បណ្តាញសង្គម

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសន្និសីទធនាគារអាស៊ាន លើកទី២២ និងកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ាន លើកទី៤៩

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងសន្និសីទធនាគារអាស៊ាន លើកទី២២ និងកិច្ចប្រជុំក្រុមប្រឹក្សា ធនាគារអាស៊ានលើកទី៤៩ ដែលនឹងត្រូវរៀបចំឡើង នៅរាជធានីភ្នំពេញ នាចុងខែវិច្ឆិកានេះ។

សន្និសីទប្រចាំតំបន់ ដែលត្រូវធ្វើឡើងប្តូរវេនគ្នាជាមួយសមាជិកអាស៊ានជារៀងរាល់២ឆ្នាំម្តងនេះ នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ «ការតភ្ជាប់នៃសមាគមអាស៊ានត្រឹមឆ្នាំ២០២៥ ស្តីពី ពិភពលោកថ្មីនៃនវានុវត្តភាពបច្ចេកវិទ្យា សម្រាប់វិស័យធនាគារអាស៊ានតែមួយ» (ASEAN Connectivity 2025 - a brave new world of digital innovation for one ASEAN banking sector)» នឹងត្រូវប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែវិច្ឆិកា ហើយត្រូវបានរំពឹងទុកថានឹងប្រតិភូច្រើនជាង៥០០នាក់ មកពីទូទាំងតំបន់។

លោកបណ្ឌិត អ៊ិន ចាន់នី មានថ្លែងថា «នេះគឺជាកត្តិយសដ៏ធំមួយ សម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទដ៏សំខាន់មួយនេះ ដែលនឹងនាំយកសមាជិកសំខាន់ៗ ក្នុងវិស័យធនាគារអាស៊ាន ដើម្បីធ្វើការពិភាក្សាគ្នាជាផ្លូវការ សម្រាប់រយៈពេល៣ថ្ងៃ»។

លោកបានប្រាប់បន្តថា «ខ្ញុំមានមោទនភាពជាពិសេស ខណៈដែលវិស័យធនាគារ បានបង្កើតឲ្យមានការវិវឌ្ឍដ៏ធំអស្ចារ្យនៅកម្ពុជា នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជាពិសេសការចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីជាលើកដំបូង ដែលជួយឲ្យរាល់សេវាហិរញ្ញវត្ថុផ្លូវការទាំងអស់ ស្ថិតក្នុងដៃរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់ពេល និងគ្រប់ទីកន្លែង។

ដោយមានការគាំទ្រ និងការសហការពីសណាក់ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា បានផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនបរិយាប័ន្ន ក្នុងវិស័យហិរញ្ញវត្ថុផ្លូវការផង និងជួយលើកម្ពស់ការប្រើប្រាស់រូបបិយបណ្ណ របស់ប្រទេសយើង គឺប្រាក់រៀលខ្មែរ សម្រាប់រាល់ការធ្វើអាជីវកម្មធំ និងតូចទាំងអស់ជាសារព័ន»។

លោក អ៊ិន ចាន់នី បានបន្ថែមទៀតថា «យើងគិតថា សហសេវិករបស់យើង ដែលមកពីទូទាំងសហគមន៍អាស៊ាន នឹងចែករំលែកបទពិសោធន៍ជាច្រើន ដែលត្រូវសិក្សាអំពីវិធីសាស្ត្រដែលធនាគារកម្ពុជា កំពុងតែប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាការរីកចម្រើនផ្សេងៗ ដើម្បីផ្តល់ជូនផលិតផល និងសេវាកម្មបន្ថែមទៀត ដល់អតិថិជនរបស់ខ្លួនដែលកំពុងកើនឡើងឥតឈប់ឈរ និងដើម្បីធ្វើឲ្យប្រសិទ្ធិភាព តម្លាភាព និងអត្ថប្រយោជន៍នៃការប្រតិបត្តិការណ៍របស់ពួកគេ កាន់តែល្អប្រសើរជាងមុន»។

សន្និសីទនេះ សហការរៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមធនាគារិកអាស៊ាន (ABA) ហើយដែលកាន់តែពិសេសជាងនេះទៅទៀត សន្និសីទនេះ នឹងមានការចូលរួមពី លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគាជាតិនៃកម្ពុជា ដែលជាគណៈអធិបតី និងវាគ្មិនសំខាន់ៗដូចជា លោកស្រី ជា សេរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគាអេស៊ីលីដា ធនាគារកាណាឌីយ៉ា ក.អ ធនាគារស្ថាបនា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ធនាគារវីងនិងវាគ្មិនជាមកពីស្ថាប័នផ្សេងៗជាច្រើនទៀត ចូលមករួមគ្នាពិភាក្សា និងការបង្កើតទំនាក់ទំនង ក្រោមទស្សនទាន និងបទពិសោធស្តីពីនវានុវត្តភាពបច្ចេកវិទ្យា នៃវិស័យធនាគារ។

នៅក្នុងសន្និសីទនេះ ក៏មានអញ្ជើញ អ្នកឯកទេសជំនាញផ្សេងៗគ្នាព្រមទាំងវាគ្មិនកត្តិយសមកពីទូទាំងតំបន់ ដើម្បីធ្វើបទបង្ហាញទៅកាន់ប្រតិភូ លើប្រធានបទដែលមានសារៈសំខាន់ជុំវិញការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងសេវាហិរញ្ញវត្ថុ ដែលអញ្ជើញមកពី សមាគមធនាគារិកអាស៊ាន ធនាការកណ្តាលនៃប្រទេសសិង្ហបុរី សហព័ន្ឋធនាគារហ្វីលីពីន (Union Bank of Philippines) សមាគមធនាគានៃប្រទេសថៃ ធនាគារពិភពលោក (World Bank) សាជីវកម្មហិរញ្ញវត្តុអន្តរជាតិ (IFC) ព្រមទាំងវាគ្មិនកិត្តិយសជាច្រើននាក់ទៀតផងដែរ។

សន្និសីទនេះផងដែរ ក៏បានរៀបចំនូវការពិព័រណ៌ស្តីពីធនាគារ ដែលហៅថា «Banking Expo» ខណៈដែលក្រុមហ៊ុននានា ដែលធ្វើការក្នុងវិស័យធនាគារ នឹងបង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគេ ជូនទៅកាន់អ្នកដែលចូលរួមទាំងអស់។

សន្និសីទនេះ អនុញ្ញាតឱ្យមានការចូលរួមទាំងអស់ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះរាប់បញ្ចូលទាំង ធនាគារិកក្នុងស្រុក និងអន្តរជាតិ ផងដែរ ហើយការចុះឈ្មោះ អាចធ្វើបានតាមរយៈគេហទំព័រ http://events.abc.org.kh/៕

ដកស្រង់ពី៖ Fresh News