បណ្តាញសង្គម

ប្រទេសចំនួន៣ នឹងមកជួយរៀបចំ បញ្ជីបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា នៃយើង

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឯកឧត្តម ស ខេង បានថ្លែងថា នៅពេលខាងមុខនេះ ប្រទេសចំនួន ៣ មាន ប្រទេសជប៉ុន, សហគមន៍អឺរ៉ុប និងប្រទេសអូស្ត្រាលី នឹងមកជួយរៀប ចំបញ្ជីបោះឆ្នោត នៅកម្ពុជា។

ការថ្លែងអះអាងបែបនេះ ធ្វើឡើងនៅក្នុងឱកាស សមាជិករដ្ឋសភាជប៉ុន លោក Naota Sakaguchi ចូលជួបសម្តែង ការគួរសម ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នាទីស្តីការ ក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។ យោងតាមសម្តី លោក សាអែម សាវុធ មន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ បានដកស្រងសម្តី ឯកឧត្តម ឧបនាយរដ្ឋមន្ត្រីថា បញ្ហាសំខាន់ នៃការរៀបចំបញ្ជី បោះឆ្នោតនេះ កន្លងមក មិនមានការឯកភាពគ្នា ទៅលើលទ្ធផល នៃការបោះឆ្នោត ដោយលើកឡើងថា មានបញ្ហាពេលបោះឆ្នោត។

លោកបានបន្ត សម្តី ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស ខេង ថា “ការរៀបចំបញ្ជីបោះឆ្នោត លើកក្រោយ មានប្រទេស៣ នឹងជួយកម្ពុជាទី១. មានប្រទេសជប៉ុន, ទី២. សហគមន៍អឺរ៉ុប និងទី៣ ប្រទេសអូស្ត្រាលី ខ្ញុំសង្ឃឹមថា ប្រទេសទាំងបីនេះ នឹងជួយរៀបចំបញ្ជីនេះ នឹងបានល្អ”។

មន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃរូបនេះ បានដកស្រង់សម្តី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀតថា នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ទាំងបញ្ហា នយោបាយក្តី សេដ្ឋកិច្ចក្តី កំពុងប្រព្រឹត្តិទៅយ៉ាងល្អ ចំពោះបញ្ហានយោបាយ គឺគណបក្សធំៗទាំងពី កំពុងតែរៀបចំ ក្បាលម៉ាស៊ីន ព្រឹទ្ធសភា និងរដ្ឋសភា, ធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោត និងរៀបចំអង្គការ បោះឆ្នោតជាដើម។

នៅក្នុងឱកាសនោះដែរ លោក សាអែម សាវុធ បានលើកយកសម្តី សមាជិករដ្ឋសភាជប៉ុន មកថា កាលពីបោះឆ្នោតជាតិ លើកទី១ នៅឆ្នាំ១៩៩៣ បានមកជួយសង្កេតការណ៍ បោះឆ្នោតនៅ កម្ពុជាផងដែរ ដែលពេលនោះ បានទៅចូលរួមសង្កេត នៅក្នុងខេត្តរតនគិរី។ លោក បានបន្ថែមសម្តីលោក Naota Sakaguchi ដែលបានអះអាងថា “ខ្លួនខ្ញុំផ្ទាល់ នឹងចូលរួមជាមួយ រដ្ឋាភិបាលជប៉ុន មកជួយ ប្រទេសកម្ពុជា ហើយនឹងធ្វើឲ្យ ប្រទេសកម្ពុជា មានការអភិវឌ្ឍខ្លាំងក្លា”។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ សមាជិក សភារដ្ឋជប៉ុនរូបនេះ បានចូលទៅសម្តែងការ គួរសមជាមួយ អនុប្រធានទី ២ នៃព្រឹទ្ធសភាកម្ពុជា ឯកឧត្តម ទេព ងន ដោយបានប្រាប់ នូវបំណងប្រាថ្នា របស់លោក មកទសន្សកិច្ចនៅ ប្រទេសកម្ពុជា គឺចង់សិក្សា បទពិសោធន៍ផ្នែកនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែឈ្នះឆ្នោតកន្លងមក៕

ដកស្រង់ពី៖ ដើមអម្ពិល