បណ្តាញសង្គម

គណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាង​ ព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ភ្នំពេញ៖ សេចក្តីព្រាង ព្រះរាជក្រឹក្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ត្រូវបាន គណៈរដ្ឋមន្រ្តីធ្វើ ការអនុម័តហើយ នេះបើយោង តាមគេហទំព័រ ទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យ និងរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី។

សេចក្តីព្រាងនេះ បានរៀបចំឡើង ដើម្បីបម្រើឲ្យ ផែនការមេ ស្តីពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលកន្លងមក ក្រសួងបានរៀបចំ ផែនការមេ មានកិច្ចសហការ និងការគាំទ្រ ពីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ នៃសាធារណរដ្ឋកូរ៉េ (KOICA) ដើម្បីបង្កើតជា ក្របខណ្ឌរួម នៃទស្សនៈវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងការជំរុញ ជាជំហាននូវផលិតភាព។

គោលបំណង និងដំណើរការ នៃការរៀបចំ ព្រះរាជ្យក្រឹត្យនេះ បទពិសោធន៍ នៃប្រទេស ជាច្រើនបានបង្ហាញថា ការជំរុញលើកកម្ពស់ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា អាចជួយដល់ការបង្កើន ប្រសិទ្ធិភាពការងារ ផលិតភាព តម្លៃបន្ថែម ដែលទាំងនោះអាច ធ្វើឲ្យសេដ្ឋកិច្ចមួយ ឆ្លងផុតពីអន្ទាក់ នៃភាពជាអ្នកមាន ចំណូលមធ្យម និងលើកស្ទួយ ជីវភាពសង្គម និងគុណភាព នៃជីវិតរបស់ ប្រជាជន។ ក្នុងន័យនេះ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នឹងមានតួនាទីដ៏សំខាន់ ជាពិសេស នៅក្នុងបរិការណ៍ មួយដែលការជំរុញ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម - សេដ្ឋកិច្ច របស់កម្ពុជា ត្រូវគិតគូរដល់ ភាពប្រកួតប្រជែង ដ៏ខ្លាំង នៅក្នុង សេដ្ឋកិច្ចសកល និង ភាពចាំបាច់នៃ ការប្រើប្រាស់សេដ្ឋកិច្ច ពុទ្ធិសម្រាប់ ការងារអភិវឌ្ឍ។

សេចក្តីព្រាង ព្រះរាជក្រឹត្យនេះ ត្រូវបានរៀបចំឡើង ដោយមានជំនួយ ពីអ្នកច្បាប់ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃ សាធារណរដ្ឋកូរ៉េ ដែលជាប្រទេស មានការអភិវឌ្ឍ ប្រកបដោយជោគជ័យ យ៉ាងធំធេង និងឆាប់រហ័ស លើគ្រប់វិស័យ បន្ទាប់ពី ចប់សង្គ្រាម ក្នុងទស្សវត្សរ៍ទី៥០ ដោយផ្អែកលើ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាមូលដ្ឋានគ្រឹៈ សម្រាប់ការអភិវឌ្ឍ។ សេចក្តីព្រាង ព្រះរាជក្រឹត្យនេះ ត្រូវបានកែសម្រួល និងកែលម្អ ជាបន្តបន្ទាប់ទៅតាម អនុសាសន៍ ដែលបានមកពី ការពិភាក្សា និងការប្រជុំ ដូចខាងក្រោម៖
- អង្គប្រជុំ គណកម្មាធិការ បច្ចេកទេស ដែលមាន ១៤ក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ជាសមាជិក និងតំណាងក្រុម ប្រឹក្សាអ្នកច្បាប់។
- សិក្ខាសាលា ពិគ្រោះយោបល់ ថ្នាក់ជាតិ ដែលមាន តំណាងក្រសួង-ស្ថាប័ន រាជរដ្ឋាភិបាល អង្គការជាតិ និងអង្គការ អន្តរជាតិ ព្រមទាំង មន្រ្តីជំនាញ នៃសាធាណរដ្ឋកូរ៉េ បានចូលរួម ផងដែរ។

ក្នុងគោលដៅជំរុញ ការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្រសួងផែនការបាន ធ្វើកិច្ចសហ ប្រតិបត្តិការជាមួយនឹង សាធារណរដ្ឋកូរ៉េ ចាប់ពីឆ្នាំ ២០០៦មកហើយ ទទួលជំនួយបច្ចេក ទេសឆ្នាំ២០១១-២០១៣ សម្រាប់អនុវត្តគម្រោង “ផែនការមេ ថ្នាក់ជាតិ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ២០១៤-២០២០”។ ក្នុងស្មារតីនេះ ការបង្កើត ក្រុមប្រឹក្សាជាតិ នៃវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ដែលនឹងដើរតួនាទី ជាសេនាធិការផ្ទាល់ របស់រាជរដ្ឋាភិបាល គឺជាការចាំបាច់ និងបន្ទាន់ ដើម្បីជំរុញកិច្ចការអភិវឌ្ឍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឲ្យបានឆាប់រហ័ស និងសមស្រប៕