Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ដ្រី វេង សាខុន ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីធានាដល់ដំណើរការ នៃកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ ក្នុងវិស័យកសិកម្ម

  • បោះពុម្ព

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការ «ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងកសិកម្ម។

ក្នុងសិក្ខាសាលានេះ មានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ប្រតិភូរាជរដ្ឋាភិបាល លោក លោកស្រី ប្រធានអង្គភាព និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត សមាជិក សមាជិកា សរុបជាង២៥០នាក់។

លោក គុយ ម៉ារិនឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួល និងអនុវត្តការពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានអានរបាយការណ៍សង្ខេបអំពីវឌ្ឍនភាព ដែលក្រុមការងារសម្រេចបានកន្លងមក មានជាអាទិ៍

១៖ បានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់កណ្តាល ដែលមានអង្គភាពពាក់ព័ន្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត។

២៖ បានរៀបចំលិខិតបទដ្ឋានគតិយុត្ត ស្តីពីការធ្វើវិសហមជ្ឈការផ្ទេរតាមបែបប្រតិភូកម្មនូវសេវាមុខងាររដ្ឋបាល ទៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងទៅការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក-ខណ្ឌនៅថ្នាក់ក្រោមជាតិ។

៣៖ បានរៀបចំសម្របសម្រួល និងធ្វើបច្ចុប្បន្នភាពលើមុខងារសេវារដ្ឋបាល (វិស័យកសិកម្ម) បែបបទ ទម្រង់ពាក្យស្នើសុំ នីតិវិធី លក្ខខណ្ឌភ្ជាប់នានា បញ្ជីមុខងារបឋមលើវិស័យកសិកម្ម ឲ្យមានភាពសាមញ្ញ សម្រាប់ផ្តល់សេវារដ្ឋបាល នៅថ្នាក់ក្រោមជាតិ។

៤៖ បានរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ស្តីពីការធ្វើវិមជ្ឈការផ្ទេរតាមបែបប្រគល់ នូវធនធានរួមមាន (មនុស្ស ថវិកា ទ្រព្យសម្បត្តិ) ភ្ជាប់ដោយមុខងារ និងបែបប្រគល់ភាពជាម្ចាស់ ទៅឲ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ។

លោករដ្ឋមន្ត្រី វេង សាខុន ក្នុងនាមក្រសួង និងរូបលោកផ្ទាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ ដែលបានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ ក្នុងការអនុវត្តសកម្មភាពការងារ រយៈពេល១ឆ្នាំកន្លងមកនេះ ហើយក៏ចូលរួមអបអរសាទរនូវសមិទ្ធផល ដែលក្រុមការងារសម្រេចបានជាវិជ្ជមានដូចក្នុងរបាយការណ៍ខាងដើម។

ដោយឡែក សិក្ខាសាលានាពេលនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា គឺដើម្បីតម្រង់ទិសដៅ អនុវត្តតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌកំណែទម្រង់ រដ្ឋបាលសាធារណៈឲ្យកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត តាមរយៈការលើកកម្ពស់សេវាសាធារណៈដោយភក្តីភាព និងមនសិការវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ឲ្យទៅជាអ្នកផ្តល់សេវាសាធារណៈ ដ៏មានប្រសិទ្ធភាព និងបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។

រីឯកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺមានគោលដៅបង្កើតប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រង ដើម្បីជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងធានាការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅឆ្លើយតបនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបន្ដថា ពិតណាស់ថា កំណែទម្រង់ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាកំណែទម្រង់ ដែលមានការប៉ះពាល់គ្រប់វិស័យ ទាំងផ្នែកស្ថាប័ន និងរបៀបរបបចាត់ចែង ការងារនៅតាមវិស័យនីមួយៗ ដោយសារកំណែទម្រង់នេះ តម្រូវឲ្យមានការផ្ទេរមុខងារ និងធនធាន ទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ។

ដើម្បីជំរុញដំណើរការកំណែទម្រង់នេះ ឲ្យកាន់តែរលូន គឺទាមទារឲ្យមានការបង្កើនការដឹកនាំ ការសម្របសម្រួលរវាងកំណែទម្រង់ទម្រង់វិមជ្ឈការ

និងវិសហមជ្ឈការ ជាមួយកម្មវិធីកំណែទម្រង់ផ្សេងៗទៀតមានជាអាទិ៍ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ រដ្ឋបាលសាធារណៈ ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ព្រមទាំងកម្មវិធីកំណែទម្រង់តាមវិស័យ សំដៅធានាឲ្យកម្មវិធីកំណែទម្រង់ទាំងនោះ មានសង្គត្តិភាព ប្រទាក់ក្រឡាគ្នា ស៊ីចង្វាក់គ្នា និងគាំទ្រគ្នាទៅវិញទៅមក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ដើម្បីធានាដល់ដំណើរការ នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នៃដំណើរការកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលានោះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីជាធាតុចូលជូនថ្នាក់ដឹកនាំ

និងមន្រ្តីគ្រប់លំដាប់ថ្នាក់ សម្រាប់ជាមូលដ្ឋាន ក្នុងការអនុវត្តបន្តដូចតទៅ៖ ទី១៖ ត្រូវធ្វើការពិភាក្សា បកស្រាយលើកហេតុផល ឲ្យបានគ្រប់ជ្រុងជ្រោយអំពីចំណុចខ្លាំង ចំណុចខ្សោយ និងលើកទិសដៅអនវុត្តបន្ត ឲ្យបានសមស្របក្នុងបរិបទបច្ចុប្បន្ន។

ទី២៖ ត្រូវរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ បទដ្ឋានបច្ចេកទេស និងស្តង់ដាសេវា សម្រាប់ជាមូលដ្ឋានតម្រង់ទិសដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្តភារកិច្ច ដែលក្រសួងបានផ្ទេរ ហើយត្រូវចុះសម្របសម្រួលលើការងារគាំទ្រ នៃមុខងារដែលត្រូវបានធ្វើប្រតិភូកម្មពាក់ព័ន្ធនឹងបច្ចេកទេស សមត្ថភាព និងត្រួតពិនិត្យវាយតម្លៃ លើការផ្តល់សេវារដ្ឋបាល ដែលបានផ្ទេរតាមបែបប្រតិភូកម្ម ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទី៣៖ គ្រប់អង្គភាពក្រោមឱវាទក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវពិគ្រោះយោបល់ និងធ្វើកិច្ចសហប្រតិបត្តិការ រួមគ្នាលើកិច្ចការចាំបាច់មួយចំនួន ជាមួយរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ដើម្បីធានាលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។

ទី៤៖ ត្រូវខិតខំប្រឹងប្រែងទំនាក់ទំនង ជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនកាលានុវត្តភាព ក៏ដូចជាការរៀបចំផែនការ យុទ្ធសាស្រ្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឆ្លើយតបទៅនឹងការប្រែប្រួលនាកាលៈ ទេសៈបច្ចុប្បន្ននេះ។

ទី៥៖ ត្រូវពង្រឹងវិន័យ និងរបៀបរបបធ្វើការងាររបស់មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ឲ្យបានល្អប្រសើរ និងត្រូវចេះសម្របសម្រួល និងសហការគ្នា ឲ្យបានជិតស្និទ្ធ ដើម្បីកុំឲ្យភាពមិនចុះសម្រុងគ្នានេះ ជះឥទ្ធិពលមិនល្អ ដល់ប្រសិទ្ធភាពការងារ និងការអនុវត្តនូវទិសដៅការងាររបស់ក្រសួង ជាពិសេសរបស់រាជរដ្ឋាភិបាល៕

ដកស្រង់ពី៖ Fresh News