បណ្តាញសង្គម

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី៨១៥នាក់។

គរុសិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ និស្សិតអធិការអប់រំ៥៦នាក់ នារី ៩នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ៤០នាក់ នារី ៥នាក់, គ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+១) ចំនួន ៨៤៦នាក់ នារី ៣៩៣នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋាន (១២+២) ចំនួន ៣០នាក់ នារី ២០នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនចំនួន១,០០៥នាក់ នារី ៣៨៨នាក់។

នៅក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលដែលមានខ្លឹមសារសំខាន់ៗដូចតទៅ៖

* សម្តេចតេជោ ហ៊ុន សែន ចង់ពង្រីកសាលចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំ ដែលបច្ចុប្បន្នមានសភាពតូចចង្អៀតមិនឆ្លើយតបចំនួននិស្សិតកើនឡើងរាល់ឆ្នាំ។

សម្តេចចង់ពង្រីកសាលឱ្យដាក់មនុស្សបានប្រមាណជាង ៤ពាន់នាក់។ សាលចែកសញ្ញាបត្រនេះ គឺផ្តើមចេញពីដំណាក់កាលដ៏លំបាក ដោយធ្វើត្រឹមរោងការប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើនេះមិនមែនធ្វើដូចរបបប៉ុលពត ដែលកម្ទេចសមិទ្ធផលចោលនោះទេ គឺរើពីតូចទៅធ្វើធំ។

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីវិទ្យាអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស គឺនៅតែជាវិស័យអាទិភាពឈានមុខរបស់រាជរដ្ឋាភិបាល។

វិស័យផ្តោតលើការអប់រំនេះ ត្រូវបានសម្តេចដាក់ចេញតាំងពីឆ្នាំ១៩៨៧ ក្រោយឡើងធ្វើនាយករដ្ឋមន្ត្រីបានពីរឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបានមើលវីដេអូឯកសាររបស់កម្ពុជាក្នុងរបបប្រល័យពូជសាសន៍ និងក្រោយរបបប្រល័យពូជសាសន៍ គេមិននឹកស្មានថា កម្ពុជាវិវឌ្ឍន៍ដូចពេលបច្ចុប្បន្ននោះឡើយ។

តែទោះជាយ៉ាងណាសម្តេចតេជោ គូសបញ្ជាក់ថា ត្រូវបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីភាពរីកចម្រើនរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្តេចធ្លាប់បានជួយបង្រៀននៅវិទ្យាស្ថានជាតិអប់រំនេះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរបានដើរតួនាទីខ្លាំងណាស់សម្រាប់សង្គមកម្ពុជា ក្រោយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយរបបប្រល័យពូជសាសន៍ដួលរលំ រដ្ឋាភិបាលមិនមានពេលទៅចាត់ចែងការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។

តែប្រជាពលរដ្ឋ បានចាត់ចែងការរស់នៅរបស់ខ្លួនដោយខ្លួនឯង ដូចជាការបំបែកការហូបរួម និងការចែកដីធ្លីបង្កបង្កើនផល រួមទាំងការរៀបចំសិក្សារៀនសូត្រខ្លួនឯងផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីពីការធ្លាក់ចុះលើការរៀន និងប្រើប្រាស់ភាសាបារាំងនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្លាក់ចុះនេះមកពីរដ្ឋាភិបាលមិនទទួលយកសំណើសម្តេចកាលពីឆ្នាំ១៩៨២ ដែលឱ្យយកចិត្តទុកដាក់លើការបណ្តុះបណ្តាលភាសាបារាំងនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងចូលរួមអបអរសាទរចំពោះគរុសិស្ស និងនិស្សិតទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រថ្ងៃនេះ។

* សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ៣២១លានរៀល ដើម្បីជប់លៀងអបអរសាទរជូនគរុសិស្ស និស្សិត និងដំណើរកម្សាន្តទៅអង្គរវត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរីករាលដាលជំងឺបង្កដោយមេរោគ «COVID19» អាចនឹងរំលត់បានក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើថ្នាំគ្រុនចាញ់អាចប្រយុទ្ធប្រឆាំងជាមួយជំងឺនេះមែននោះ។

សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតខ្មែរនៅក្រុងវូហាន មានសុខភាពល្អជាធម្មតា មិនមានស្លាប់ដូចការផ្សាយមួយចំនួនលើបណ្តាញសង្គមនោះឡើយ។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានចោទសួរទៅអ្នកបំភ្លៃព័ត៌មាននោះថា តើពួកគេចង់បានអ្វីពីការបំភ្លៃនេះ។ * សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅអ្នកដាក់បណ្តាសាសម្តេចឱ្យគ្រោះថ្នាក់ដល់ជីវិតប្រយ័ត្នស្លាប់ខ្លួនឯង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះអាចមានយន្តហោះ៣គ្រឿង ដឹកអ្នកដំណើរពីនាវា Westerdam ចេញពីកម្ពុជាទៅប្រទេសផ្សេងៗ។

ក្នុងនោះយន្តហោះ ៧៧៧មួយគ្រឿង ដឹកជាង៣០០នាក់ ពីភ្នំពេញ ចេញទៅឌូប៉ៃ, មួយគ្រឿងទៀតដឹកពីភ្នំពេញ ទៅជប៉ុន ហើយអាចមានមួយគ្រឿងទៀត ចេញពីព្រះសីហនុ ទៅប្រទេសណាមួយក្នុងតំបន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកម្ពុជាមិនអនុញ្ញាតឱ្យនាវា Westerdam ចូលចតទេនោះ នឹងក្លាយទៅជាវិបត្តិមនុស្សធម៌ក្នុងសកលលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចឱ្យនាវាចូលចត មានប្រជាពលរដ្ឋ ប្រទេសជាមិត្ត និងអង្គការអន្តរជាតិជាច្រើនបានគាំទ្រ។

* ឆ្លើយតបអ្នកមិនគាំទ្រចំពោះការឱ្យនាវានេះចូលចត សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើមានពលរដ្ឋខ្មែរណាម្នាក់កើតជំងឺនេះហើយឬនៅ? មានអ្នកទេសចរណាម្នាក់មានជំងឺនេះហើយឬនៅ?

* សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរចំពោះការរកឃើញស្រ្តីជនជាតិអាមេរិក រកឃើញមេរោគនៅម៉ាឡេស៊ីថា ជារឿងប្រាកដប្រជាហើយឬនៅ? ខណៈភ្ញៀវទេសចរ និងស្វាមីរបស់ស្ត្រីនេះ មិនមានកើតមេរោគនេះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញមានការធ្វើការរវាងអង្គការសុខភាពពិភពលោក ម្ចាស់នាវា និងក្រសួងសុខាភិបាល សហការជាមួយម៉ាឡេស៊ី ធ្វើការលើរឿងករណីស្រ្តីជនជាតិម៉ាឡេស៊ី វ័យ៨៣ឆ្នាំនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានទំនួលខុសត្រូវខ្ពស់លើអ្នកទេសចរលើនាវា Westerdam ពោលអ្នកទេសចរទាំងនេះ បានពិនិត្យសុខភាពយ៉ាងល្អិតល្អន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានការទទួលខុសត្រូវខ្ពស់ណាស់ មិនមែនសុខៗទៅទទួលជំងឺនោះទេ។ តែសម្តេចតេជោ ក៏បានបញ្ជាក់ដែរថា សម្តេចនៅតែរក្សាស្មារតី និងជំហរដើមរបស់សម្តេចថា ទោះបីលើនាវានោះមានអ្នកជំងឺ ក៏ត្រូវឱ្យចូលដែរ ហើយចូលលឿនបំផុត។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអនុញ្ញាតឱ្យចូលទោះមានជំងឺនេះ គឺដើម្បីបើកការព្យាបាលឱ្យបានលឿនបំផុត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឲ្យនាវា Westerdam ចូលចតជាការបំពេញនូវកិច្ចការមនុស្សធម៌ ក្នុងនាមជាសមាជិកក្នុងអង្គការអន្តរជាតិនានា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរសៀលនេះសម្តេចនឹងជួបឯកអគ្គរដ្ឋទូតអាមេរិក និងម្ចាស់នាវា ដែលសុំចូលថ្លែងអំណរគុណសម្តេច។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ត្រូវតែបន្តយកចិត្តទុកដាក់លើការងារជួយអ្នកលើនាវាទេសចរ Westerdam។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាដោះស្រាយបញ្ហារបស់អ្នកទេសចរលើនាវាទេសចរណ៍ Westerdam។

* សម្តេចតេជោ ហ៊ុន សែន បានរំពឹងថា អ្នកនៅលើនាវា Westerdam ដែលកណ្តោចកណ្តែងលើមហាសាគរអស់ជាច្រើនថ្ងៃ នឹងបានត្រឡប់ទៅប្រទេសរបស់ពួកគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិក្នុងតំបន់បាននិងកំពុងកើតមានដោយសារការខ្លាចជ្រុលចំពោះជំងឺបង្កដោយមេរោគ «COVID19»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្ញៀវទេសចរបានធ្លាក់ចុះយ៉ាងខ្លាំងទាំងកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺបង្កដោយមេរោគ «COVID19» កំពុងវាយប្រហារខ្លាំងទៅលើសេដ្ឋកិច្ច។ ប្រទេសកម្ពុជា ក៏ជួបបញ្ហាសេដ្ឋកិច្ចដោយសារជំងឺនេះផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា រោងចក្រមួយចំនួននៅកម្ពុជា អាចបិទ តែមិនមែនបិទដោយសារ EBA គឺបិទដោយសារមិនមានវត្ថុធាតុដើមនាំពីប្រទេសចិន សម្រាប់ផលិត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកទេសចរចេញពីនាវា Westerdam ស្នាក់នៅសណ្ឋាគារសុខា មិនមានបញ្ហាសុខភាពនោះទេ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងមិននិយាយអ្វីទាំងអស់លើបញ្ហា EBA។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទទួលរាល់ការសម្រេចរបស់សហភាពអឺរ៉ុប តែក៏ត្រូវតែទទួលនូវអ្វីដែលខ្មែរសម្រេចផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការប្រយ័ត្នប្រយែង និងទប់ស្កាត់ជំងឺផ្តាសាយបក្សី ដែលកំពុងកើតមាននៅវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកឱ្យជំរុញការដាំដុះដំណាំផ្សេងៗ ដើម្បីផ្គត់ផ្គង់អ្នកទេសចរ និងការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងស្រុក ព្រមទាំងជួយទប់ស្កាត់ការនាំចូលពីក្រៅ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖៣៨នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News៕

ដកស្រង់ពី៖ Fresh News