បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ត្រៀមខ្លួនដើម្បីវាយកូនហ្គោលជាមួយ ដូណាល់ ត្រាំ ពេលទៅប្រជុំកំពូលអាស៊ាន-អាមេរិក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចបានត្រៀមខ្លួន ដើម្បីវាយកូនហ្គោលនៅសហរដ្ឋអាមេរិកជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក អំឡុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ ខាងមុខនេះ ប្រសិនបើលើមានពេលវេលាគ្រប់គ្រាន់។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ CUS ជិត ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ។

នៅក្នុងពិធីនេះ សម្តេចបានប្រតិកម្មទៅនឹងមតិរបស់ក្រុមប្រឆាំងមួយចំនួន ដែលកេងចំណេញនយោបាយ ហើយបំផុសថា លោកដូណាល់ ត្រាំ បានដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំបុតរបស់ខ្លួនកាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៩។

សម្តេចបានថ្លែងបញ្ជាក់ថា សំបុតនោះបានធ្វើឡើងដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-អាមេរិក ខណៈដែលកម្ពុជា គឺជាប្រទេសដំបូងគេរបស់អាស៊ាន ដែលបានគាំទ្រកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលអាមេរិកជាម្ចាស់ផ្ទៃ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាចេញមុខមុនគេ ការពារការប្រជុំ អាស៊ានអាមេរិក នៅប្រទេសអាមេរិក ខ្ញុំត្រៀមប្រដាប់វាយកូនហ្គោលទៅហើយ ព្រោះលោកត្រាំ គាត់ពូកែវាយកូនហ្គោល ចង់ ឬមិនចង់ ខ្ញុំទៅអាមេរិកលើកនេះ ខ្ញុំទៅវាយកូនហ្គោលឱ្យបាន ព្រោះទៅអាមេរិកច្រើនដងហើយអត់បានវាយកូនហ្គោលទេ លើកនេះទៅវាយកូនហ្គោល បើលោកត្រាំ មានពេលនឹងបានវាយ»។

សម្តេចបានថ្លែងថា នៅតំបន់អាស៊ានមានមេដឹកនាំតែ២នាក់ប៉ុណ្ណោះ ដែលនឹងវាយកូនហ្គោល នៅសហរដ្ឋអាមេរិកនាពេលខាងមុខនេះ នោះគឺ លោកថោងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្តេចបានរំលឹកថា នាពេលកន្លងទៅ លោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានធ្លាប់បញ្ជាក់ថា លោកដូណាល់ ត្រាំ អាចវាយកូនហ្គោល បានយ៉ាងខ្លាំងពូកែ។

សូមបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមខែវិច្ឆិកា បានផ្ញើលិខិតមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីអញ្ជើញសម្តេចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅឆមាសទី១ ឆ្នាំ២០២០ ខាងមុខនេះ។

លិខិតអញ្ជើញរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយ លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព នាល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩៕

ដកស្រង់ពី៖ Fresh News