បណ្តាញសង្គម

ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល គី តិច៖ មេធាវីលោក កឹម សុខា ដាក់សំណួរខុសពីប្រធានបទ ធ្វើឲ្យខាតពេលក្នុងអង្គសវនាការ

(ភ្នំពេញ)៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាមេធាវីដើមបណ្ដឹង បន្ទាប់ពីបញ្ចប់សវនាការលើកទី៣ លើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា បានឲ្យដឹងថា ក្នុងសវនាការពេញមួយព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ក៏មិនខុសពីម្សិលមិញដែរ ពោលជាដំណាក់ការនៃការសួរដេញដោលអំពីដំណើររឿង របស់លោក កឹម សុខា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក គី តិច បានអះអាងថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអនុញ្ញាតឲ្យសួរដេញដោល ជនជាប់ចោទលោក កឹម សុខា ចន្លោះពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់នោះ មេធាវីលោក កឹម សុខា ហាក់មិនយល់ពីអ្វីដែលកំណត់ ពោលសួរលោក កឹម សុខា ផ្ទុយពីអ្វីដែលប្រធានក្រុមប្រឹក្សាជំនុំជម្រះកំណត់ ហាក់បង្ហាញអំពីការមិនយល់ច្បាប់របស់មេធាវី លោក កឹម សុខា។

បើតាមលោកមេធាវី គី តិច ការដែលមេធាវីរបស់លោក កឹម សុខា សួរផ្ទុយពីអ្វីដែលបានកំណត់នេះហើយ ទើបធ្វើឲ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះ កាត់មិនអនុញ្ញាតឲ្យមេធាវីលោក កឹម សុខា សួរបន្ដនោះឡើយ។

ចំណុចនេះហើយ លោក គី តិច ក៏ងឿងឆ្ងល់ថា តើមេធាវីលោក កឹម សុខា មិនយល់ច្បាប់ ឬធ្វើមិនយល់ច្បាប់ ឬមានចេតនាធ្វើឲ្យមានការភ័ន្ដច្រឡំមកដល់អង្គសវនាការ។

លោក គី តិច បានថ្លែងយ៉ាងដូច្នេះថា «មានការជជែកគ្នាតឹងតែងពាក់ព័ន្ធនឹងការដាក់សំណួរ ភាគីមេធាវីការពារជនជាប់ចោទ ច្រើនដាក់សំណួរមិនចង់នឹងកម្មវត្ថុ មិនចង់ចន្លោះឆ្នាំ ដែលក្រុមប្រឹក្សាបានកំណត់ពី១៩៩៣ មកដល់ឆ្នាំ២០០៧ គាត់ច្រើនដាក់សំណួរខុសការកំណត់របស់ក្រុមប្រឹក្សាជំនុំជម្រះ ចឹងហើយធ្វើឲ្យមាន ការតវ៉ាពីភាគីមេធាវីដើមបណ្ដឹងរដ្ឋប្បវេណី ពីតំណាងអយ្យការ

[...] មេធាវីការពារជនជាប់ចោទហាក់បីដូចជា មិនសប្បាយ ដោយសារមានការថ្នាំងថ្នាក់ចិត្ត ហើយអាចសាធារណៈជនមួយចំនួន ដែលគាត់មិនយល់អំពីនីតិវិធី នៃការជំនុំជម្រះនេះ គាត់អាចធ្វើការវាយតម្លៃខុសថា ក្រុមប្រឹក្សាបិទសិទ្ធិភាគីណាមួយ មិនឲ្យសិទ្ធិស្មើគ្នាក្នុងការតតាំងគ្នា»។

ចំពោះអ្វីដែលមេធាវីជនជាប់ចោទ បានចោទសួរក្នុងអង្គសវនាការ ត្រូវបានលោក គី តិច កត់សម្គាល់ថា ហាក់បីដូចជាមានចេតនាដាក់សំណួរ ឲ្យក្រុមប្រឹក្សាជំនុំជម្រះឃាត់, ភាគីតំណាងអយ្យការ, ភាគីដើមបណ្ដឹងរដ្ឋប្បវេណីជំទាស់ ដូច្នេះមេធាវីជនជាប់ចោទធ្វើឲ្យសាធារណៈជនដែលអង្គុយ ក្នុងបន្ទប់សវនាការមានគ្រប់សមាសភាពវាយតម្លៃខុសទៅលើការផ្ដល់សិទ្ធិ។

ជាមួយគ្នានេះ លោកមេធាវី គី តិច ក៏បានជម្រាបជូនដល់សាធារណៈជន ដើម្បីកុំឲ្យមានការភ័ន្ដច្រឡំចំពោះប្រទេសចំនួន៩ ដែលលោកបានដាក់សំណើ តាងជាអក្សរទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ កាលពីម្សិលមិញ បន្ទាប់ពីមានសារព័ត៌មានខ្លះបានចុះផ្សាយថា ប្រទេសទាំងនោះមានជាប់ព័ន្ធនឹងសំណុំរឿងក្បត់ របស់លោក កឹម សុខា។

ចំណុចនេះលោក គី តិច បានបកស្រាយថា ប្រទេសទាំងអស់នោះមិនជាប់ពាក់ព័ន្ធទាំងអស់នោះទេ ហើយប្រទេសទាំងនោះគ្រាន់តែពាក់ព័ន្ធនឹងឯកសារតែប៉ុណ្ណោះ។

លោកថា ការតាងដោយអក្សរទៅលើប្រទេសទាំងនោះនៅលើសាលដីការបស់តុលាការ គឺដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋជាដើម។

យ៉ាងណាមិញ សម្រាប់ភស្ដុតាងដាក់បន្ទុកដែលមេធាវីរាជរដ្ឋាភិបាល ត្រៀមដាក់ជូនក្រុមប្រឹក្សាជំនុំជម្រះនោះ ត្រូវបានលោក គី តិច បង្ហើបថា មានជាច្រើនវ៉ាលី ហើយត្រៀមនឹងបង្ហាញជូនក្រុមប្រឹក្សានៅតាមដំណាក់កាលនីមួយៗ៕

ដកស្រង់ពី៖ Fresh News