បណ្តាញសង្គម

សម្តេច សាយ ឈុំ ឧបត្ថម្ភថវិកា និងអង្ករដល់មន្រ្តីចូលនិវត្តន៍ចំនួន ១៤០នាក់ ដែលអញ្ជើញមកពីតាមខណ្ឌនានា ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ តំណាងដ៏ខ្អង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភថវិកា និងអង្ករ ដល់មន្រ្តីចូលនិវត្តន៏ចំនួន ១៤០នាក់ ដែលអញ្ជើញមកពីបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោក យឹម លាង បានផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនមន្រ្តីចូលនិវត្តន៏ចំនួន១៤០នាក់។ លោកបានបញ្ជាក់ជូនមន្រ្តីចូលនិវត្តន៍ចំនួន ១៤០នាក់ថា ឆ្លងតាមការណែនាំរបស់សម្តេចប្រធានព្រឹទ្ធសភា បានផ្តល់ឱកាសឲ្យមានការជួបជុំមន្រ្តីចូលនិវត្តន៍ ១ឆ្នាំ ២ដង ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងការរស់នៅរបស់មន្រ្តីយើង ក្រោយបញ្ជប់តួនាទីជាមន្រ្តីបម្រើជាតិ និងប្រជាជនកន្លងមក។

លោក យឹម លាង បានបន្តឲដឹងទៀតថា ថ្នាក់ដឹកនាំតែងតែយកចិត្តដាក់ដល់មន្រ្តីចូលនិវត្តន៍ ព្រោះមន្រ្តីដែលចូលនិវត្តន៍បានបន្សល់នូវស្នាដៃជាច្រើន ក្នុងការបម្រើជាតិ និងប្រជាជន ដែល បានខិតខំផ្ទេរចំណេះដឹងជាច្រើនដល់មន្រ្តីរាជការជំនាន់ក្រោយ។ សូមបញ្ជាក់ថា នេះជាលើកទី ៤ហើយ ដែលសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឧបត្ថម្ភថវិកា និងអង្ករដល់មន្រ្តីចូលនិវត្តន៍តាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ៕

ដកស្រង់ពី៖ Fresh News