងរងក់ ជាងមួយឆ្នាំ

  • បោះពុម្ព

ភ្នំពេញ៖ បន្ទាប់ពីទុកឲ្យ តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា អង្គុយធ្វើការ ក្រោមដំបូលសភា ដ៏ធំទូលាយ ដោយឯកបក្ស អស់រយៈពេលជាង មួយឆ្នាំកន្លងទៅ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤នេះ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ទាំង ៥៥រូប បានបញ្ចប់ ការងរងក់របស់ខ្លួន ព្រមចូលបើកកិច្ចប្រជុំ និងបម្រើការការងារ ក្នុងស្ថាប័ននីតិបញ្ញត្តរួមគ្នា ជាមួយនឹងតំណាងរាស្រ្ត ទាំង ៦៨រូបមកពី គណបក្សប្រជាជនកម្ពុជា ហើយ។

ចាប់ពីថ្ងៃទី៨ ខែសីហា នេះតទៅ គេនឹងលែងឮទៀត ហើយសម្រែកថា សភាចោរ ឫសភាខុសច្បាប់ ដែលតែងឮ ជារឿយៗ ចេញពីថ្នាក់ដឹកនាំ និង តំណាងរាស្រ្តបក្ស សង្រ្គោះជាតិ រយៈពេលប្រមាណជា មួយឆ្នាំកន្លងមកនេះ។

យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ បានជូន ដំណឹងឲ្យដឹងថា កិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី០៨ ខែសីហា នេះ ធ្វើឡើងដើម្បីពិភាក្សា និងអនុម័តលើសេចក្តី ស្នើវិសោធនកម្ម ប្រការ ៦ថ្មី នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា។

ការសម្រេចចិត្ត ចូលអង្គុយប្រជុំលើ កៅអីរដ្ឋសភា របស់តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ គឺបានកើតមានឡើង បន្ទាប់ពីវិបត្តិនយោបាយ ត្រូវបានបញ្ចប់ក្រោម កិច្ចពិភាក្សា កំពូលរវាងសម្តេចតេជោ ហ៊ុន សែន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និង ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ពីលក្ខខណ្ឌកន្តិកៈ នៃការធ្វើកំណែទម្រង់ លើក្បាលម៉ាស៊ីន ព្រឹទ្ធសភា រដ្ឋសភា ឲ្យមានតុល្យភាពអំណាច ក្នុងការតស៊ូមតិ ជាពិសេសគឺ កំណែទម្រង់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យមានសុក្រិត្យភាព តាមរូបមន្ត ៤-៤-១ជាដើម ត្រូវបានព្រមព្រៀង ជាមួយគ្នា។

ថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ទាំង ឯកឧត្តម សម រង្ស៊ី និង ឯកឧត្តម កឹម សុខា កាលពីថ្ងៃទី៥ ខែសីហា ពេលចេញ ពីផឹកទឹកសម្បថ នៅក្នុងព្រះបរមរាជវាំង សុទ្ធតែបានថ្លែង អះអាងដូចៗគ្នាថា ការសម្រេចចិត្ត ចូលសភា គឺធ្វើឡើង ស្របតាមស្មារតី នៃកិច្ចចរចា ស្របតាមឆន្ទៈ របស់ម្ចាស់ឆ្នោត។ ថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយនេះ នៅបាន សន្យាទៀតថា នឹងរួមគ្នាធ្វើការ តស៊ូមតិតាមបែប លទ្ធិប្រជាធិបតេយ្យ នៅក្នុងរដ្ឋសភា ស្វែងរកនូវឧត្តមប្រយោជន៍ ជូនប្រជារាស្រ្ត ជាម្ចាស់ឆ្នោត។

នៅក្នុងពិធីបិទ មហាសន្និបាត កាកបាទក្រហម អាណត្តិទី៦ កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ សម្តេច តេជោ ហ៊ុន សែន បានប្រកាសថា នឹងបំផុសដឹកនាំ ចលនាតំណាងរាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា គាំទ្របេក្ខ ភាពតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ឲ្យធ្វើជាអនុប្រធានទី១ នៃរដ្ឋសភា ក៏ដូចជាតំណែង ផ្សេងៗទៀត។

សម្តេចតេជោ បានបញ្ជាក់ថា សំឡេងរបស់សម្តេច ពិតជាមាន សារសំខាន់ណាស់ ហើយបើសម្តេច មិនបានចូល រួមប្រជុំទេ គណបក្សសង្គ្រោះជាតិ ពិតជាយ៉ាប់ណាស់ ពីព្រោះសម្តេច ជាអ្នកធ្វើចលនាសមាជិក គណបក្សប្រជាជន ដើម្បីបោះឆ្នោត គាំទ្រគណបក្ស សង្គ្រោះជាតិ។ សម្តេចនាយករដ្ឋមន្រ្តី បានផ្ញើសារផ្តាំផ្ញើទៅ គណបក្សសង្រ្គោះជាតិ កុំមាន ការព្រួយបារម្ភ លើចំណុចនេះ។

សម្រេចចិត្តផ្តើមធ្វើការរួមគ្នា រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឺជាការបើក ទំព័រសករាជថ្មី នៃភាព រីកចម្រើន លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដែលធ្វើឲ្យបណ្តាប្រទេស ជាមិត្ត និងសហគមន៍អន្តរជាតិសាទរ និង ស្វាគមន៍ជាខ្លាំង។

លើសពីនេះទៀត វត្តមានតំណាង របស់រាស្រ្តទាំង ១២៣រូប ដែលកើតចេញពី ការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នឹងជួយធ្វើឲ្យប្រសិទ្ធភាព និងគុណភាព នៃការដឹកនាំរបស់ មន្រ្តីរាជរដ្ឋាភិបាល កាន់តែប្រសើរថែម ទៀត ដើម្បីសម្រេចនូវ ប្រយោជន៍ជូន ប្រជជាពលរដ្ឋកម្ពុជា។ រដ្ឋមន្រ្តី តាមបណ្តាក្រសួងនានា នឹងមិនអាចអង្គុយ សោះអង្គើយ បន្តទៀតបាននោះទេ បើមិនដូច្នោះ នឹងមានការហៅមក ចោទសួរ ឬអាចឈានដល់ ការបោះឆ្នោតដក សេចក្តីទុកចិត្តចេញ ពីតំណែងផងដែរ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញ បើកសម័យប្រជុំ គណៈរដ្ឋមន្រ្តី លើកដំបូង នៃរាជរដ្ឋាភិបាល អាណត្តិទី៥ កាលពីខែកញ្ញា ឆ្នាំ២០១៣ បានប្រកាស ដាស់រឿនរួចហើយ ដល់មន្រ្តីរបស់ខ្លួន ឲ្យធ្វើកំណែទម្រង់ស៊ី ជម្រៅ ជាពិសេស ការឆ្លុះកញ្ចក់  និង ដុះក្អែលខ្លួនឯង។ បើមិនដូច្នោះទេ សម្តេច ឈប់ការពារទៀតហើយ បើក ឱកាសទុកឲ្យ មន្រ្តីរដ្ឋសភា កោះហៅមក សាកសួរដេញដោល បានគ្រប់ពេល ជាពិសេសគឺតំណាងរាស្រ្តមកពី គណបក្សសង្រ្គោះជាតិ៕