បណ្តាញសង្គម

ព្រះមហាក្សត្រ ព្រះរាជទាន ព្រះរាជអំណោយ ដល់ប្រជារាស្រ្ត នៅកំពង់ស្ពឺ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសប្រទាន ព្រះរាជអំណោយ ដល់ប្រជារាស្ត្រ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

យោងតាមទីភ្នាក់ងារ សារព័ត៌មាន (AKP) បានឲ្យដឹងថា យាងព្រះរាជដំណើរ តាមព្រះទីនាំងរថយន្ត ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤ ព្រះអង្គបាន ស្តេចយាងទៅកាន់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីជួបសំណេះសំណាល និងប្រោសព្រះរាជទាន ព្រះរាជអំណោយ ជូនដល់ ប្រជារាស្រ្ត ជាកសិករចំនួន ៤៣៣គ្រួសារ ដែលមកពីភូមិចំនួន៤ នៅក្នុងស្រុកនោះ។

ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វព្រះរាជហឫទ័យ ស្តេចយាង ប្រោសព្រះរាជទាន នូវព្រះរាជអំណោយ ដោយផ្ទាល់ព្រះហស្ថ របស់ព្រះអង្គ ដល់ប្រជាកសិករ ចំនួន ៤៣៣ គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួល បានអង្ករ ៥០គីឡូក្រាម ឃីត១កញ្ចប់ (មានមុង១,ភួយ១, សារុង១ និងក្រមា១) កន្ទេល១, មី១កេស, ត្រីខ១០កំប៉ុង អាវយឺតមានស្លាក ព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និងថវិកា ១០០.០០០រៀល។ ចំណែកគ្រូពេទ្យចំនួន ០៨នាក់ ម្នាក់ៗ ទទួលបានឃីតមួយកញ្ចប់ និង ថវិកាចំនួន ១០០.០០០ រៀល ៕