បណ្តាញសង្គម

រាជរដ្ឋាភិបាលកំពុងរៀបចំផែនការសម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ នៅកម្ពុជា ២០២១-២០៣០

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងផ្តល់យោបល់លើ «សេចក្តីព្រាងផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅកម្ពុជា (Intermodal Transport Master Plan) ២០២១-២០៣០»។

កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩ នាស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី, ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ។

ក្រោមជំនួយហិរញ្ញវត្ថុរបស់ប្រទេសចិន, «សេចក្តីព្រាងផែនការមេ» នេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន China International Engineering Consulting Corporation (CIECC) ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៨ មក ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០ ខាងមុខ ។

មកទល់ពេលនេះ ក្រុមការងារបានបញ្ចប់សេចក្តីព្រាង និងកំពុងដាក់ស្នើសុំយោបល់ និងអនុសាសន៍បន្ថែមពីភាគីពាក់ព័ន្ធ សំដៅកែលម្អឱ្យកាន់តែសុក្រិត និងគ្រប់ជ្រុងជ្រោយ ។

«សេចក្តីព្រាងផែនការមេ» នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញការតភ្ជាប់របស់កម្ពុជា, កាត់បន្ថយថ្លៃដឹកជញ្ជូន និងឡូជីស្ទីក, ជំរុញសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក, បង្កើនភាពប្រកួតប្រជែង និងពិពិធកម្ម សេដ្ឋកិច្ចកម្ពុជា សំដៅធានានិរន្តភាពនៃកំណើនសេដ្ឋកិច្ច ក្នុងកម្រិតឧត្តមានុពល។ «សេចក្តីព្រាងផែនការមេ» នេះ រួមបញ្ចូលផែនការមេចំនួន៧ដែលក្នុងនោះរួមមាន៖

១. ផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ (intermodal transport),

២. ផែនការមេដឹកជញ្ជូនផ្លូវគោក,

៣. ផែនការមេដឹកជញ្ជូនផ្លូវដែក,

៤. ផែនការមេដឹកជញ្ជូនផ្លូវទឹក,

៥. ផែនការមេដឹកជញ្ជូនផ្លូវសមុទ្រ,

៦. ផែនការមេដឹកជញ្ជូនផ្លូវអាកាស និង

៧. ផែនការមេសម្រាប់ប្រព័ន្ធឡូជីស្ទីក ។

ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជា ក៏សម្លឹងឃើញនូវតួនាទីដ៏សំខាន់មួយទៀត របស់ផែនការមេនេះ ដែលជាឯកសារចង្អុលទិស ក៏ដូចជាកំណត់នូវក្របខ័ណ្ឌរួម នៃផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គ្រប់មធ្យោបាយ រួមទាំងប្រព័ន្ធឡូជីស្ទីក ដែលនឹងជួយបង្កើនប្រសិទ្ធភាព វិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅកម្ពុជាផងដែរ ។

ឆ្លងតាមបទបង្ហាញរបស់ ក្រុមការងារបច្ចេកទេស, អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះ «សេចក្តីព្រាងផែនការមេ» ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, មានភាពប្រទាក់ក្រឡា និងស៊ីសង្វាក់រវាងមធ្យោបាយដឹកជញ្ជូនចាំបាច់នានា ជាពិសេសឆ្លើយតបខ្ពស់ទៅនឹងបរិការណ៍កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ។

«សេចក្តីព្រាងផែនការមេ» នេះ បានផ្តល់ជាជម្រើសវិធានការថា ត្រឹមឆ្នាំ ២០៣០ ការដឹកជញ្ជូនផ្លូវគោកនៅតែជាអាទិភាពសម្រាប់កម្ពុជា ប៉ុន្តែត្រូវផ្តោតលើគុណភាពឱ្យច្រើនជាងបរិមាណ ហើយត្រូវបន្តអភិវឌ្ឍការដឹកជញ្ជូនផ្លូវអាកាស, ការដឹកជញ្ជូនផ្លូវសមុទ្រ ព្រមទាំងស្តារ និងពង្រឹងឡើងវិញទៅលើហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ការដឹកជញ្ជូនផ្លូវដែក និងផ្លូវទឹក ។

«សេចក្តីព្រាងផែនការមេ» ក៏បានកំណត់នូវអភិក្រម ៣.៣.៤.២ ដែលជារូបមន្តនៃការតភ្ជាប់របស់កម្ពុជាក្នុងកម្រិតប្រទេស និងតំបន់ ដែលសំដៅលើ៖ របៀងដឹកជញ្ជូនចម្បង ៣ (ភាគពាយព្យ ឬភ្នំពេញ-ប៉ោយប៉ែត, អាគ្នេយ៍ ឬភ្នំពេញ-បាវិត, និរតី ឬភ្នំពេញ-ក្រុងព្រះសីហនុ), របៀងដឹកជញ្ជូនរង ៣ (តំបន់ឆ្នេរ, តំបន់ភាគខាងជើងឈាងខាងកើត និងតំបន់ខាងជើង), ប៉ូលកំណើន ៤ (ភ្នំពេញ, ខេត្តព្រះសីហនុ, សៀមរាប និងបាត់ដំបង), និង ប៉ូលភ្ជាប់កំណើន ២ (ស្វាយរៀង-បាវិត, សិរីសោភណ្ឌ-ប៉ោយប៉ែត) ។

អង្គប្រជុំ ក៏បានផ្តល់នូវអនុសាសន៍ និងការណែនាំសម្រាប់ជាធាតុចូលបន្ថែមក្នុងការកែលម្អ «សេចក្តីព្រាងផែនការមេ» នេះ ដែលក្រុមការងារបច្ចេកទេស នឹងធ្វើការសិក្សាបន្តបន្ថែមទៀត ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានសម្តែងនូវការវាយតម្លៃខ្ពស់ និងអំណរគុយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារបច្ចេកទេសចិន ដែលដឹកនាំដោយលោកស្រី ស៊ឺ សាំងអ៊ីន (She Xiangyun) នាយកគម្រោង សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំ «សេចក្តីព្រាងផែនការមេ» គ្រប់ជ្រុងជ្រោយនេះ ក៏ដូចជា បានថ្លែងអំណរគុណដល់មិត្តចិន ដែលជួយគាំទ្រផ្នែកហិរញ្ញវត្ថុលើការសិក្សានេះ ។

ជាមួយគ្នានេះ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានអង្គប្រជុំ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការសម្របសម្រួលពីគ្រប់ភាគីកម្ពុជាទាំងអស់ ជាពិសេសេ ក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក្នុងដំណើរការនៃការសិក្សាផែនការមេនេះ ។

អង្គប្រជុំ ក៏បានសម្តែងនូវការប្តេជ្ញាខ្ពស់ ក្នុងការបន្តនូវកិច្ចសហការឱ្យកាន់តែខ្លាំងក្លា និងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស ដើម្បីបន្តផ្តល់ធាតុចូលក្នុងការកែលម្អ «សេចក្តីព្រាងផែនការមេ» នេះឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងមានវិសាលភាពអនុវត្តទូលំទូលាយ៕

ដកស្រង់ពី៖ Fresh News