បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកគ្រោង ចូលរួមធ្វើសកម្មភាពក្បត់ជាតិ ប្រញាប់ចូលសារភាព ដើម្បីទទួលបានការអនុគ្រោះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវដល់អ្នកដែលគ្រោងចូលរួមធ្វើសកម្មភាពក្បត់ជាតិ ក្នុងផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមការបញ្ជារបស់ទណ្ឌិត សម រង្ស៉ី ដែលជាមេឧទ្ទាមក្រៅច្បាប់ ត្រូវប្រញាប់ចូលទៅសារភាពទោសកំហុស ដើម្បីទទួលបានការអនុគ្រោះ។

ការអំពាវនាវរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្តេចបានអញ្ជើញផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣» នៅសណ្ឋាគារសុខាភ្នំពេញ។

បើតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅពេលនេះមានក្រុមអ្នកប៉ុនប៉ងបង្កចលាចលខ្លះ កំពុងលាក់ខ្លួននៅភ្នំក្រវ៉ាញ ហើយសម្តេចបានប្រាប់អ្នកទាំងនោះ កុំបន្តបង្កភាពចលាចលអ្វីឡើយ។

សម្តេចថែមទាំងបានហៅពួកគេ ឲ្យចូលមកលេងកម្សាន្តសប្បាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែផងដែរ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវអ្នកខ្លះពួននៅភ្នំក្រវ៉ាញ ហើយអ្នកពួននៅភ្នំក្រវ៉ាញឆាប់ចេញមក កុំទៅពួននៅក្នុងហ្នឹងទៀត។

ប្រញ៉ាប់រត់ទៅណា ក្រែងអ្នកឯងជើងខ្លះណាស់អី? មកលេងបុណ្យអុំទូកមក កុំទៅធ្វើសកម្មភាព គេអត់ធ្វើអីអ្នកឯងទេ»។

សម្តេចបានបន្ថែមថា ទណ្ឌិត សម រង្ស៉ី បានដើរហួសបន្ទាប់ក្រហមទៅហើយ ដោយហ៊ានប្រមាថព្រះមហាក្សត្រ ទាមទារឲ្យចាប់ខ្លួននាយករដ្ឋមន្ត្រី និងទាមទារឲ្យព្រះមហាក្សត្រដាក់រាជ្យជាដើម ហេតុនេះអ្នកដែលចូលដៃជាមួយទណ្ឌិត សម រង្ស៉ី ត្រូវតែមានទោស។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ក្រុមមេក្បត់ជាតិរូបនោះ នឹងមិនមកកម្ពុជានោះទេ។ សម្តេចបញ្ជាក់ថា «(សម រង្ស៉ី) ដើរហួសបន្ទាត់ក្រហមហើយ។

អ្នកណាចូលដៃ អ្នកហ្នឹងត្រូវមានទោស។ ចេញសារភាពឲ្យត្រង់ៗមក ហើយបើមិនចេញមកទេ តាមជាប់ត្រង់ណាចាប់យកត្រង់ហ្នឹងតែម្តង»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងពន្យល់ដល់មិត្តភក្តិបរទេសទាំងអស់ ត្រូវយល់ចំពោះសភាពការណ៍កម្ពុជា ដែលពលរដ្ឋកម្ពុជាវេទនាឆ្អែតឆ្អន់ ព្រោះតែពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយទីបំផុតធ្វើការចលនាផ្តួលរលំ។

សម្តេចតេជោ បានរំលឹកថា បើមិនមានសុខសន្តិភាព មិនអាចនិយាយដល់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះឡើយ។ សម្តេចបញ្ជាក់ថា «មិត្តភក្តិបរទេសត្រូវយល់ ព្រោះនេះយើងខ្ញុំត្រូវគ្រប់គ្រងសភាពការណ៍មួយចាំបាច់ ព្រោះយើងខ្ញុំបានទទួលការឈឺចាប់ រាប់ភ្លេចរាប់មិនអស់ទៅហើយ ច្រើនពេកហើយដែលប្រជាជនកម្ពុជា ទទួលនូវការឈឺចាប់ ដោយសារតែអាពាក្យ «ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» បន្ទាប់មកគឺផ្តួលរំលំ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់រាប់លាននាក់។

ឥឡូវយើងខ្ញុំមិនអាចជឿលើអ្វី ដែលជាពាក្យគ្រាន់តែនិយាយប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទេ»។ សម្តេចបន្តថា សិទ្ធិមនុស្សពិតប្រាកដ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិដែលមិនត្រូវទទួលការគំរាមកំហែង ដោយការស្លាប់ ឬក៏ត្រូវរបួស ដោយសង្គ្រាមនោះទេ។ ទម្រាំរកសន្តិភាពបាន កម្ពុជាត្រូវចំណាយសាច់ឈាម រាប់មិនអស់ ដើម្បីធានាឲ្យកម្ពុជាមួយមានការ ឯកភាពទឹកដីលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ៕

ដកស្រង់ពី៖ Fresh News