Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស៊ីអិនអិន ចុះផ្សាយ​សៀមរាប ​ជាប់​លេខ​៤​ ជា​ទីក្រុង​ដ៏ល្អ​បំផុត ​ក្នុង​ពិភព​លោក

  • បោះពុម្ព

ភ្នំពេញ៖ ទីក្រុងសៀមរាប បានជាប់ចំណាត់ថ្នាក់ លេខ៤ ផ្នែកទីក្រុងទេសចរណ៍ និងលំហែកម្សាន្ត ប្រចាំឆ្នាំ២០១៤ នៅក្នុងចំណោម ទីក្រុងកំពូលទាំង១០ នៃកម្មវិធី World’s Best Cities 2014 ក្នុងពិភពលោក និងចំណាត់ថ្នាក់លេខ២ នៅតំបន់អាស៊ី បន្ទាប់ពីទីក្រុងក្យូតូ ប្រទេសជប៉ុន។ នេះបើយោងតាម ការដកស្រង់ របស់វេបសាយ ស៊ីអិនអិន នូវរបាយការណ៍ ចងក្រងដោយ ទស្សនាវដ្ដីទេសចរណ៍ និងកម្សាន្ត (Travel and Leisure) ដ៏ល្បីល្បាញ។

រីឯទីក្រុងបាងកក ប្រទេសថៃ ដែលធ្លាប់នាំមុខគេលើ តារាងចំណាត់ថ្នាក់កំពូល ក្នុងឆ្នាំ២០១៣ លើវិស័យទេសចរណ៍នោះ បានបាត់ឈ្មោះពីតារាង មកជំនួសដោយ ទីក្រុងក្យូតូ ប្រទេសជប៉ុនវិញ។ នេះបើតាមរបាយការណ៍ ទស្សនាវដ្តីខាងលើ ដែលចេញផ្សាយ កាលពីចុងខែកក្កដា ឆ្នាំ២០១៤។

ទីក្រុងកំពូលទាំង១០ ដែលជាប់ចំណាត់ថ្នាក់ ល្អបំផុតលំដាប់ ពិភពលោកនោះ រួមមានចំណាត់ថ្នាក់ លេខ១ បានទៅលើទីក្រុងក្យូតូ ប្រទេសជប៉ុន ទី២ ក្រុងឆាលេសតុន រដ្ឋសៅខារ៉ូលីណា សហរដ្ឋអាមេរិក ទី៣ក្រុងហ្លូវរ៉ង់ ប្រទេសអ៊ីតាលី ទី៤ក្រុងសៀមរាប ប្រទេសកម្ពុជា ទី៥ក្រុងរ៉ូម ប្រទេសអ៊ីតាលី ទី៦ក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី ទី៧ក្រុងសេវីល និងទី៨ក្រុងបាសេឡូណា របស់អេស្ប៉ាញ ទី៩ ក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក និងទី១០ ក្រុងញូវអ័រឡេនដ៍ រដ្ឋល្វីហ្យាណា សហរដ្ឋអាមេរិក។

ក្រុងសៀមរាប របស់ប្រទេសកម្ពុជា ទទួលបានពិន្ទុពី ក្រុមគណៈកម្មាធិការ ចំនួន៨៩,៨២ ខណៈក្រុងក្យូតូ ដែលឈរនៅ លំដាប់កំពូល ទទួលបានចំនួន៩០,២១ពិន្ទុ រីឯក្រុងញូវអ័រលៀន ស្ថិតលំដាប់ទី១០ ទទួលបានពិន្ទុ ចំនួន៨៨,៧៤។

ការផ្តល់ចំណាត់ថ្នាក់នេះ ត្រូវបានគេធ្វើតាម វិធីស្ទាបស្ទង់មតិ របស់ភ្ញៀវទេសចរ រាប់ម៉ឺននាក់ តាមរយៈគេហទំព័រ tlworldsbest.com នោះចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤។

ចំពោះលក្ខខណ្ឌ នៃការផ្តល់ពិន្ទុ និងចំណាត់ថ្នាក់ សម្រាប់ទីក្រុងល្អបំផុត ក្នុងលោកនោះ ត្រូវបានគេ ផ្ដោតលើកត្តា សោភណភាព សំណង់ប្រវត្តិសាស្ត្រ វប្បធម៌ សិល្បៈ សេវាបដិសណ្ឋារកិច្ច អាហារ ភោជនីយដ្ឋាន ប្រជាជន និងការផ្ដល់តម្លៃក្នុងសង្គម។

តាមទិន្នន័យពី ក្រសួងទេសចរណ៍ បើគិតត្រឹមពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៤ កម្ពុជា ទទួលបានទេសចរ ប្រមាណ ១,៩លាននាក់។ នៅឆ្នាំ២០១៣ចំនួនទេសចរ សរុបចំនួន ៤,១លាននាក់ និងចំណូល ២៥៤៧លានដុល្លារ ពីវិស័យនេះ។

ទាក់ទិននឹង ការទទួលបាន ចំណាត់ថ្នាក់ ជាទីក្រុងល្អលេខ៤នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ មានប្រសាសន៍ថា៖ «យើង មានមោទនភាពខ្លាំងណាស់ ដែលក្រុងសៀមរាប របស់កម្ពុជា យើងបានទទួល ការជ្រើសរើស និងជាប់ចំណាត់ ថ្នាក់លេខបួន សម្រាប់លក្ខណៈសម្បត្តិ ទីក្រុងល្អបំផុត នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ២ នៅតំបន់អាស៊ីប្រចាំ ឆ្នាំ២០១៤»។

ឯកឧត្តម ក៏បានបង្ហើបប្រាប់ពី គុណសម្បត្តិ ដែលនាំឲ្យក្រុងសៀមរាប ទទួលបាន កិត្តិសព្ទល្បីនេះ ដែរគឺ៖ «អ្វីដែលយើង ទទួលបានការកត់សម្គាល់ ជាពិសេសនៅក្នុង ក្រុងសៀមរាបពី ភ្ញៀវទេសចរនោះ គឺសេវាកម្ម បម្រើម្ហូបអាហារ និងភេសជ្ជៈ នាពេលយប់។ ភ្ញៀវភាគច្រើន បានកោតសរសើរនូវ សេវាកម្មនេះ ព្រោះថាបន្ទាប់ពីពួកគេ ធ្វើដំណើរកម្សាន្ត ពេលថ្ងៃមក ពួកគេអាចរកសេវាកម្ម បម្រើម្ហូបអាហារ និងភេសជ្ជៈនៅក្នុងក្រុងសៀមរាប បានយ៉ាងងាយ និងមានសេវាកម្ម ប្រកបដោយផាសុកភាព និងសុវត្ថិភាពរួមផ្សំនឹង ឥរិយាបថប្រជាជនខ្មែរ មានទឹកមុខស្រស់ញញឹម ប្រិមប្រិយ»។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានទទួលស្គាល់នូវ ចំណុចខ្វះខាតមួយចំនួន របស់ទីក្រុងសៀមរាប ផងដែរ។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ទៀតថា៖ «ទោះបីជា យើងទទួលបាន កេរ្តិ៍ឈ្មោះល្អ រហូតជាប់ចំណាត់ថ្នាក់ លេខ៤ លំដាប់ពិភពលោកក្តី ក៏យើងមានចំណុចខ្វះខាត ឬចំណុច ត្រូវបង្កើន ឲ្យល្អសម្រាប់ ពេលខាងមុខដែរ។ យើងមានចំណុច មិនល្អត្រង់ប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធរបស់ក្រុង សៀមរាប នៅពុំទាន់មានលក្ខណៈគ្រប់គ្រាន់ ចំណែកយុទ្ធនាការ ផ្សព្វផ្សាយ ក្រុងបៃតង ក៏នៅពុំទាន់ដល់ កម្រិតដែលគេចង់បាន»៕