បណ្តាញសង្គម

កម្ពុជាប្រាប់ពិភពលោកថា អាវុធគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ ជាបញ្ហាគ្រោះថ្នាក់ និងប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពជីវិតមនុស្ស បរិស្ថាន និងសង្គមជាតិទាំងមូល

(ឥណ្ឌូណេស៊ី)៖ លោកឧត្តមសេនីយ៍ឯកបណ្ឌិត សៅ សុវណ្ណី អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី បានថ្លែងថា អាវុធគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN) ជាបញ្ហា គ្រោះថ្នាក់ និងប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពជីវិតមនុស្ស បរិស្ថាន និងសង្គមជាតិទាំងមូល។

លោកថា ប្រសិនបើសារធាតុទាំងអស់នោះ មានការជួញដូរ ចែកចាយ និងផលិតជាអាវុធខុសច្បាប់ដោយក្រុមភេរវករ និងជនល្មើស នោះជាហានិភ័យបណ្តាលឲ្យមានក្តីបារម្ភទៅលើបញ្ហា អស្ថិរភាព និងអសន្តិសុខសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាលើសកលលោកផងដែរ។

ការថ្លែងបែបនេះ នៅក្នុងឱកាសលោក សៅ សុវណ្ណី តំណាងនាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិអាវុធគីមី បានចូលរួមកិច្ចប្រជុំ National Focal Points Steering Committee and Project 61 (17th CBRN) នៅទីក្រុងប៊ូហ្គរ ប្រទេសឥណ្ឌូណេស៊ី ដែលមានប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសនៅសកលលោកបានចូលរួមកិច្ចប្រជុំនេះ។

នៅកិច្ចប្រជុំនេះប្រតិភូអមដំណើរមានការចូលរួមពីលោកឧត្តមសេនីយ៍ទោបណ្ឌិត អឿ ចាន់ណា អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋាន អាជ្ញាធរអាវុធគីមី ទទួលបន្ទុកកិច្ចការអន្តរជាតិ និង លោកវរសេនីយ៍ឯកបណ្ឌិត អ៊ី រតនា ជំនួយការអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ទទួលបន្ទុកផ្នែក CBRN។

លោកឧត្តមសេនីយ៍ឯកបណ្ឌិត សៅ សុវណ្ណី បានថ្លែងថា គម្រោងនេះផ្តួចផ្តើមរៀបចំឡើងដោយសហគមន៍អឺរ៉ុប Centres of Excellence ដើម្បីសម្រេចបាននូវសុវត្ថិភាព និងសន្តិសុខនៅតំបន់អាស៊ី អាគ្នេយ៍ និងលើសកលលោក។ កម្មវិធីកិច្ចប្រជុំនេះមានរយៈពេល ៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ឯកបណ្ឌិត សៅ សុវណ្ណី បានថ្លែងបន្តទៀតថា «គោលបំណង នៃគម្រោងនេះ ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព និងសន្តិសុខដែលជាប្រធានបទក្តៅ ទាមទារឲ្យបណ្តាប្រទេសនៅ តំបន់ អាស៊ីអាគ្នេយ៍ និងលើសកលលោកអនុវត្តច្បាប់ជាតិ និងច្បាប់អន្តរជាតិរបស់ UN Res 1540 ដែលជាបទប្បញ្ញតិ

នៃអនុសញ្ញា និងសន្ធិសញ្ញាសម្រាប់ការចូលរួមការពារទប់ស្កាត់ ការរាវរកការត្រៀម និងការឆ្លើយតប។ គម្រោងនេះនឹងមិនត្រឹមតែគ្រប់គ្រងហានិភ័យ (CBRN) ឱ្យបានត្រឹមត្រូវឡើងវិញប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងយកបញ្ហា CBRN ដែលកំពុងកើតឡើងនៅតាមប្រទេសមួយចំនួនលើសកលលោក ដើម្បីចូលរួមអនុវត្តច្បាប់ គោរពច្បាប់ជាតិ និងអន្តរជាតិអនុសញ្ញា និងសន្ធិសញ្ញា។

លោកបន្តទៀតថា បញ្ហាគីមីដែលមានការផលិត និងកែច្នៃ ឬនាំចូលតាមព្រំដែនពីបណ្តាប្រទេសផ្សេងៗ ដើម្បីផ្គត់ផ្គង់ទៅលើវិស័យឧស្សាហកម្ម កសិកម្ម សិប្បកម្ម មន្ទីរពេទ្យ និងកាកសំណល់គីមី

មានការកើនឡើងជាលំដាប់ និងមានការប្រើប្រាស់ខុសលក្ខណៈបច្ចេកទេស ដែលផ្ទុយទៅនឹងការអនុវត្តខុសទៅនឹងច្បាប់ជាតិ-អន្តរជាតិរបស់អង្គការហាមឃាត់អាវុធគីមី (OPCW) វាជាហានិភ័យនាំឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន ហើយទាមទារឲ្យប្រទេសនីមួយៗ មានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីមានវិធានការការពារ និងទប់ស្កាត់។

លោកបានបញ្ជាក់ថា បញ្ហាជំងឺរាតត្បាតដែលជាមេរោគ អាចបង្កើតទៅជាអាវុធដើម្បីបំផ្លាញសុខភាព និងសម្លាប់មនុស្សមានដូចជា មេរោគ Ebola និង Enthrax។ល។

រីឯបញ្ហាគ្រោះមហន្តរាយ ធម្មជាតិ គឺជាហានិភ័យដែលនាំឲ្យប៉ះពាល់ដល់រោងចក្រ ដែលដើរដោយថាមពលនុយក្លេអ៊ែរ ឬសារធាតុគីមី។ល។ ហើយវាជះឥទ្ធិពលដល់សុខភាពសាធារណៈជីវិតមនុស្ស បរិស្ថាន និងសង្គមជាតិទាំងមូល ដូច្នេះត្រូវទាមទារឲ្យប្រទេសនីមួយៗ មានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ដើម្បីមានវិធានការការពារ និងទប់ស្កាត់។

លោកថា ការចូលរួមពីបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោកដែលជាសមាជិករបស់អង្គការសហប្រជាជាតិ ពិតជាមានសារៈសំខាន់ណាស់ក្នុងការអនុវត្តច្បាប់គោរពច្បាប់ជាតិ និងអន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញា នៃការហាមឃាត់អាវុធគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN) ដើម្បីឲ្យតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោកមានសុខសន្តិភាព ស្ថិរភាព និងប្រកបដោយចីរភាពជានិរន្តរ៍៕

ដកស្រង់ពី៖ Fresh News