បណ្តាញសង្គម

ពិធីបំពាក់ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ ជូននាយនគរបាល ជាន់ខ្ពស់ ៧៣រូប នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ បានប្រារព្ធ ពិធីបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាល ជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

អញ្ជើញចូលរួម ក្នុងពិធីនេះមាន ឯកឧត្តម អគ្គស្នងការរង, ឯកឧត្តម ប្រធាន អនុប្រធាន នាយកដ្ឋានកណ្តាល, ឯកឧត្តម ប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះឲ្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ ផងដែរ ៕

លោក ឧត្តមសេនីយ៍ទោ ប៉ុល សុគន្ធ អនុប្រធាន នាយកដ្ឋាន បុគ្គលិក បានឡើងអាន ព្រះរាជក្រឹត្យ និងអនុក្រឹត្យ ស្តីពីការតម្លើងឋានន្តរស័ក្តិ ជូននាយនគរបាល ជាន់ខ្ពស់ ក្នុងនោះមាន ថ្នាក់ ឧត្តមសេនីយ៍ឯក ចំនួន ១៨នាក់, ថ្នាក់ ឧត្តមសេនីយ៍ទោ ចំនួន ១៥នាក់ និងថា្នក់ ឧត្តមសេនីយ៍ត្រី ចំនួន ៤០នាក់ ។

បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ អគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលទើបបាន តម្លើងឋានន្តរស័ក្តិ នាឱកាសនេះ បានឡើង ធ្វើការប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ច ឲ្យបានកាន់តែល្អ និងមានប្រសិទ្ធភាពខ្ពស់ ជូនជាតិមាតុភូមិ ក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយជាពិសេស ការពាររដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ ។

ឯកឧត្តម ប្រធានសេនាធិការ ក៏បានថែ្លងអំណរគុណ ជូនក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែ យកចិត្តទុកដាក់ និងលើកសរសើរ តាមរយៈ ការតម្លើងឋានន្តរស័ក្តិ ជូននាយនគរបាលយើង ។

នាឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានមានប្រសាសន៍ផ្ដាំផ្ញើដល់ នាយនគរបាល ជាន់ខ្ពស់ ដែលទើបបានតម្លើង ឋានន្តរស័ក្តិ នាពេលនេះ ត្រូវធ្វើយ៉ាងណា ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ហើយត្រូវខិតខំបំពេញ ភារកិច្ចឲ្យបានល្អ ជូនអគ្គស្នងការដ្ឋាន នគរបាលជាតិ និងក្រសួងមហាផ្ទៃ ពិសេសមិនត្រូវ យកបុណ្យស័ក្តិ ដែលទើបបំពាក់ នាឱកាសនេះ ទៅប្រព្រឹត្ត អំពើខុសឆ្គង ដែលផ្ទុយពីច្បាប់ឡើយ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ក៏បានមានប្រសាសន៍ ជូនពរដល់នាយនគរបាល ទាំងអស់ សូមឲ្យទទួលបាន សុខភាពល្អ និងទទួលបានជោគជ័យ លើគ្រប់ភារកិច្ច ដែលអគ្គស្នងការ នគរបាលជាតិ ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ប្រគល់ជូន ។

បន្ទាប់ពីពិធីបំពាក់ ឋានន្តរស័ក្តិ រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានប្រគល់ម៉ូតូចំនួន ៨០គ្រឿង ក្នុងនោះនាយកដ្ឋាន នគរបាល ទេសចរណ៍ ទទួលបានម៉ូតូចំនួន ៤០គ្រឿង, នាយកដ្ឋាន សណ្តាប់ធ្នាប់ ចំនួន ១០គ្រឿង និងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន ៣០គ្រឿង ៕

ដកស្រង់ពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ