បណ្តាញសង្គម

ព្រឹកនេះក្រសួងព័ត៌មាន បើកកិច្ចប្រជុំជាមួយមេធាវីស្ម័គ្រចិត្តសម្តេចតេជោ រៀបចំផែនការជួយការពារអ្នកសារព័ត៌មាន ដែលធ្វើការតាមវិជ្ជាជីវៈ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំរួមគ្នា រៀបចំផែនការដំណើការ ក្នុងការការពារក្តីជូនអ្នកសារព័ត៌មាន ដែលធ្វើការតាមវិជ្ជាជីវៈ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករផងដែរ។

គួរបញ្ជាក់ថា អ្នកសារព័ត៌មានទាំងឡាយណា ដែលសរសេរព័ត៌មានដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងត្រូវទទួលបានសិទ្ធិការពារក្តី ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន។

លោក គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ត្រូវមានតួនាទីទទួលខុសត្រូវ បញ្ហាការពារក្តីដល់អ្នកសារព័ត៌មាន ដែលធ្វើការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈទាំងនោះ។

នេះបើយោងតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសសម្តេចអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្តី ជាមួយអ្នកសារព័ត៌មានជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការសម្រេចរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រុមមេធាវីស្ម័គ្រចិត្ត ក៏មានសិទ្ធិបដិសេធមិនទទួលយកការស្នើសុំការពារក្តី ពីអ្នកសារព័ត៌មានណា ដែលផ្សាយព័ត៌មានមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្សាយព័ត៌មានបំភ្លៃការពិត។

សម្តេចថែមទាំងបានជំរុញដល់អ្នកសារព័ត៌មាន ឲ្យគោរពពាក្យស្លោក ដែលត្រូវបានសម្តេចដាក់ចេញថា ធ្វើជាអ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត៕

ដកស្រង់ពី៖ Fresh News