បណ្តាញសង្គម

សម្ដេចក្រឡាហោម ស ខេង បង្ហាញសមិទ្ធផលសំខាន់ៗ ដែលក្រសួងមហាផ្ទៃសម្រេចបាន ក្នុងឆ្នាំ២០១៩

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្ដ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញនូវសមិទ្ធផលសំខាន់ៗមួយចំនួន ដែលស្ថាប័នចំណុះក្រសួងខិតខំពុះសម្រេចបានក្នុងឆ្នាំ២០១៩។

សមិទ្ធផលដែលសម្ដេចក្រឡាហោម ស ខេង បង្ហាញឡើងនោះរួមមាន៖ *កងកម្លាំងនគរបាលជាតិ ដោយមានកិច្ចសហការចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា ក្នុងសង្គមកាន់តែមានប្រសិទ្ធភាពថែមទៀត។

ជាក់ស្ដែងទោះបីបទល្មើសព្រហ្មទណ្ឌ ក្នុងឆ្នាំ២០១៩ មានការកើនឡើងបន្ដិច (កើន៨ភាគរយ) ដោយសារការហូរចូលយ៉ាងគំហុក នៃជនបរទេស ដែលនាំមកជាមួយនូវបទល្មើស ដែលប្រព្រឹត្តឡើងក្នុងចំណោមជនបរទេសមួយចំនួនក៏ដោយ ក៏កងកម្លាំងនគរបាលជាតិ បានប្រឹងប្រែងបង្ក្រាបបានរហូតដល់ ៨៩ភាគរយ

នៃបទល្មើសដែលកើតមានឡើង គឺមានអត្រាខ្ពស់ជាងឆ្នាំ២០១៨។ ព្រមជាមួយនេះ បទល្មើសមួយចំនួនដែលប៉ះពាល់ដល់ចិត្តសាស្ដ្រសង្គមដូចជា លួចមានស្ថានទម្ងន់, រំលោភសម្លាប់, អំពើហិង្សាដោយចេតនា, ឆបោក និងការប្រើប្រាស់អាវុធខុសច្បាប់ មានការថយចុះគួរឲ្យកត់សម្គាល់។

*វិធានការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានបន្ដជំរុញយ៉ាងសកម្មផុលផុស ស្របតាមផែនការនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ការងារបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ, សកម្មភាពក្មេងទំនើង, ល្បែងស៉ីសងខុសច្បាប់, បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ, ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ដូចជាវិធានការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ, អាវុធជាតិផ្ទុះ ក៏បានខិតខំប្រឹងប្រែអអនុវត្តយ៉ាងសស្រាក់សស្រាំ និងទទួលបានការគាំទ្រ ការចូលរួមកាន់តែច្រើនពីសាធារណជន។

*ការគ្រប់គ្រងវត្តមានជនបរទេសអន្ដោប្រវេសន្ដ ក៏ត្រូវបានយកចិត្តទុកដាក់ជាបន្ថែមទៀត និងកាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ បន្ទាប់ពីបញ្ចប់ជាស្ថាពរនូវយុទ្ធនាការ នៃការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់។

ទន្ទឹមនេះការគ្រប់គ្រងការចេញចូលឆ្លងកាត់តាមច្រកទ្វារនានា ក៏ត្រូវបានពង្រឹង និងលើកកម្ពស់ តាមរយៈការកែសម្រួលបែបបទអ្នកដំណើរ ចេញចូលប្រទេសឲ្យមានភាពងាយស្រួលជាងមុន ដើរទន្ទឹមនឹងការបង្កើនការគ្រប់គ្រងមុខសញ្ញានានា ដើម្បីចូលរួមពង្រឹងសន្ដិសុខជាតិ។

ព្រមជាមួយនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរចេញចូលប្រទេសរបស់ប្រជាពលរដ្ឋ ច្រកទ្វារស្វ័យប្រវត្តិ (E-Gate) នៅតាមអាកាសយានដ្ឋានអន្ដរជាតិ ត្រូវបានដាក់ឲ្យដំណើរការជំនួសឲ្យការបំពេញព័ត៌មាននៅក្នុងសាលាកបត្រ។

*ការងារអត្តសញ្ញាណកម្ម ក៏សម្រេចបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ផងដែរ ជាពិសេសបានដោះស្រាយបញ្ចប់ជាស្ថាពរ

នូវឯកសារសេសសល់ ដែលបានដាក់ ពាក្យស្នើសុំកែតម្រូវ និងមោឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ និងបានបង្កើតក្រុមការងារប្រចាំការផ្ដល់សេវាកម្ម អត្តសញ្ញាណកម្ម (GDI eServices)

និងប្រតិកម្មរហ័ស រៀបចំតម្លើងប្រអប់សំបុត្រនៅតាមបណ្ដាសាខាផ្ដល់សេវាអត្តសញ្ញាណកម្មទាំងអស់ ដើម្បីទទួលនូវ មតិយោបល់ ចូលរួមពីសាធារណជន ព្រមទាំងបានធ្វើការកែសម្រួលយន្ដការមួយចំនួន នៃការផ្ដល់សេវាអត្តសញ្ញាណកម្ម ដើម្បីឆ្លើយតបនូវសំណូរពរ របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា មានប្រសិទ្ធភាព និងមានតម្លាភាព។

*ចំពោះការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អាស្រ័យដោយការប្ដេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់រាជរដ្ឋាភិបាល និងដោយមានការគាំទ្រ ការចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា បានជំរុញកិច្ចដំណើរការកំណែទម្រង់ឲ្យឈានចូលក្នុងដំណាក់កាលកាន់តែស៉ីជម្រៅ ដែលក្នុងនោះ សមិទ្ធផលសំខាន់ដែលមានលក្ខណៈប្រវត្តិសាស្ដ្រនោះ គឺការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ តាមរយៈការដាក់ចេញអនុក្រឹត្យចំនួន០៣ ដែលឆ្លុះបញ្ចាំងពីប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងមិនដូចគ្នាទាំងស្រុងរវាង ក្រុង ស្រុក និងខណ្ឌ។

ការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនេះ បានភ្ជាប់ជាមួយការផ្ទេរមុខងារចំនួន៥៤ និងមុខងាររង ចំនួន១៦២ ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ។ ព្រមជាមួយនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវអនុក្រឹត្យស្ដីពី ការផ្ទេរមុខងារផ្ដល់សេវាសុខាភិបាល ទៅឲ្យរដ្ឋបាលរាជធានី ខេត្តផងដែរ។

ទន្ទឹមនឹងការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ការផ្ទេរមុខងារ ធនធានទៅឲ្យថ្នាក់រដ្ឋបាលទាំងនេះ និងការផ្ទេរមុខងារទៅឲ្យរដ្ឋបាលរាជធានី ខេត្ត រាជរដ្ឋាភិបាលក៏បានបង្កើនការផ្ទេរធនធានហិរញ្ញវត្ថុ ផ្នែកអភិវឌ្ឍន៍ដល់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២០នេះ ឲ្យមានការកើនឡើងទ្វេដង ប្រៀបនឹងឆ្នាំ២០១៩ ហើយធនធានហិរញ្ញវត្ថុផ្នែកអភិវឌ្ឍន៍នេះ នឹងត្រូវបង្កើនជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៣។

វឌ្ឍនភាពថ្មី នៃដំណើរការកំណែទម្រង់នេះ នឹងបង្កលក្ខណៈសម្បត្តិដល់រដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានលទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបតម្រូវការរបស់មូលដ្ឋាន ដែលជួយពង្រឹងគណនេយ្យភាពរបស់ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអះអាងថា ក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផលនានាជាច្រើនទៀត ដែលក្រសួងមហាផ្ទៃ ខិតខំពុះពារសម្រេចបានក្នុងឆ្នាំ២០១៩ កន្លងទៅ ដូចជា ការពង្រឹងការគ្រប់គ្រងពន្ធនាគារ ស្របពេលដែលមានការកើនឡើងនូវ ចំនួនអ្នកជាប់ឃុំពន្ធនាគារ ទូទាំងប្រទេស ក្រោមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤។

បន្ថែមពីនេះ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការបណ្ដុះបណ្ដាល កសាងសមត្ថភាពធនធានមនុស្សទាំងផ្នែករដ្ឋបាលស៉ីវិល និងនគរបាលជាតិ, ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសមាគម, អង្គការមិនមែនរដ្ឋាភិបាល, អង្គការអន្ដរជាតិ និងប្រទេសនានា និងកិច្ចសហការសម្របសម្រួលជាអន្ដរស្ថាប័ន ជាមួយក្រសួង ស្ថាប័ននានា របស់រាជរដ្ឋាភិបាល៕

ដកស្រង់ពី៖ Fresh News