បណ្តាញសង្គម

ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តស្ទឹងត្រែង ដាក់ឲ្យធ្វើដំណើរការ បណ្តោះអាសន្ន

ស្ទឹងត្រែង៖ ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង ដែលជាស្ពានឆ្លងកាត់ ទន្លេមេគង្គ ប្រវែង ១.៧៣១ម៉ែត្រ ត្រូវបានអាជ្ញាធរ ខេត្តស្ទឹងត្រែង បើកឲ្យធ្វើដំណើរឆ្លងកាត់ បណ្តោះអាសន្នហើយ នៅព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០១៤ នេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ បានប្រកាសអនុញ្ញាតឱ្យ យានយន្តគ្រប់ប្រភេទ និង ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង ជាបណ្តោះអាសន្ន ដោយសារ រដូវវស្សាឆ្នាំនេះ ទឹកជំនន់ ទន្លេមេគង្គបានជន់ឡើងខ្លាំង នាំឱ្យការធ្វើដំណើរឆ្លងកាត់ ទន្លេមេគង្គ របស់ប្រជាពលរដ្ឋ ជួបការលំបាក។

ក្រោយពីប្រកាសដាក់ឲ្យ ដំណើរការ បណ្តោះអាសន្ន នាព្រឹកនេះ គេឃើញប្រជាពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែង ដែលធ្លាប់ តែធ្វើដំណើរតាមទូក តាមកាណូត បាននាំគ្នាធ្វើដំណើរឆ្លងកាត់ ស្ពានមួយនេះ ជាមួយទឹកមុខ យ៉ាងសប្បាយរីករាយ ។

នេះជាសមិទ្ធផលថ្មីសន្លាង ប្រកបដោយសារៈ ប្រយោជន៍មួយទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា កើតចេញពីកិច្ចខិតខំ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ក្រោយពីបាន បញ្ចប់សង្រ្គាមរ៉ាំរ៉ៃទាំង ស្រុងរយៈពេលជាង ៣០ឆ្នាំមកនេះ។

ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង មានប្រវែង ១.៧៣១ម៉ែត្រ និងទទឹង ១៣,៥ ម៉ែត្រ។ ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង ជាស្ពានដែល ស្ថិតក្នុងគម្រោងសាងសង់ ផ្លូវជាតិលេខ៩ ភ្ជាប់ពីក្រុងស្ទឹងត្រែង ផ្លូវជាតិលេខ៧ ទៅកាន់ខេត្តព្រះវិហារ ដែលមានប្រវែង ១៤៤ គីឡូម៉ែត្រ ត្រូវចំណាយទឹកប្រាក់ ប្រមាណ ១១៦ លានដុល្លារ ជាហិរញ្ញប្បទាន របស់ប្រទេសចិន។ គម្រោងនេះ បានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០១១ ហើយគ្រោង នឹងបញ្ចប់ នៅខែមករា ឆ្នាំ២០១៦ ៕

ដកស្រងពី៖ ដើមអម្ពិល