Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ដ្រីកសិកម្ម៖ រាជរដ្ឋាភិបាល នៅតែចាត់ទុកវិស័យកសិកម្ម ជាវិស័យសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ

  • បោះពុម្ព

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការលើកស្ទួយការចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភនៅកម្ពុជា»។ សិក្ខាសាលានេះ ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

សិក្ខាសាលានេះ ក៏មានការចូលរួម ពីសំណាក់លោកថ្នាក់ដឹកនាំក្រសួង លោកសមាជិកសភា តំណាងក្រសួងអភិវឌ្ឍជនបទ ក្រសួងសុខាភិបាល លោក ខៃរ៉ូល ហាហ្វីស នាយកអង្គការមុស្លិមអេដកម្ពុជា (Muslim Aid Cambodia, MAC) ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

លោក ខៃរ៉ូល ហាហ្វីស មានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបថា អង្គការនេះ បានមកចូលរួមអភិវឌ្ឍវិស័យផលិតកម្មគោជាលក្ខណគ្រួសារនៅកម្ពុជា តាំងពីឆ្នាំ២០០៧ គោលបំណងសំខាន់របស់អង្គការគឺ ផ្តល់ជំនួយមនុស្សធម៌ ដើម្បីជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះ តាមរយៈលើកកម្ពស់ផលិតភាពផលិតកម្មសត្វគោ ជាលក្ខណគ្រួសារ។

គោលនយោបាយ របស់អង្គការក្នុងការចែកគោជូនប្រជាពលរដ្ឋ ការបណ្តុះបណ្តាលបច្ចេកទេសការជ្រើសរើស និងបង្កាត់ ពូជ ចិញ្ចឹម ផលិតចំណី ការការពារ ព្យាបាលជំងឺ និងទីផ្សារផងដែរ។

លោក ខៃរ៉ូល ហាហ្វីស បន្ដទៀតថា ផលប្រយោជន៍ នៃការចិញ្ចឹមគោ ប្រៀបបានធនាគារសន្សំប្រាក់ គឺវាអាចផ្តល់ជាសាច់ ទឹកដោះ ស្បែក ឆ្អឹង និងលាមកផលិតជី ធម្មជាតិ ផលិតជាហ្គាសសម្រាប់ប្រើចំអិនអាហារ កាត់បន្ថយការប្រើឈើធ្វើពីអុស និងធ្យូង ជា ពិសេសកាត់បន្ថយ ផលប៉ះពាល់បរិស្ថានទៀតផង។

ទាំងអស់នេះ គឺជាប្រាក់ចំណូលនិរន្តភាព សម្រាប់គ្រួសារកសិករនៅជនបទ។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះវត្តមាន របស់សមាជិកសមាជិកា ជាពិសេសលោក ខៃរ៉ូល ហាហ្វីស និងអង្គការ Muslim Aid ដែលបានសហការរៀបចំសិក្ខាសាលានេះ ដើម្បីធ្វើការត្រួតពិនិត្យវាយតម្លៃអំពីវឌ្ឍនភាព នៃការអនុវត្តគម្រោងលើកស្ទួយខ្សែច្រវាក់ផលិតកម្មនៃការចិញ្ចឹមសត្វ សំដៅលើកកម្ពស់ជីវភាពរស់នៅ របស់សហគមន៍ប្រកបដោយចីរភាព និងលើកទិសដៅអនុវត្តបន្ត ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យ បសុសត្វ ២០១៦-២០២៥ ដោយផ្សាភ្ជាប់ទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩- ២០២៣ ជាពិសេសមុំទី១ នៃចតុកោណទី៤ ស្តីពីការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

លោកបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ជាផ្លែផ្កាទទួលបានពីកិច្ចសហការនេះ ជាប្រយោជន៍ដល់ប្រជាកសិករ និងសេដ្ឋកិច្ចជាតិជារួម។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យកសិកម្ម ជាវិស័យសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ក្នុងនោះ ការលើកកម្ពស់សេវាសុខភាពសត្វ ការការពារ បង្ការទប់ស្កាត់ជំងឺរាតត្បាតសត្វការធានាសុវត្ថិភាពសាច់ ផលិតផលសត្វដែលកម្ពុជា បានបំពេញកាតព្វកិច្ចក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភព លោក (WTO) អង្គការសុខភាពសត្វពិភពលោក (OIE) និងការធ្វើសមាហរណកម្មកម្ពុជាក្នុងអាស៊ាន និងក្នុងសាកលលោកផងដែរ។

លោកថា ក្នុងបរិការណ៍នេះ ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់គ្រប់គ្រងអនុវិស័យនេះ ក្នុងគោលដៅពង្រឹងការអនុវត្តស្តង់ដារអនាម័យលើផលិតផលសត្វ និងជំរុញអនុវត្តវិធានការ អនាម័យសត្វដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺសត្វ ក៏ដូចជាការការពារសុខភាពសាធារណៈជាចម្បងផងដែរ។

ជាងនេះទៅទៀត ការជំរុញលើកទឹកចិត្ត ដល់ការវិនិយោគពីវិស័យឯកជន ត្រូវបានលើក កម្ពស់សំដៅពង្រីកការផលិតចំណីសត្វក្នុងទ្រង់ទ្រាយមធ្យម និងធំដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់ពីលទ្ធភាព កាត់បន្ថយការនាំចូលនូវផលិតផល និងវត្ថុធាតុដើមដែលមិនចាំបាច់ពីបរទេស និងការធ្វើចំណាកស្រុករបស់ពលករកម្ពុជា។

លោករដ្ឋមន្ដ្រី បន្ថែមទៀតថា ដើម្បីគាំទ្រដល់ចលនាចិញ្ចឹមសត្វ រួមជាមួយនឹងការលើកកម្ពស់ប្រព័ន្ធផ្តល់សេវាបច្ចេកទេស កែលម្អពូជសត្វ និងផ្សាភ្ជាប់ទីផ្សារជូនកសិករ និងអ្នកផលិត ការកែច្នៃផលិតផលបសុសត្វ ការបង្កើតសត្តឃាតដ្ឋានទំនើប ព្រមទាំងការសម្រួលពាណិជ្ជកម្មសត្វ និងផលិតផលសត្វជាដើម។

ទោះជាយ៉ាងណា យើងទទួលស្គាល់ថា ការអភិវឌ្ឍផលិតកម្មសត្វ ការស្រាវជ្រាវ ការអភិវឌ្ឍពូជ សត្វ និងការផ្តល់សេវា បច្ចេកទេសនៅមានកម្រិត ការអភិវឌ្ឍខែ្សច្រវាក់ផ្គត់ផ្គង់មិនទាន់ឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារ ខ្វះការវិនិយោគលើការកែច្នៃផលិតផលសត្វ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដល់ការផលិត ការកែច្នៃ និងទីផ្សារ តម្លៃអគ្គិសនីនៅខ្ពស់ ការធ្លាក់ចុះកម្លាំងពលកម្ម ស្របពេលនឹងបញ្ហាប្រឈមនានាដែលអាចកើតមានឡើងជាយថាហេតុ ដោយសារឥទ្ធិពលនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្ម។

[Forwarded from chour limhout] ម្យ៉ាងទៀត ប្រព័ន្ធផលិតកម្មសត្វ ភាគច្រើនជាផលិតកម្មខ្នាតតូច ដែលតែងតែទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមានពីបាតុភូតធម្មជាតិ ការរាលដាលនៃជំងឺឆ្លងសត្វផ្សេងៗ ក៏បានដាក់បន្ទុកធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍវិស័យ កសិកម្មផងដែរ។

ឆ្លើយតបទៅនឹងមូលបញ្ហានេះ ពិសេសក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្រសួងបានដាក់ចេញនូវចក្ខុវិស័យ សម្រាប់អភិវឌ្ឍន៍វិស័យផលិតកម្មសត្វ ដើម្បីប្រែក្លាយផលិតកម្មសត្វ បែបទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ តាមរយៈជំរុញកំណើនផលិតកម្មសត្វឲ្យកើន ៣ភាគរយក្នុង១ឆ្នាំ ដោយបង្កើនផលិតផលសាច់ពី ២៤០ពាន់តោន នៅឆ្នាំ២០១៩ ដល់២៧០ពាន់តោន នៅឆ្នាំ២០២៣ និងអត្រាភាគរយ នៃការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម កើនពី១៩ភាគរយ នៅឆ្នាំ២០១៧ ដល់ ៣០ភាគរយ នៅឆ្នាំ២០២៣ ជំរុញការចិញ្ចឹមគោពូជកូនកាត់ ឲ្យបានប្រមាណ៣០ភាគរយ នៅឆ្នាំ២០២៣។

ដើម្បីទទួលបានជោគជ័យ ក្នុងការអនុវត្តគម្រោងនេះបន្ថែមទៀត លោករដ្ឋមន្រ្តី វេង សាខុន បានផ្តល់ចក្ខុវិស័យ និងអនុសាសន៍មួយចំនួនជូនអង្គពិធីទាំងមូល ដើម្បីជាធាតុចូលសម្រាប់យកទៅពិចារណា និងអនុវត្តបន្តដូចតទៅ៖

* ទី១៖ គ្រប់អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាឲ្យបានល្អប្រសើរ ជាមួយដៃគូអភិវឌ្ឍន៍ផ្នែកចិញ្ចឹមសត្វ ជាពិសេសមួយអង្គការ Muslim Aid ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣។

* ទី២៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវជួយគាំទ្រ និងសហការផ្តល់បចេ្ចកទេស ដល់ប្រជាកសិករជាមួយអង្គការ Muslim Aid ដោយត្រូវផ្សព្វផ្សាយ

* បន្តដល់កសិករចិញ្ចឹម ការជ្រើសរើសពូជ ការបង្កាត់ដោយសិប្បនិម្មិត ការធ្វើអនាម័យ ការចាក់វ៉ាក់សាំង។

* ទី៣៖ ត្រូវលើកកម្ពស់ការស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ពូជសត្វ និងការបង្កាត់ពូជ ដើម្បីបង្កើនផលិតភាពសត្វ ធ្វើឲ្យប្រសើរឡើងនូវគុណភាព សុវត្ថិភាពផលិតផលសត្វ។

ត្រូវបន្តប្រែក្លាយការចិញ្ចឹមសត្វ ជាលក្ខណគ្រួសារ ឲ្យទៅជាការចិញ្ចឹមបែបពាណិជ្ជកម្ម លើកទឹកចិត្តដល់ការចិញ្ចឹមដែលមានផលិតភាពខ្ពស់ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច។

* ទី៤៖ ជំរុញ និងលើកកម្ពស់ការត្រួតពិនិត្យអនាម័យសត្វ ផលិតផលសត្វ គុណភាព និងអនាម័យចំណីសត្វ និងបសុឱសថ ដើម្បីការពារជំងឺឆ្លង ធានាគុណភាពសុវត្ថិភាពសាច់សត្វ និងផលិតផលសត្វសម្រាប់អ្នកបរិភោគ។

លោក វេង សាខុន សង្ឃឹមថា អង្គការ Muslim Aid នឹងខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ដើម្បីសម្រេចតាមគោលដៅ គោលបំណង និងទទួលបានលទ្ធផលជាផ្លែផ្កា តាមការរំពឹងទុក៕

ដកស្រង់ពី៖ Fresh News