បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រុមជម្រើសជាតិកម្ពុជា U22 ដែលយកឈ្នះទីម័រខាងកើត៥-០ នៅស៊ីហ្គេម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ (U22) ដែលទទួលបានជ័យជម្នះលើកក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល៥-០ ក្នុងចំណោម ២ប្រកួតនៅស៊ីហ្គេម (SEA GAMES) លើកទី៣០ នាប្រទេសហ្វីលីពីន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរសារតាមរយៈ Facebook នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកានេះយ៉ាងដូច្នេះថា៖ «សូមកោតសរសើរដល់ក្រុមបាល់ទាត់ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានទទួលជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតនៅស៊ីហ្គេម (SEA GAMES) លើកទី៣០ នាប្រទេសហ្វីលីពីនហើយ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០ មុននេះបន្ដិចនៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដើម្បីឡើងឈរកំពូលតារាងពូល A បណ្ដោះអាសន្ន»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណប្រជាពលរដ្ឋ និងកូនក្មួយយុវជន ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនានៅតាមទូរទស្សន៍។ សម្តេចសូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជាបានទទួលជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតនៅស៊ីហ្គេម លើកទី៣០ នាប្រទេសហ្វីលីពីនហើយ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០ មុននេះបន្ដិចនៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ដើម្បីឡើងឈរកំពូលតារាងពូល A បណ្ដោះអាសន្ន។

សម្រាប់ប្រកួតទី២ ក្នុងពូលនេះ ក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អនៅតង់ទី១ ពិសេសដើមវគ្គ ដោយកីឡាករ ស៊ិន កក្កដា បានបំប៉ោងសំណាញ់ទីក្រុម U22 ទីម័រខាងកើត ១គ្រាប់មុន នៅនាទីទី៨។

បន្ទាប់ពីកម្ពុជា បានបន្ដដាក់សម្ពាធ តែមិនអាចរកគ្រាប់បាល់បន្ថែមនោះទេ ។

លុះចូលតង់ទី២ ក្រុម U22 កម្ពុជា បានបន្ដដាក់សម្ពាធកាន់តែខ្លាំង រហូតរកបាន ៤គ្រាប់បន្ថែមទៀត ដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី៧០ និងនាទី ៩០+២, សៀង ចន្ធា នៅនាទី៧៨ និង កែវ សុខផេង នៅនាទី៨២ ការទទួលបាន ៣ពិន្ទុថ្ងៃនេះ បានធ្វើឲ្យក្រុម U22 កម្ពុជា បានឡើងទៅឈរកំពូលតារាងពូល A បណ្ដោះអាសន្ន ដោយមាន ៤ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ២ប្រកួត ឈ្នះ១ (ឈ្នះទីម័រខាងកើត) និងស្មើ១(ស្មើហ្វីលីពីន ១-១)។

ចំណែកក្រុម U22 មីយ៉ាន់ម៉ា ក៏មាន ៤ពិន្ទុស្មើកម្ពុជាដែរ ក្រោយពួកគេ យកឈ្នះក្រុមម្ចាស់ផ្ទះ U22 ហ្វីលីពីន ២-១ កាលពីល្ងាចមិញ ហើយក៏ជាប្រកួតទី២ ក្នុងពូលរបស់ពួកគេដែរ ។

គួរបញ្ជាក់ថា បេសកកម្មស៊ីហ្គេមឆ្នាំនេះ សម្រាប់វិញ្ញាសាប្រភេទកីឡាបាល់ទាត់ ក្រុម U22 កម្ពុជា ស្ថិតក្នុងពូល A ជាមួយម៉ាឡេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងម្ចាស់ផ្ទះហ្វីលីពីន ហើយគិតត្រឹមពេលនេះ ក្រុមគោព្រៃកម្ពុជា នៅសល់ ២ប្រកួតក្នុងដៃទៀត ពោលគឺត្រូវជួប U22 មីយ៉ាន់ម៉ា នាថ្ងៃទី០២-ធ្នូ និងជួបក្រុម U22 ម៉ាឡេស៊ី នាថ្ងៃទី០៤-ធ្នូ ដើម្បីកំណត់អំពីជោគវាសនា ក្នុងការប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង លើប្រភេទកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាននេះ៕

 ដកស្រង់ពី៖ Fresh News