បណ្តាញសង្គម

រដ្ឋមន្រ្តី វង សូត ប្តេជ្ញាអភិវឌ្ឍន៍មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពបន្ទាយព្រាប ឲ្យក្លាយជាមជ្ឈមណ្ឌលជាតិជួយជនមានពិការភាព

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពបន្ទាយព្រាប ឲ្យក្លាយជាមជ្ឈមណ្ឌលជាតិសម្រាប់ជួយជនមានពិការភាព។

លោករដ្ឋមន្រ្តីបានបន្ថែមថា ទីតាំងនេះនឹងក្លាយជាមជ្ឈមណ្ឌលជាតិ ដែលមានកំរិតស្តង់ដាមួយ សម្រាប់ផ្តល់សេវា និងផ្តល់ផលប្រយោជន៍ ដល់បងប្អូនជនមានពិការភាព ឱ្យកាន់តែទូលំទូលាយ ជាពិសេសក្នុងគោលបំណងលើកមុខមាត់ ជនមានពិការភាព ដើម្បីមានលទ្ធភាពចូលរួម ក្នុងការអភិវឌ្ឍសង្គមជាតិ ឱ្យស្របទៅនឹងសង្គម ដែលពោពេញទៅដោយ សុខសន្តិភាព នឹងការអភិវឌ្ឍនាបច្ចុប្បន្ន។

ការលើកឡើងរបស់លោក វង សូត បានធ្វើឡើងខណៈលោកបានអនុញ្ញាតឲ្យប្រតិភូអង្គការជេស្វីតសឺវិស (JSC) ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នាទីស្តីការក្រសួងសង្គមកិច្ច។ ក្នុងជំនួបពិភាក្សានេះ លោក អូអីន ដុង អ្នកសម្របសម្រួលអង្គការ JSC បានស្នើឱ្យខាងក្រសួងសង្គមកិច្ច ជួយរក្សាទីតាំងរបស់អង្គការនៅដដែល និងជួយសម្រួលការសាងសង់ ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់សេវាជួនជនពិការ។

ជាការឆ្លើយតប រដ្ឋមន្រ្តី វង សូត មានទស្សនវិស័យវែងឆ្ងាយ គិតគូរដល់សុខមាលភាព និងជីវភាពបងប្អូនពិការ ក្រសួងនឹងរក្សាទីតាំងរបស់អង្គការ JSC ឱ្យនៅដដែល នឹងឲ្យក្រុមកាងារសាសង់ធ្វើយ៉ាងណាឱ្យអគារបណ្តុះបណ្តាល សម្រាប់ជនមានពិការភាពជាអាទិភាព។ ជាមួយនោះ លោក វង សូត ក៏បានថ្លែអំណរអគុណអង្គការ JSC តែងតែជួយដល់វិស័យពិការភាពកន្លងមក និងសូមឱ្យអង្គការរក្សា និងបន្តសកម្មភាពរបស់ខ្លួនបន្តទៀត។

លោកបានប្រាប់បន្តថា កុំឲ្យមានការព្រួយបារម្ភណ៍ពីការអភិវឌ្ឍទីតាំងថ្មីនេះអី ព្រោះថាការអភិវឌ្ឍនេះ គឺក្នុងគោលបំណងគិតគូរដល់សុខមាលភាព និងជីវភាពបងប្អូនពិការ ឱ្យមានភាពប្រសើឡើងថែមមួយកំរិតទៀតនោះ។

លោក វង សូត បានលើកឡើងថា នឹងអភិវឌ្ឍតំបន់នេះឲ្យក្លាយទៅជាមជ្ឈមណ្ឌលជាតិមួយ ដែលមានកំរិតស្តង់ដាមួយ សម្រាប់ផ្តល់សេវា និងផ្តល់ផលប្រយោជន៏ដល់បងប្អូនជនពិការ ឱ្យកាន់តែទូលំទូលាយ ជាពិសេសក្នុងគោលបំណងលើកមុខមាត់ជនពិការ ដើម្បីមានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ និងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ថា មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពបន្ទាយព្រាប ខេត្តកណ្តាល មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាលមានចំងាយប្រមាណ២៣គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងចំងាយពីទីរួមខេត្តកណ្តាលប្រមាណ៤០គីឡូម៉ែត្រ។

មណ្ឌលនេះ មានអគារចំនួន១១ខ្នង និងមានគ្រូបង្រៀនចំនួន២១នាក់ ស្រី៨នាក់ និងបុគ្គលិកចំនួន១០នាក់ ស្រី៤១នាក់ ក្នុងនោះបុគ្គលិកជាជនបរទេសចំនួន៧នាក់ស្រី៥នាក់ គ្រូ បុគ្គលិកក្របខណ្ឌរដ្ឋ២៤នាក់ស្រី៩នាក់ និងបុគ្គលិកក្របខណ្ឌរដ្ឋនៃមន្ទីរសង្គមកិច្ចខេត្ត០១រូបទទួលជាប្រធានមណ្ឌល។

នៅក្នុងមណ្ឌលមានការបង្រៀន លើមុខជំនាញមួយចំនួនរួមមានកសិកម្ម ផ្នែកអេឡិចត្រូនិច ជាងម៉ាស៊ីន ជាងកាត់ដេរ ផ្នែកខ្សោយសតិបញ្ញា រៀនជួសជុលទូរស័ព្ទ និងផ្នែកសំអាងខ្នាតតូច៕

ដកស្រង់ពី៖ Fresh News