បណ្តាញសង្គម

សេចក្តីព្រាងច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី អ្នកបើកបរស្រវឹងខ្លាំង ពិន័យពី ៨០ម៉ឺន ទៅ ៤លានរៀល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ តាមទំព័រហ្វេសប៊ុក របស់ឯកឧត្តម បានថ្លែងថា សេចក្តីព្រាងច្បាប់ថ្មី ស្តីពីចរាចរណ៍ផ្លូវគោក អ្នកបើកបរ ដែលមានភាពស្រវឹងខ្លាំង ចាប់ពី ០.៤០ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ នឹងត្រូវពិន័យពី ៨០ម៉ឺន ទៅ៤លានរៀល។

តាមរយៈ សេចក្តីព្រាងច្បាប់ថ្មី ស្តីពីចរាចរណ៍ផ្លូវគោកនេះ ឯកឧត្តម រដ្ឋមន្រ្តី បានសម្តែងក្តីរំពឹងថា «នឹងមានការថមថយ ខ្លះមើលទៅ»។

សូមបញ្ជាក់ថា ច្បាប់ចរាចរផ្លូវគោក ដែលកំពុងមានជាធរមាន នៅកម្ពុជា ត្រង់មាត្រា៧៦ បានចែងថា អ្នកបើកបរពេលស្រវឹង ត្រូវពិន័យជាប្រាក់ពី ២៥.០០០រៀល ដល់ ១.០០០.០០០រៀល។

សេចក្តីព្រាងច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ដែលមានការពិន័យធ្ងន់ធ្ងរ ដល់អ្នកបើកបរ ពេលស្រវឹងខ្លាំងនេះ ធ្វើឡើង ក្នុងបំណងកាត់បន្ថយ គ្រោះថ្នាក់ចរាចរ ដែលកំពុងកើតមាន ជារៀងរាល់ថ្ងៃ បណ្តាលឲ្យអ្នកដំណើរ ជាច្រើននាក់ស្លាប់ និងរបួស។ ក្នុងនោះជាមធ្យម ក្នុងមួយថ្ងៃមនុស្ស ៥នាក់  បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ លើដងវិថី។

គ្រោះថ្នាក់ចរាចរទាំងនេះ ត្រូវបានគេរកឃើញថា បញ្ហាមួយផ្នែកធំ គឺផ្តើមចេញពី ការសេពគ្រឿងស្រវឹង៕