បណ្តាញសង្គម

សម្ដេចតេជោ ហ៊ុន សែន៖ មេរោគ COVID19 កំពុងវាយប្រហារខ្លាំងទៅលើសេដ្ឋកិច្

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា ជំងឺបង្កដោយមេរោគ «COVID19» កំពុងវាយប្រហារខ្លាំង ទៅលើសេដ្ឋកិច្ច ហើយប្រទេសកម្ពុជា ក៏ជួបបញ្ហាសេដ្ឋកិច្ច ដោយសារជំងឺនេះផងដែរ។

ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សា ឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចនេះ (COVID19) បានវាយប្រហារខ្លាំង ទៅលើសេដ្ឋកិច្ច ជាពិសេសសេវាទេសចរណ៍ បន្ទាប់ទៅគឺសេវាដឹកជញ្ជូន, វត្ថុធាតុដើមសម្រាប់ផលិតតាមប្រទេស...ធ្ងន់បំផុតអារឿងហ្នឹង!»។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា ប្រទេសមួយចំនួន បានបិទរោងចក្របណ្ដើរៗហើយ ដែលជាប្រទេសទទួលធាតុដើម ពីប្រទេសចិន ហើយរោងចក្រមួយចំនួន នៅកម្ពុជា ក៏អាចបិទដែរ ដោយសារមិនមានវត្ថុធាតុដើម នាំពីប្រទេសចិន សម្រាប់ផលិត តែមិនមែនបិទដោយសារ EBA ទេ។

ជាមួយគ្នានោះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា «ផុតពីជំងឺភ័យខ្លាច របស់កម្ពុជា បានកើតមាននូវជំងឺភ័យខ្លាច និងការរើសអើងក្នុងតំបន់ ចឹងអាភ័យខ្លាច និងការរើសអើង កំពុងវាយប្រហារ លើសេដ្ឋកិច្ចហើយ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ឥលូវយើងឃើញហើយ តំបន់របស់យើង ត្រូវរង់ចាំវិបត្ដិមកដល់ មិនបាច់រកចាំទេ វាមកដល់រួចស្រេចទៅហើយ រឿងកើតចេញពីការខ្លាចជ្រុល និងការរើសអើង នាំដល់វិបត្ដិដំបូងបំផុត ទៅលើទេសចរណ៍ មិនថា ប្រទេសណាទេ ធ្លាក់ទេសចរណ៍ទាំងអស់ រាប់ទាំងកម្ពុជា»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ពួកអ៊ឺរ៉ុប អត់មកអាស៊ី ដោយសារតែខ្លាចឆ្លង (COVID19) ឯពួកអាស៊ី អ្នកដែលធ្វើដំណើរច្រើនជាងគេ គឺចិន ១២០លាន ទៅ១៥០លាននាក់ ដែលចេញធ្វើដំណើរ និងចេញទស្សនកិច្ចមកកម្ពុជា»។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩ កម្ពុជា មានភ្ញៀវទេសចរជាង២លាននាក់ ជាជនជាតិចិន ដែលមកលេងនៅកម្ពុជា។

គ្រប់ប្រទេសទាំងអស់ ទទួលទេសចរណ៍ចិន ប៉ុន្ដែឥលូវ សណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន បានដាំក្បាលចុះជាបណ្ដើរៗហើយ។ បើតាមការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ចំនួនមនុស្សដែលបាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិន បានកើនដល់១,៨៦៨នាក់ហើយ ចំនួនអ្នកឆ្លងបានបន្តកើនដល់ ជាង ៧២,៥០០នាក់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុងវូហាន ដែលជាក្រុងធំទំនើប ដែលមានប្រជាជនរស់នៅ ច្រើនជាងគេលំដាប់ទី៧ នៅប្រទេសចិន មាននិស្សិតខ្មែរប្រមាណ២៣នាក់ កំពុងសិក្សា និងស្នាក់នៅទីនោះ៕

ដកស្រង់ពី់៖ Fresh News