បណ្តាញសង្គម

សមាជិក​សភា ​បក្ស​ប្រឆាំង ​ប្រកាស​ថា​ នឹង​កោះ​ហៅ​ ឯកឧត្តម ហោ ណាំហុង បំភ្លឺ​រឿង​ខ្មែរ​ក្រោម

ភ្នំពេញ៖ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ គ្រោងកោះហៅ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ចូលបំភ្លឺ ក្នុងរដ្ឋសភា ជុំវិញបញ្ហា ដែលវៀតណាម បំភ្លៃប្រវត្តិសាស្ត្រ។ ការអះអាងនេះ ធ្វើឡើងដោយ សមាជិកគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា មកពី គណបក្សសង្គ្រោះជាតិ នៅក្នុងចំណោម ក្រុមបាតុករ ដែលទាមទារឲ្យ វៀតណាម សុំអភ័យទោស ជាសាធារណៈ នាល្ងាចថ្ងៃទី១២ ខែសីហា។

សមាជិក គណៈកម្មាធិការកណ្ដាល គណបក្សសង្គ្រោះជាតិ បីនាក់ រួមមាន ឯកឧត្តម ម៉ោញ សាផាន ឯកឧត្តម យ៉យ ចំរើន និងឯកឧត្តម អ៊ុំ សំអាន បង្ហាញវត្តមាន ក្នុងបាតុកម្មប្រឆាំងនឹង សម្ដីអ្នកនាំពាក្យស្ថានទូត វៀតណាម នៅខាងមុខ ស្ថានទូតវៀតណាម។

សមាជិកសភា ទើបស្បថរួចថ្មីៗ ឯកឧត្តម អ៊ុំ សំអាន ប្រកាសប្រាប់ ក្រុមបាតុករថា បើវៀតណាម នៅតែមិនសុំទោស ជាសាធារណៈតាមការទាមទារ របស់បាតុករ ហើយក្រសួងការបរទេស កម្ពុជា នៅតែស្ងាត់ច្រៀប ឯកឧត្តម នឹងកោះហៅ ឯកឧត្តម ហោ ណាំហុង មកបំភ្លឺ ក្នុងរដ្ឋសភាតែម្តង។ ឯកឧត្តម បន្តថា ក្រសួងការបរទេសកម្ពុជា ត្រូវតែទទួលខុសត្រូវ ចំពោះប្រយោជន៍ជាតិ ហើយអ្នក ដែលត្រូវប្រតិកម្ម មុនគេនោះ គឺក្រសួងការបរទេស មិនមែនពលរដ្ឋទេ។ ដូចនេះ អ្នកតំណាងរាស្ត្រ នឹងដេញដោល បញ្ហានេះ នៅក្នុងរដ្ឋសភា។

 

 

ចំពោះបាតុកម្មទាមទារ ឲ្យវៀតណាម សុំអភ័យទោស ជាសាធារណៈ ជាលើកទី៣ នៅថ្ងៃទី១២ នេះ ចាប់ផ្ដើមតាំងពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤កន្លះល្ងាច។

 

 

ទាក់ទងនឹង ការធ្វើបាតុកម្ម ប្រឆាំងស្ថានទូតវៀតណាម នេះ មិនត្រូវបាន ស្ថានទូតវៀតណាម បញ្ចេញប្រតិកម្មឡើយ។ 

ដកស្រង់ពី៖ ខ្មែរស្ថាបនា