បណ្តាញសង្គម

អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ កម្ពុជា បញ្ជាក់ថា ពាក្យសំដី អ្នកនាំពាក្យ ស្ថានទូតវៀតណាម មិនអាចបំភ្លៃ ប្រវត្តិសាស្រ្ត បានឡើយ

ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាស៤ ខៀវ សុភ័គ បានថ្លែងថា ចំពោះការលើកឡើងរបស់ លោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យ ស្ថានទូតវៀតណាម ប្រចាំកម្ពុជា ថាទឹកដីខ្មែរក្រោម ភាគខាងត្បូង វៀតណាម ជារបស់វៀតណាម តាំងពីរយូរមកហើយនោះ មិនអាចបំភ្លៃពីប្រវត្តិសាស្រ្ត ការពិតបានឡើយ។

ឯកឧត្តម ខៀវ សុភ័គ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ថា «អ្វីដែល អ្នកនាំពាក្យវៀតណាម និយាយនោះមិនអាច បំភ្លៃពីប្រវត្តិសាស្រ្ត ការពិតបានឡើយ យើងដឹងហើយថា ទឹកដីកម្ពុជា ក្រោមទឹកដី របស់វៀតណាមខាងត្បូង តាំងពីដើម គេហៅថា កូសាំងស៊ីន មានន័យថា អ្នកម្នាងទី៩សុំ សុំពីអ្នកណាសុំពី ស្តេចខ្មែរ គឺព្រះបាទជ័យជេដ្ឋា ទី២»។

ឯកឧត្តម បន្តថា កុំគិតថា មិនមែនអ្នកដែល មិនចូលរួមធ្វើបាតុកម្ម អត់ស្រឡាញ់ជាតិ គឺស្រឡាញ់ ប្រទេសជាតិដូចតែ គ្នាទាំងអស់ហ្នឹង។ ឯកឧត្តម ថា ចំពោះការលើកឡើង របស់ក្រុមបាតុករថា នឹងដុតស្ថានទូតវៀតណាម នោះមិនអាច ទៅរួចនោះទេ ព្រោះច្បាប់អន្តរជាតិ-ជាតិ គេមិនអនុញ្ញាតឡើយ។

ឯកឧត្តម បន្ថែមថា ដោយសារតែ មានកំហឹងបែបនេះ ហើយបានជា កាលពីអំឡុង ឆ្នាំ២០០០ ប្រជាពលរដ្ឋខ្មែរ បាន នាំគ្នាដុតស្ថានទូតថៃ នៅភ្នំពេញ ដែលធ្វើឲ្យរាជរដ្ឋាភិបាល កម្ពុជា ចំណាយថវិកា ជាច្រើនសងទៅ ប្រទេសគេវិញ ចំពោះការខូចខាត សំភារៈនានា។

សូមបញ្ជាក់ថា ក្រុមអ្នកតវ៉ា ព្រះសង្ឃ ពលរដ្ឋ និងយុវជនខ្មែរក្រោម បាននាំគ្នាធ្វើ បាតុកម្មចំនួន លើកទី៣ ដើម្បី ដាក់សម្ពាធឲ្យ អ្នកនាំពាក្យស្ថានទូត វៀតណាម និយាយសុំទោស ជាសាធារណៈ ជុំវិញពាក្យសំដីរបស់ខ្លួន ដែល បានលើកឡើងថា ទឹកដីខ្មែរក្រោម ជារបស់វៀតណាម ហើយបាតុកម្មលើកទី៣ នេះមាន រយៈពេល៣ថ្ងៃ ប៉ុន្តែមិនបាន ទទួលបានលទ្ធផល ផ្លៃផ្កាអ្វីឡើយ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រធានសមាគមខ្មែរ កម្ពុជាក្រោម លោក ថាច់ សេដ្ឋា នឹងដឹកនាំធ្វើបាតុកម្ម នៅពេលខាងមុខ បន្តទៀត ដែលមានលក្ខណៈ ជាទ្រង់ទ្រាយធំតែម្តង នៅទូទាំងប្រទេស ប្រសិន បើមិនមាន ចម្លើយវិជ្ជមាន ពីខាងក្រសួងការបរទេស ខ្មែរ។

សំណេរប្រវត្តិសាស្រ្ត លើពិភពលោក បានកត់ត្រាយ៉ាងច្បាស់ថា ទឹកដីភាគខាងត្បូងរបស់ ប្រទេសវៀតណាម ប្រមាណ ២១ ខេត្ត-ក្រុង នាពេលបច្ចុប្បន្ននេះ គឺបានមកពីការកាត់ទៅឲ្យ របស់រដ្ឋាភិបាល បារាំង ពេលដាក់ អាណានិគម លើប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយគ្មាន ការព្រមព្រៀងពីខ្មែរ ដែលជា ម្ចាស់ស្រុកនោះឡើយ។ ផ្ទៃដីដែល កាត់ចេញនេះ មានទំហំ ជាង ៦៨ពាន់គីឡូ ម៉ែត្រក្រឡា (៦៨.៩៦៥ គីឡូ ម៉ែត្រក្រឡា) ៕

ដកស្រង់ពី៖ ដើមអម្ពិល