បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន៖ ពលករកម្ពុជាទៅកូរ៉េខាងត្បូង នៅមានអ្នកចាញ់បោកគេទៀត ទោះបីយើងបញ្ជូនតាមផ្លូវការ

(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពលករកម្ពុជា ដែលទៅធ្វើការនៅកូរ៉េខាងត្បូង ទោះបីមានការរៀបចំប្រលងត្រឹមត្រូវតាមច្បាប់ ក៏នៅតែមានអ្នកចាញ់បោកក្រុមជនឆបោកមួយចំនួនដដែល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតីភាពបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ថែមថា គិតមកដល់បច្ចុប្បន្ននេះ មានពលករកម្ពុជាទៅធ្វើការនៅកូរ៉េខាងត្បូងប្រមាណជាង ៥ម៉ឺននាក់ ខណៈវៀតណាមមានពលករធ្វើការនៅកូរ៉េខាងត្បូងជាង ២០ម៉ឺននាក់នាក់ឯណោះ។

សម្តេចបន្តថា ការរត់ការយកប្រាក់ដើម្បីបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅកូរ៉េខាងត្បូង គឺជាអំពើកេងប្រវ័ញ្ចកម្លាំងញើសឈាមពួកគាត់។ សម្តេចមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនិយាយពីពលករកម្ពុជាទៅកូរ៉េ នៅមានអ្នកចាញ់បោកគេទៀត ទោះបីយើងបញ្ជូនតាមផ្លូវការ មានការប្រលងច្បាស់លាស់។

ឧទាហរណ៍សេវាត្រូវបង់ចំនួនប៉ុណ្ណេះ ប៉ុន្តែនៅមានអ្នករត់ការទៅពីលើ ដើម្បីទទួលបានប្រាក់ពីពលករ ដែលធ្វើឲ្យពលករក្រោមការកេញប្រវ័ញ្ចមួយ ទៅលើញើសឈាមកម្មករនោះថែមទៀត»។

សម្តេចបន្ថែមថា ចំណុចទាំងអស់នេះ គឺសុទ្ធតែជាចំណុចដែលត្រូវការពារអ្នកដែលងាយរងគ្រោះ តាមរយៈតួនាទីរបស់ព្រះរាជអាជ្ញា។

បើមិនដូច្នោះ រាជរដ្ឋាភិបាលនឹងបាត់បង់ទាំងអស់ នូវការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌរបស់ប្រទេស។ បើតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់នយោបាយព្រហ្មទណ្ឌមួយឱ្យបានច្បាស់លាស់។

សម្តេចតេជោ បន្តថា ទោះបីតុលាការជាប្រព័ន្ធឯករាជ្យ តែបើរាជរដ្ឋាភិបាលមិនមាននយោបាយព្រហ្មទណ្ឌមួយច្បាស់លាស់ទេ នឹងមានគ្រោះថ្នាក់ដល់ដំណើរការរបស់រដ្ឋ៕

ដកស្រង់ពី៖ Fresh News