បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន៖ ចំណាត់ការលើអ្នកសារព័ត៌មានអាស៊ីសេរី មិនមែនរឿងផ្សាយព័ត៌មានទេ តែជារឿងថតវីដេអូសិច

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រតិកម្មទៅនឹងការចោទប្រកាន់ថា រាជរដ្ឋាភិបាលរំលោភសិទ្ធិសេរីភាពសារព័ត៌មាន តាមរយៈវិធានការលើអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី។

សម្តេចបានបញ្ជាក់ថា វិធានការលើអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីនោះ គឺមិនមែនពាក់ព័ន្ធនឹងការបំពេញវិជ្ជាជីវៈសារព័ត៌មានទេ ប៉ុន្តែជាចំណាត់ការចំពោះការថតវីដេអូអាសអាភាស (ស៉ិច)។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ CUS ជិត ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកសារព័ត៌មាននេះលើសពីតិរច្ឆានទៅទៀត ប្រពន្ធខ្លួនឯងវាយកទៅឱ្យបរទេសសេពកាម រួចហើយវាអ្នកថតវីដេអូខ្លួនឯង អាហ្នឹងមួយទៅ ចំណែកមួយទៀត វាបានទៅសាហាយជាមួយប្រពន្ធគេមួយ ដែលមានប្តីនៅខេត្តកំពត ហើយវាថតទៀត»។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យមន្រ្តីទទួលបន្ទុកការងារសិទ្ធិមនុស្ស ជាពិសេស លោក កែវ រ៉េមី ពន្យល់ប្រាប់ ទូតបរទេសឱ្យបានច្បាស់អំពីវិធានការរបស់កម្ពុជានាពេលនេះ ដែលមិនមែនជាការំលោភលើសិទ្ធិសេរីភាពសារព័ត៌មានទេ ហើយត្រូវបង្ហាញវីដេអូសកម្មភាព ដែលអ្នកសារព័ត៌មាននោះ បានថតវីដេអូអាសអាភាសជូនមន្រ្តីទូតឱ្យបានឃើញ៕

ដកស្រង់ពី៖ Fresh News