បណ្តាញសង្គម

ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុប លើកទី២ នឹងធ្វើឡើង នៅថ្ងៃទី១៣ តុលា ខាងមុខនេះ

ភ្នំពេញ៖ បន្ទាប់ពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតផ្តល់ឱកាស ឲ្យមានការប្រលង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ បាក់ឌុបថ្នាក់ទី១២ លើកទី២សំរាប់ បេក្ខជនមិនជាប់ ក្រសួងអប់រំ ប្រកាសពី កាលបរិច្ឆេទ ប្រលង នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ។

ឯកឧត្តម ហង់ ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ប្រាប់ប្រព័ន្ឋផ្សព្វផ្សាយថា ការប្រលងបាក់ឌុប លើកទី២ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្រោយពីមាន ការប្រជុំពិភាក្សា របស់ក្រសួងអប់រំ។ ក្នុងនោះ ក្រសួង បានត្រៀមវគ្គបំប៉ន ដល់បេក្ខជន មិនជាប់ តាមមុខវិជ្ជា និងទុកពេលឲ្យ សិស្សានុសិស្សរំលឹក មេរៀនប្រលងផងដែរ បន្ទាប់ក្រសួង បានរកឃើញ ព័ត៌មានជាបឋមថា សិស្សបាក់ឌុបឆ្នាំនេះ ជាប់ក្នុងរង្វង់ ៣០% ពីសំណាក់ លោកគ្រូ អ្នកគ្រូ ធ្វើកំណែលើ គ្រប់មុខវិជ្ជា។

បើទោះបីជា ការប្រលង ត្រូវបានគេដឹង ដោយប្រយោលថា សិស្សជាប់ បានរង្វង់ ៣០ % មិនមែន ៥%នោះទេ តែ ចំនួនជាប់៣០% ក៏នៅតែជាចំនួនតិច បើប្រៀបធៀប នឹងឆ្នាំកន្លង ជាប់ជាង ៨៦%។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញ ចែកសញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យន័រតុន កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤នេះ បានថ្លែងថា តាមព័ត៌មាន ដែលសម្តេច ទទួលបាន ពីរដ្ឋមន្រ្តី ក្រសួងអប់រំ ការប្រឡងបាក់ឌុប នៅឆ្នាំនេះ អាចនឹងមាន ការធ្លាក់ច្រើន ជាងបណ្តាឆ្នាំកន្លងទៅ។

ដូច្នេះចំពោះសិស្ស ដែលប្រឡងធ្លាក់ អាចនឹងមាន ការរៀបឡើងវិញជា លើកទី២។ សម្តេចបានបញ្ជាក់ថា សម្តេចគាំទ្រ ចំពោះយន្តការរៀបចំ ឲ្យមានការប្រឡង ឡើងវិញនេះ។

ការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ដែលប្រព្រឹត្តទៅកាល ពីថ្ងៃទី៤-៥ ខែ សីហា កន្លងទៅនេះ មានបេក្ខជនប្រឡង សរុបចំនួន ៩ម៉ឺន ៣ពាន់ ៤៥៦នាក់។

ការប្រឡងបាក់ឌុប ដែលស្ថិតក្រោម កំណែទម្រង់ដ៏ស៊ីជម្រៅ របស់ឯកឧត្តម ហង់ ជូនណារ៉ុន មានការតឹងរឹង ជាទីបំផុត មិនត្រឹមតែការ ដាក់វិធានការតឹងរឹង ដោយមិនអនុញ្ញាត ឲ្យលួចយក កំណែតាមខ្លួន ឬលួចប្រយ៉ុង និងលួច មើលគ្នា នោះទេ នៅមាន ការចូលរួមតាមដាន ត្រួតពិនិត្យយ៉ាងតឹងរឹងពី អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ ជាច្រើននាក់ផ្សេងទៀត៕

ដកស្រង់ពី៖ ដើមអម្ពិល