បណ្តាញសង្គម

រដ្ឋាភិបាលវៀតណាម ផ្ញើសារជូនសម្តេចតេជោ ចូលរួមរំលែកទុក្ខចំពោះករណីរលំអគារនៅខេត្តកែប បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស៥៩នាក់

(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ្វូក ( Nguyen Xuan Phuc ) បានផ្ញើសារចូលរួមរំលែកទុក្ខជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសារជនរងគ្រោះ ចំពោះករណីបាក់រលំអគារនៅខេត្តកែប កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ កន្លងទៅ ដែលបណ្តាលឱ្យមាន មនុស្សស្លាប់ និងរបួស៥៩នាក់។

ក្នុងលិខិតផ្ញើជូន សម្ដេចតេជោ ហ៊ុន សែន, លោក ង្វៀន សួនហ្វូក បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានការរំជួលចិត្ត យ៉ាងខ្លាំងនៅពេលដែលបានទទួលព័ត៌មានថា សំណង់៦ជាន់នៅខេត្តកែបរលំ បង្កការខូចខាតជាច្រើនអំពីអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិ។

តាងនាមអោយរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខ្ញុំសូមផ្ញើសេចក្តីសាកសួរសុខទុក្ខជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី បណ្ដាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល ថ្នាក់ដឹកនាំ ខេត្តកែប និងក្រុមគ្រួសារជនរងគ្រោះ នូវសេចក្ដីសាកសួរសុខទុក្ខកក់ក្តៅ និងជ្រាលជ្រៅបំផុត។

ខ្ញុំជឿជាក់យ៉ាងម៉ត់មាំថា ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រជាជនកម្ពុជានឹងរួចផុតពីការលំបាកនេះយ៉ាងឆាប់រហ័ស»។

ព្រមជាមួយគ្នានេះដែរ លោក ផាម ប៊ិញមិញ (Pham Binh Minh ) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ក៏បានផ្ញើសារជូន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។ ចំណែក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក វូ ក្វាងមិញ ( Vu Quang Minh ) បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។

លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការសង្គ្រោះរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តកែប។

ព្រមទាំងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការសង្គ្រោះ និងការជួយឧបត្ថម្ភបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តកែប ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលបានពុះពារជំនៈរាល់ការលំបាក ដើម្បីជួយសង្រ្គោះប្រជាជនដែលបានជួបគ្រោះថ្នាក់រលំអាគារ៦ជាន់នៅក្នុងខេត្តកែប។

សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។

ករណីរលំអគារនេះ បណ្តាលឱ្យមានមនុស្សស្លាប់៣៦នាក់ (ស្រី១៤នាក់) និងរងរបួសធ្ងន់ស្រាល២៣នាក់ (ប្រុស១៥ ស្រី៨នាក់)។ អគាររលំបាក់នេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។

សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩៕

ដកស្រង់ពី៖ Fresh News