បណ្តាញសង្គម

រដ្ឋមន្ដ្រីកសិកម្ម ផ្ដល់អនុសាសន៍ដល់មន្ដ្រីជលផល បង្កើនការគ្រប់គ្រងធនធានមច្ឆជាតិឲ្យមាននិរន្ដរភាព

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារវិស័យជលផល ដែលសម្រេចបាន នាឆ្នាំ២០១៩ និងទិសដៅអនុវត្ត ឆ្នាំ២០២០ របស់រដ្ឋបាលជលផល ដែលរៀបចំធ្វើឡើង នាទីស្តីការក្រសួងកសិកម្ម។

ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ វិស័យជលផលខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលជលផល អង្គភាពក្រោមឱវាទ យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី វេង សាខុន បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ រដ្ឋបាលជលផលទាំងអស់ ដែលបានបំពេញភារកិច្ចរបស់ខ្លួន ទទួលបានលទ្ធផល គួរជាទីមោទនៈ។

លោកបានបន្ដថា កិច្ចប្រជុំបូកសរុបការងារ រយៈពេលពីរថ្ងៃនេះ គឺជាឱកាសម្រាប់ឲ្យយើងទាំងអស់គ្នា ពិភាក្សាយ៉ាងផុលផុស ចែករំលែក ដកស្រង់បទ ពិសោធន៍ មេរៀនល្អៗ កំណត់បាននូវចំណុចខ្លាំង និងចំណុចខ្សោយ រួចឈានទៅដាក់ចេញនូវផែនការសកម្មភាព និងវិធានការថ្មីៗសម្រាប់អនុវត្តបន្ត ដើម្បីជាចលករជំរុញវិស័យមួយនេះ ឲ្យឈានទៅមុខស្របតាមទិសដៅដែលបានកំណត់ និងជាពិសេសឆ្លើយតបទៅ នឹងផែនការអភិវឌ្ឍវិស័យកសិកម្ម ២០១៩-២០២៣។ ស្

តែងចេញពីសមិទ្ធផលនេះ លោករដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្រ និងជួយឧបត្ថម្ភពីក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បណ្តាប្រទេសជាមិត្ត ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍នេសាទ ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រ ទាំងសម្ភារ បច្ចេកទេស និងថវិកា ដើម្បីចូលរួមជាកំលាំងការពារ គ្រប់គ្រង អភិរក្សធនធានជលផល ព្រៃលិចទឹក បង្ក្រាបបទល្មើស និងជួយបង្កើនផលិតភាពផលិតកម្មវារីវប្បកម្ម ធ្វើឲ្យវិស័យមួយនេះ មានការវិវឌ្ឍន៍រីកចម្រើន គួរឲ្យកត់សម្គាល់។

តាមរយៈរបាយការណ៍របស់លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំ ការងារអនុវត្ត និងផ្សព្វផ្សាយច្បាប់ បច្ចេកទេស ការងារស្រាវជ្រាវ អភិរក្ស សហគមន៍ ផលនេសាទទឹកសាប សមុទ្រ និងវារីវប្បកម្ម បញ្ហាប្រឈម បទល្មើស និងសំណូមពរ -ល-។

យោងលើសមិទ្ធផលនេះ លោករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមថា នេះគឺបានមកពីការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតីទទួលខុសត្រូវរបស់លោក លោកស្រី នាងកញ្ញាទាំងអស់ នាឆ្នាំកន្លងមក ហើយលោកសង្ឃឹម និងជឿជាក់ថា ឆ្នាំ២០២០ រដ្ឋបាលជលផល នឹងខិតខំបំពេញភារកិច្ចទ្វេរឡើង ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត ឈានឆ្ពោះទៅសម្រេច ឲ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

លោករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថា ការគ្រប់គ្រងធនធានមច្ឆជាតិ ឲ្យមាននិរន្ដរភាព គឺជាកិច្ចការមួយ ដែលមានលក្ខណៈលំបាកស្មុគស្មាញ ដោយហេតុថា ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលភូមិសាស្រ្តទឹក ដី ចំនួនប្រជាជនមានការកើនឡើង សេចក្តីត្រូវការផលចាប់កើនឡើងខ្ពស់ សមត្ថភាពនៃការគ្រប់គ្រង ការការពារ ការស្រាវជ្រាវវិទ្យាសាស្រ្ត ការបង្រ្កាបបទល្មើស ការទន្ទ្រានយកព្រៃលិចទឹក ធ្វើជាកម្មសិទ្ធិ ធនធានមនុស្ស ហិរញ្ញវត្ថុ កិច្ចសហការ ការងារអភិរក្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅមានកម្រិត។

ហេតុដូច្នេះហើយ ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន បានផ្តល់អនុសាសន៍ ជូនលោកថ្នាក់ដឹកនាំ មន្រ្តីក្រោមឱវាទគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់អនុវត្តការងារ បន្តដែលពាក់ព័ន្ធជាអាទិ៍ ៖

* ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការគោរពវិជ្ជាជីវៈ

* ការបង្កើនសមត្ថភាព បច្ចេកទេសវារីវប្បកម្ម ពង្រីកការចិញ្ចឹមត្រីពូជក្នុងបឹង ស្រះ ក្នុងស្រែ

* បង្កើតយន្តការបង្ការ ទប់ស្កាត់ ការបង្រ្កាបបទល្មើស និងការទន្ទ្រានកាន់កាប់ព្រៃលិចទឹកជាកម្មសិទ្ធិ

* ខិតខំពង្រឹង ពង្រីកសមត្ថភាពគ្រប់គ្រង និងអភិវឌ្ឍសហគមន៍នេសាទ

* យកចិត្តទុកដាក់គ្រប់គ្រង ការពារតំបន់អភិរក្សឲ្យបានគង់វង្ស

* លើកទឹកចិត្ដ ដល់ផ្នែកឯកជន ក្នុងការវិនិយោគលើវិស័យវារីវប្បកម្ម

* លើកកម្ពស់សមត្ថភាពមន្ទីរ ពិសោធន៍ ការងារស្រាវជ្រាវ និងផ្សព្វផ្សាយ ពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត

* រៀបចំយុទ្ធសាស្ត្របន្ស៊ាំ នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីធានាការគ្រប់គ្រង ការការពារប្រកបដោយប្រសិទ្ធភាពខ្ពស់

* បន្តចុះបញ្ជិដីសាធារណៈរបស់រដ្ឋចៀសវាងការបាត់បង់ ពង្រឹង និងពង្រីកកិច្ច សហការឲ្យបានកាន់តែប្រសើរ ជាមួយភាគីពាក់ព័ន្ធទាំងអស់ -ល-។

ឆ្លៀតយកឱកាសនេះផងដែរ លោករដ្ឋមន្ត្រី វេង សាខុន ក៏បានរំឭកជូនអង្គពិធីថា ដោយសារសន្តិភាព និងស្ថិរភាពនយោបាយ បានបង្កើតឱកាសសម្រាប់យើងគ្រប់គ្នា ដើម្បីធ្វើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ដូច្នេះ យើងគ្រប់ៗត្រូវតែចូលរួមថែរក្សា និងការពារសន្តិភាព ឲ្យបានគង់វង្សតរៀងទៅ៕

ដកស្រង់ពី៖ Fresh News