Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ដ្រីកសិកម្ម៖ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ចាំបាច់ត្រូវមានធនធានមនុស្ស ប្រកបដោយចំណេះដឹង ចំណេះធ្វើ រួមទាំងសីលធម៌វិជ្ជាជីវៈ គុណធម៌ខ្ពស់

  • បោះពុម្ព

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដល់មន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០១៩ ដែលមានការចូលរួម ពីលោកថ្នាក់ដឹកនាំ លោកទីប្រឹក្សា លោកអគ្គលេខាធិការ ឯកឧត្តមប្រតិភូ ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីរាជការក្រោមឱវាទ ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងកសិកម្ម។

តាមរបាយការណ៍របស់លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៩ ក្រសួងបានទទួលមន្រ្តីចំនួន១២០នាក់ ដែលទើបប្រឡងជាប់ក្របខណ្ឌថ្មី ដោយត្រូវបែងចែក ទៅតាមអង្គភាពជំនាញ និងមន្ទីរនីមួយៗ។

ឆ្លៀតយកឱកាសនេះលោក ទី ចាន់ណា ក៏បានរាយការណ៍ ជូនអង្គពិធីជ្រាបដោយសង្ខេបផងដែរ អំពីលទ្ធផលដែលសម្រេចបាននាឆ្នាំ២០១៩ បញ្ហាប្រឈម និងលើកទិសដៅអនុវត្តការងារ បន្តនៅឆ្នាំ២០២០ សម្រាប់នាយកដ្ឋាននេះ។

លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើការសំណេះសំណាល ជាមួយក្មួយៗដែលជាមន្រ្តីក្របខណ្ឌថ្មី ដោយបានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះជ័យលាភី ដែលក្មួយៗទើបទទួលបាន ដោយសារការប្រឡង ប្រកបដោយតម្លាភាព និងយុត្តិធម៌កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

លោករដ្ឋមន្ដ្រី បានបន្ដថា នេះជាទំព័រស័ករាជថ្មីមួយទៀត សម្រាប់ដំណើរជីវិត ដែលនឹងក្លាយខ្លួន ទៅជាមន្ត្រីសាធារណៈ ហើយផ្លែផ្កាដែល ក្មួយៗទទួលបាននេះ គឺជាស្ពានចម្លងខ្សែជីវិត ពីនិស្សិតទៅជាមន្រ្តីសាធារណៈ ដែលមានវិជ្ជាជីវៈពិតប្រាកដ ត្រឹមត្រូវ ច្បាស់លាស់ ហើយអាចកសាងអនាគតប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ សមជាមន្រ្តីល្អ ពលរដ្ឋល្អ ក្នុងសង្គមជាតិនាពេលអនាគត។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី វេង សាខុន ក៏បានជម្រាបក្មួយៗថា ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម គឺចាំបាច់ត្រូវមានធនធាន មនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ រួមទាំងសីលធម៌វិជ្ជាជីវៈ គុណធម៌ខ្ពស់។

ដូច្នេះវត្តមាន របស់ក្មួយៗទាំង១២០នាក់ នឹងចូលរួមចែករំលែកជាកំលាំងកាយ ចំណេះដឹង ស្មារតីក្នុងការបម្រើការងារ ឲ្យអង្គភាពរបស់ខ្លួនផ្ទាល់ ដែលប្រកបដោយសក្តានុពល ក្នុងការពន្លឿនដំណើរការ អភិវឌ្ឍន៍វិស័យកសិកម្ម។

ហេតុដូចនេះ ដើម្បីប្រែក្លាយខ្លួន ជាធនធានមនុស្សពោរពេញ ដោយសមត្ថភាព ប្រកបដោយសក្តានុពល និងក្លាយជាទំពាំងស្នងឬស្សី ក្នុងពេលអនាគតដ៏ខ្លីនេះ លោករដ្ឋមន្ត្រី វេង សាខុន បានផ្តល់អនុសាសន៍មួយចំនួន ដល់មន្ត្រីក្របខណ្ឌថ្មីនេះ ដែលមានខ្លឹមសារជាអាទិ៍៖

ទី១៖ ត្រូវបន្តអភិវឌ្ឍន៍ខ្លួន ដោយត្រូវខិតខំរៀនសូត្រចំណេះជំនាញ ក្រមសីលធម៌ វិជ្ជាជីវៈ ក្រមប្រតិបត្តិ លិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង សហលក្ខន្តិកៈមន្រ្តីរាជការ -ល- ។

ទី២៖ ត្រូវគោរពច្បាប់រដ្ឋ និងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។ កាតព្វកិច្ច នៃមន្រ្តីរាជការរាល់រូប មានចែងនៅក្នុងច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការ ជំពូកទី៥ មាត្រា ៣៣ ៣៤ ៣៥ ៣៦ ៣៧ និង៣៨។ ទី

៣៖ ត្រូវប្រកាន់យកភាពថ្លៃថ្នូរ និងមានកិត្តិយស កាតព្វកិច្ច ល័ក្ខការណ៍ គោរពការសម្ងាត់វិជ្ជា ជីវៈ អព្យាក្រឹតក្នុងការងារ ភក្តីភាព គិតគូរ និងការពារឲ្យបាននូវផលប្រយោជន៍ជាតិ សាធារណៈ ក្រសួង និងផលប្រយោជន៍អង្គភាព ជាពិសេសគឺត្រូវចូលរួមចំណែក ថែរក្សាការពារសន្តិភាព។

ទី៤៖ ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុងខ្ពស់ នៅពេលបំពេញភារកិច្ច សហការគ្នា និងចូលរួមគ្រប់សកម្មភាព ដែលផ្តល់ប្រយោជន៍ដល់អង្គភាពខ្លួន ក្រសួង និងប្រទេសជាតិ។ ឆ្លៀតយកឱកាសនេះផងដែរ លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំបន្ថែម ដល់អង្គភាពជំនាញក្រោមឱវាទក្រសួង ទាំងអស់ត្រូវយកចិត្តទុកដាក់ពិចារណា និងអនុវត្តឲ្យបានយ៉ាងសកម្ម និងមានប្រសិទ្ធភាពថែមទៀត តាមចំណុចដូចខាងក្រោម៖

ទី១៖ គ្រប់អង្គភាពក្រោមឱវាទ ក្រសួងត្រូវតែពង្រឹង និងកែលម្អដំណើរការ នៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស សំដៅប្រែក្លាយធនធានមនុស្ស នៅក្នុងវិស័យសាធារណៈ ឲ្យកាន់តែមានសមត្ថភាព វិជ្ជាជីវៈច្បាស់លាស់ និងប្រសិទ្ធភាព ក្នុងការបំពេញការងារ។

ទី២៖ បន្តធ្វើការកែទម្រង់ ឲ្យមានប្រសិទ្ធភាពដោយដាក់ចេញ នូវក្របខណ្ឌយុទ្ធសាស្រ្ត ផែនការសកម្មភាព និងការរៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យ មានភាពប្រទាក់ក្រឡាគ្នា គ្រប់ជ្រុងជ្រោយ និងសង្គតិភាព។

បន្ដកិច្ចសហប្រតិបត្ដិការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍កសិកម្មនានា ឲ្យបានល្អប្រសើរ។

ទី៣៖ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងខ្ពស់ នៅពេលបំពេញភារកិច្ចព្រម ទាំងប្រគល់ការងារតាមសមត្ថភាព និងទប់ស្កាត់រាល់សកម្មភាព បំបែកបំបាក់ផ្ទៃក្នុងរបស់យើង ក៏ដូចជាការគ្រប់គ្រងលើមន្ត្រីរាជការ ប្រកបដោយ យុត្តិធម៌។ ត្រូវជៀសវាងនូវការបំបែកបំបាក់ផ្ទៃក្នុង និងមិនកេងចំណេញយកផលប្រយោជន៍សម្រាប់បុគ្គលខ្លួន។

ត្រូវចងចាំជានិច្ចនូវអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ទាំង១១ចំណុច ដែលតែងតែក្រើនរំឭកថា ជាតិជាមន្រ្តីដែលល្អ គឺត្រូវធ្វើអ្វីខ្លះ?

ទី៤៖ ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងការដំឡើងថ្នាក់ ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនមន្រ្តីរាជការក្រោមឱវាទ។

ទន្ទឹមនឹងនេះ គ្រប់អង្គភាព ត្រូវខិតខំលើក ទឹកចិត្តដល់មន្រ្តីរាជការ ដែលបានខិតខំបន្តការសិក្សា។

ទី៥៖ ប្រធានគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ និងពិនិត្យតាមដាន រាល់លិខិតណែនាំ សារាចរ ឬ លិខិតនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានដាក់ចេញឲ្យអនុវត្ត ជាពិសេស គ្រប់អង្គភាពទាំងអស់ ជារៀងរាល់ឆ្នាំ ត្រូវរៀបចំផែនការបណ្តុះបណ្តាលធនធានមនុស្ស និងធ្វើរបាយការណ៍ស្ថិតិមន្ត្រីរាជការ ចូលរួមវគ្គបណ្តុះបណ្តាល ក្នុងនិងក្រៅប្រទេស។

សូមជម្រាបផងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៤ថ្ងៃ ដែលនឹងលើកយកប្រធានបទ សំខាន់ៗមកធ្វើបទបង្ហាញ ដល់មន្ត្រីរាជការក្របខណ្ឌថ្មីនេះ យល់ដឹងអំពី៖

* តួនាទី និងបេសកកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

* រចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងរបស់ក្រសួង

* តួនាទី ភារកិច្ចរបស់អង្គភាពនីមួយៗ ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

* សិទ្ធិ កាតព្វកិច្ច និងឋានានុក្រមរដ្ឋបាល នៅក្នុងការបំពេញការងារ

* ច្បាប់ និងបទប្បញ្ញាត្តិផ្សេងៗ ដែលមន្ត្រីរាជការ ត្រូវតែស្វែងយល់ និងគោរពដាច់ខាត៕

ដកស្រង់ពី៖ Fresh News