បណ្តាញសង្គម

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញពិព័រណ៍រូបភាពរយៈពេល៤០ឆ្នាំ របស់រាជធានីភ្នំពេញ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញពិព័រណ៍រូបភាពរយៈពេល៤០ឆ្នាំ របស់រាជធានីភ្នំពេញ ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋ និងភ្ញៀវបរទេសបានស្វែងយល់ពីការវិវឌ្ឍរបស់រាជធានីភ្នំពេញចេញពីបាតដៃទទេ ហើយមានការអភិវឌ្ឍន៍រីកចំរើនមកដល់សព្វថ្ងៃនេះ។

រូបភាពភាពជាច្រើនផ្ទាំង ដែលពិពណ៌នាអំពីស្ថានភាពរាជធានីភ្នំពេញ ក្នុងរយៈពេល៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៩ នេះត្រូវបានដាក់បង្ហាញជាសាធារណៈប្របតាមដងទន្លេសាប នៅលើផ្លូវថ្មើរជើង ក្រោយសាលសន្និសីទចតុមុខ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានមនុស្សម្នាចូលទស្សនាយ៉ាច្រើនកុះករ។

ពិព័រណ៍រូបភាពនេះ ត្រូវបានផ្សព្វផ្សាយដើម្បីអបអរសាទរ ក្នុងឱកាសដែររាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៩។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ឲ្យដឹងថា ពិព័រណ៍រូបភាពនេះ នឹងធ្វើឲ្យមហាជន បានយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកសន្តិភាព និងការស្ថាបនារាជធានីភ្នំពេញ ព្រមទាំងប្រទេសកម្ពុជាទាំងមូលបានយ៉ាងល្អស្រស់ឆើតឆាយ ចេញពីបាតដៃទទេក្រោយភ្នក់ភ្លើងសង្គ្រាម។

លោក ជែ ប៉ាយ៉េ តំណាងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានកោតសរសើររាជធានីភ្នំពេញ ថារៀបចំពិព័រណ៍រូបភាពនេះបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋនៅតែចង់ចាំពីការដឹកនាំដល់ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យទីក្រុងនេះមានការអភិវឌ្ឍរីកចម្រើនគួរកត់សម្គាល់។

លោកបានបញ្ជាក់ថា រាជធានីភ្នំពេញនឹងក្លាយជាទីក្រុងគំរូសម្រាប់សមាជិកទីក្រុងអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅទ្វីបអាហ្រិកដើម្បីអនុវត្តតាម។

សូមបញ្ជាក់ថា ពិព័រណ៍រូបភាពរយៈពេល៤០ឆ្នាំរបស់រាជធានីភ្នំពេញនេះ ត្រូវបានសម្រិតសម្រាំងរូបភាពរហូតដល់ជាង២ពាន់សន្លឹក ដែលបានមកពីក្រុមផលិតករថតរូបកម្ពុជា និងបរទេស។

គួរំលឹកផងដែរថា នៅរសៀលថ្ងៃទី១ ខែធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានរួមគ្នាសម្ពោធឧបករណ៍កម្សាន្តកុមារនិងឧបករណ៍ហាត់ប្រាណ នៅសួនព្រះនាងប្រាជ្ញបារមី ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ៕

ដកស្រង់ពី៖Fresh News