បណ្តាញសង្គម

ព្រឹកនេះ តុលាការបន្តបើកសវនាការ លើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ជាលើកទី៣

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៨៖៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្ដបើកសវនាការជំនុំជម្រះក្ដី លើសំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ជាលើកទី៣ ថ្ងៃទី២។

សវនាការនេះដឹកនាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ លោកចៅក្រម សេង លាង លោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ។ ចំណែកមេធាវីរាជរដ្ឋាភិបាលដឹកនាំដោយលោក គី តិច។

សូមជម្រាបថា នៅក្នុងសវនាការលើកទី១ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក កឹម សុខា បានទទួលស្គាល់ថា វីដេអូដែលនិយាយអំពីដំណើររឿងបរទេស បានបណ្ដុះបណ្ដាល និងបង្រៀនលោកអំពីរបៀបនៃការផ្លាស់ប្ដូររបប គឺជាវីដេអូរបស់លោកយ៉ាងពិតប្រាកដ។

ការទទួលស្គាល់របស់លោក កឹម សុខា ក្រោយពីក្រុមប្រឹក្សាសម្រេចចាក់វីដេអូឃ្លឹបនេះ នៅក្នុងអង្គសវនាការ ហើយវីដេអូនេះជាភ័ស្ដុតាងសំខាន់ក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស»។

ទន្ទឹងនឹងការទទួលស្គាល់នេះ លោក កឹម សុខា បានបដិសេធចំណុចមួយនៅត្រង់ថា វីដេអូដែលចាក់នេះមិនគ្រប់ទេ ពោលបានកាត់ជាកំណត់ ខណៈដែលចំណុចសំខាន់មួយចំនួន ជាផលប្រយោជន៍សម្រាប់គាត់ គឺត្រូវបានកាត់ចេញ។

នេះជាអ្វីដែលលោក កឹម សុខា តវ៉ានៅបន្ទាប់ពីការចាក់វីដេអូឃ្លឹប។

ជាមួយគ្នានេះ លោក កឹម សុខា ឲ្យ USB ថ្មីមួយទៅក្រុមប្រឹក្សាជំនុំជម្រះ ដោយអះអាងថា ជាវីដេអូឃ្លឹបទាំងស្រុងរបស់លោក។ សម្រាប់សវនាការលើកទី២ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មេធាវីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក គី តិច និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានស្នើដល់ក្រុមប្រឹក្សាជំនុំជម្រះ សុំដាក់អក្សរតំណាងនៃប្រទេសទាំង៩ ដែលមានជាប់ពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា នៅលើកំណត់ហេតុ និងសាលក្រម។

ចំពោះសំណើសុំដាក់អក្សរតំណាងប្រទេសទាំង៩នេះ ត្រូវបានក្រុមប្រឹក្សាអង្គជំនុំជម្រះ សម្រេចយល់ព្រមតាមសំណើរបស់មេធាវីរាជរដ្ឋាភិបាល លើសាលក្រម ប៉ុន្តែលើ «កំណត់ហេតុតុលាការ» មិនអនុញ្ញាតតាមសំណើរបស់មេធាវីនោះគឺតម្រូវឲ្យដាក់ឈ្មោះចំៗតែម្តង។

សូមជម្រាបថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេស ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ទើបដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ បន្ទាប់ពីបែកធ្លាយវីដេអូមួយ ដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេស យូហ្គោស្លាវី និងប្រទេសស៊ែប៊ី៕

ដកស្រង់ពី៖ Fresh News