បណ្តាញសង្គម

រាជរដ្ឋាភិបាលកម្ពុជា កំពុងកសាងគោលនយោបាយគ្រប់គ្រងសំរាម និងកាកសំណល់រឹងនៅទីប្រជុំជន

(ភ្នំពេញ)៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងកសាង នូវសេចក្តីព្រាងគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-២០២៨ ក្នុងបំណងដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីប្រែក្លាយប្រទេសកម្ពុជា ឱ្យមានសោភ័ណភាព បរិស្ថានស្អាត និងអនាម័យល្អ ប្រកបដោយភាពទាក់ទាញ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពី

«សេចក្តីព្រាងគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-២០២៨ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា ៤ មាត្រា៨ និងមាត្រា ១០ នៃអនុក្រឹត្យលេខ ២៣៨ អនក្រ.បក ចុះថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ស្តីពីការបង្កើតមូលនិធិបរិស្ថាន និងសង្គម»

ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើនេះបានបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នេះគឺជាកិច្ចការបន្ទាន់ និងប្រកបដោយសារវន្ត ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនាពេលបច្ចុប្បន្ន

ក៏ដូចជាពេលអនាគត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ សោភ័ណភាពទីប្រជុំជន និងការពារប្រព័ន្ធអេកូឡូស៊ី ដែលជាឧត្តមប្រយោជន៍ជាតិ។ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការរៀបចំ

«សេចក្តីព្រាងគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-២០២៨» មានគោលបំណងដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីប្រែក្លាយប្រទេសកម្ពុជាឱ្យមានសោភ័ណភាព បរិស្ថានស្អាត និងអនាម័យល្អ ប្រកបដោយភាពទាក់ទាញ។ «សេចក្តីព្រាងគោលនយោបាយ»

នេះ នឹងត្រូវបានគំាទ្រ និងអនុវត្តតាមការកំណត់ក្របខណ្ឌយុទ្ធសាស្ត្រគន្លឹះសំខាន់ៗ ដូចខាងក្រោម៖

*កំណត់ក្របខណ្ឌលិខិតបទដ្ឋានគតិយុត្ត ក្របខណ្ឌការងារ និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធនានា លើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

* រៀបចំឱ្យមានយន្តការ និងវិធានការ បច្ចេកទេស បច្ចេកវិទ្យា និងធនធាន សម្រាប់ការគ្រប់គ្រង និងគាំទ្រលើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

* ជំរុញ និងលើកទឹកចិត្តការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

* បង្កើតឱកាសវិនិយោគដល់វិស័យឯកជន លើការផ្តល់សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

* លើកកម្ពស់ការចូលរួម គាំទ្រ ពីសាធារណជន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការអនុវត្ថកាតព្វកិច្ចគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយសុវត្ថិភាពបរិស្ថាន និង

* លើកកម្ពស់ការអប់រំផ្សព្វផ្សាយ និងជំរុញឱ្យមានការចូលរួមពីសាធារណជន។

ចំណែកឯសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការកែសម្រួលមាត្រា ៤ មាត្រា ៨ និងមាត្រា ១០ នៃអនុក្រឹត្យលេខ ២៣៨ អនក្រ.បក ចុះថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ស្តីពីការបង្កើតមូលនិធិបរិស្ថាន និងសង្គម» មានគោលបំណង កែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធ នៃការគ្រប់គ្រងរបស់មូលនិធិបរិស្ថាន និងសង្គម តាមរយៈការកំណត់ប្រភពចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ រួមមាន៖

(១.) សមាសភាពរបស់គណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម

(២.) ប្រភពចំណូលរបស់មូលនិធិបរិស្ថាន និងសង្គម និង

(៣.) សកម្មភាពដែលអនុញ្ញាត ឱ្យប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារនៃក្រសួងបរិស្ថាន ដែលបានរៀបចំសេចក្តីព្រាងទាំងពីរ ដ៏មានសារៈសំខាន់នេះ

និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងបានផ្តល់ជាធាតុចូល សម្រាប់កែលម្អបន្ថែមលើសេចក្តីព្រាងទាំងពីរនេះ៕

ដកស្រង់ពី៖ Fresh News