Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីជំនាញ អះអាងថា ខេត្តព្រះសីហនុ នៅតែជាគោលដៅសម្រាកលម្ហែកម្សាន្តតំបន់ឆ្នេរសមុទ្របែបសុខភាពប្រកបដោយសុវត្តិភាព

  • បោះពុម្ព

(ព្រះសីហនុ)៖ លោក នី ផល្លី អនុរដ្ឋលេខាធិការ និងជាតំណាង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ចាក់ថា ខេត្តព្រះសីហនុ នៅតែជាគោលដៅសម្រាកលម្ហែកម្សាន្តតំបន់ឆ្នេរសមុទ្របែបផាសុកភាពប្រកបដោយសុវត្ថិភាព។

ការអះអាងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារឃ្វីនកូ ក្រុងព្រះសីហនុ នាឱកាសសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីវិធានការទប់ស្កាត់បង្ការជំងឺកូរ៉ូណាថ្មីដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ខេត្តព្រះសីហនុ។

លោក នី ផល្លី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងសភាពការណ៍ បានយ៉ាងល្អពីការរាតត្បាតនៃជំងឺកូរ៉ូណាតាមរយៈយន្តការបង្ការ ទប់ស្កាត់ និងឆ្លើយតបនៅក្របខណ្ឌទូទាំងប្រទេសជារួម និងនៅខេត្តព្រះសីហនុដោយឡែក ដោយសហការយ៉ាងជិតស្និតជាមួយនឹងអង្គការសុខភាពពិភពលោក WHO និងស្ថាប័នអន្តរជាតិនានាទៀតពាក់ព័ន្ធដូចជា USCDC របស់សហរដ្ឋអាមេរិកជាដើម។

សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីវិធានការបង្ការទប់ស្កាត់ពីជំងឺកូរ៉ូណាថ្មី បានរៀបចំឡើងដោយក្រសួងទេសចរណ៍ តំណាងដោយ លោក នី ផល្លី អនុរដ្ឋលេខាធិការ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ តំណាងដោយ លោក ឈិន សេងងួន អភិបាលរងខេត្ត ដោយមានការចូលរួមពីតំណាងមូលដ្ឋានអាជីវកម្មទេសចរណ៍ និងបណ្តាញយុវជនផងដែរសរុបប្រមាណជាង២០០នាក់។

ក្រៅពីការផ្សព្វផ្សាយនិងបណ្តុះបណ្តាល អង្គសិក្ខាសាលាក៏បានពិភាក្សាពីបញ្ហាប្រឈមនានា និងដំណោះស្រាយសមស្រប ដើម្បីជំរុញដល់វិស័យទេសចរណ៍ខេត្តព្រះសីហនុ។

ស្របជាមួយគ្នា លោក នី ផល្លី បានផ្តល់ជាអនុសាសន៍ក្នុងការកែប្រែបញ្ហាប្រឈមនេះ ទៅជាឱកាសតាមរយៈការពង្រឹងចំណុចខ្លាំងនានា ដូចជាការពង្រឹងគុណភាពសេវាកម្ម ភាពស្អាត និងអនាម័យនៅគ្រប់ចង្វាក់ផលិតកម្មទាំងអស់នៅក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីទទួលបានទំនុកចិត្តពីភ្ញៀវទេសចរជាតិ

និងអន្តរជាតិក្នុងការមកសម្រាកកម្សាន្ត ក៏ដូចជាក្នុងតំណាក់កាលនេះ បុគ្គលិកអាចឆ្លៀតពេលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនសំដៅធានាបាននូវការផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ។

គួរបញ្ចាក់ថា ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រដ៏ទាក់ទាញ ពោរពេញដោយសក្តានុពលដ៏សំបូរបែរ ហើយការកម្សាន្តនៅឆ្នេរសមុទ្រប្រៀបបានដូចជាការថែរក្សា និងបង្កើនសុខភាព និងភាពរឹងមាំនៃសរីរាង្គរបស់មនុស្ស៕

ដកស្រង់ពី៖ Fresh News