Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា-ចិនចុះកិច្ចព្រមព្រៀង ជំរុញការងារស្រាវជ្រាវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មវៃឆ្លាត

  • បោះពុម្ព

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើឯកសារអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី «ការជំរុញការងារស្រាវជ្រាវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មវៃឆ្លាត» ជាមួយក្រុមហ៊ុនវិទ្យាសាស្រ្តធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion នៃសាធារណរដ្ឋប្រជាមានិតចិន។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោក DU Jiahao សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការគណៈកម្មាធិការ បក្សកុម្មុយនីស្តចិន ខេត្តហ៊ូណាន និងមានការចូលរួមពីលោកថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា វិស័យឯកជន លោក-លោកស្រី និងក្រុមប្រតិភូអញ្ជើញ មកពីខេត្តហ៊ូណាន។

ភ្ជាប់ជាមួយព្រឹត្តិការណ៍នាពេលនេះ លោករដ្ឋមន្ត្រី វេង សាខុន បានរំឭកជូនភ្ញៀវអំពីប្រវត្តិ នៃកិច្ចសហប្រតិបត្តិការការទូតជាផ្លូវការ កម្ពុជា-ចិន ដែលបានចាប់បដិសន្ធិឡើងនៅឆ្នាំ១៩៥៨ ហើយឆ្នាំ២០១៩ គឺជាខួបលើក ទី៦១ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតនេះ ដែលភាគីទាំង២ បានកំណត់ថាជា «ឆ្នាំមិត្តភាពកម្ពុជា-ចិន មិត្តចាស់ មិត្តដែកថែប» ព្រមទាំងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលភាគីទាំងពីរ បានចុះហត្ថលេខានៅឆ្នាំ២០១៣។

លោករដ្ឋមន្ដ្រីបន្ដទៀតថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ បានផ្តល់ផលប្រយោជន៍យ៉ាងធំធេង ដល់ប្រជាជនកម្ពុជា ជាពិសេសគឺបានចូលរួមយ៉ាងសកម្ម ទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ឲ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្នធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមអភិក្រមនិងវិសាលភាពថ្មី។

លោក វេង សាខុន បានលើកឡើងថា ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលផលិតកម្មតាមបែបយថាផល ឈានទៅផលិតកម្មប្រពលវប្បកម្ម លើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ សត្វ និងវារីវប្បកម្ម ដែលមានសក្តានុពល និងមានតម្រូវការទីផ្សារ។

ជាការពិត កត្តាទាំងអស់នេះ គឺជាចលករជំរុញ និងគាំទ្រយ៉ាងពេញលេញ ដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ជូនភ្ញៀវជ្រាបថា ឯកសារអនុស្សរណៈនៃការយោគយល់គ្នា ដែលមានខ្លឹមសារ ដូចបានជម្រាបជូនខាងលើ ប្រាកដណាស់ វានឹងជួយបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ និងជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្តោបន័យជារួមគឺត្រូវធ្វើយ៉ាងណាជំរុញកំណើន កសិកម្ម និងបង្កើនការនាំចេញផលិត ផលកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារ ប្រកបដោយនិរន្តរភាព។

ដោយឡែក ក្នុងក្របខ័ណ្ឌ នៃការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការជំរុញការស្រាវជ្រាវ និងអនុវត្តគ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មនេះ លោករដ្ឋមន្ត្រី វេង សាខុន បានឲ្យអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុនបង្កើតក្រុមការងារ ដើម្បីជំរុញការអនុវត្តសកម្មភាពមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះ ក្រុមហ៊ុនខេមបូឌាន ភ្យូឈ័រ អេឌ្យូខេសិន អេន ឌីជីថល ថេកណឡជី ឯ.ក (CAMBODIA FUTURE EDUCATION AND DIGITAL TECHNOLOGY CO.,LTD) ហៅកាត់ថា ក្រុមហ៊ុន FE ក៏បានចុះហត្ថលេខាលើកិច្ចព្រមពៀង ក្របខ័ណ្ឌលើវិស័យអប់រំ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានក្រុមហ៊ុនជាច្រើនទៀត បានចុះហត្ថលេខាលើកិច្ចព្រមពៀង ជាមួយភាគីកម្ពុជា៕

ដកស្រង់ពី៖ Fresh News