បណ្តាញសង្គម

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះបានប្រកាសថា ខ្លួនបានការអនុញ្ញាតជាគោលការណ៍ពី គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) លើការបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិលើកដំបូងជាសាធារណៈ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នា

(បន្ទាយមានជ័យ)៖ មានប្រសាសន៍ចេញពីភាគពាយ្យ នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាថ្មីម្ដងទៀតបានប្រកាសយ៉ាងដាច់ណាត់ថា មិនលើកលែងឲ្យជនទាំងឡាយណា ដែលធ្វើសកម្មភាពបំបែកបំបាក់ជាតិនោះឡើយ ហើយសម្ដេចក៏មិនផ្ដល់ឱកាសឲ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់កម្ពុជានោះដែរ។

ក្នុង ឱកាសអញ្ជើញសម្ពោធផ្លូវជាតិលេខ៥៨ ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជាអតីតទឹកដីសមរភូមិ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា អតីតកងកម្លាំងផ្សេងគ្នា ដែលធ្លាប់ប្រយុទ្ធគ្នាបានមកអង្គុយធ្វើការជាមួយគ្នា ដូច្នេះមិនផ្ដល់ឱកាសឲ្យជនទាំងឡាយមកបំបែកបំបាក់បានឡើយ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទជាសំណួរ ទៅកាន់ជនទាំងឡាយណាដែលមានបំណងចង់ធ្វើឲ្យកម្ពុជាបែកបាក់ថា «តើពួកគេចង់បានអីទៀត បើប្រទេសកម្ពុជាមានការអភិវឌ្ឍដូចពេលនេះហើយ?»។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះអ្នកដែលជាអតីតកម្លាំងផ្សេងៗគ្នា មានការប្រយុទ្ធស៉ីសាច់ហុតឈាមជាមួយគ្នា មកអង្គុយធ្វើការជាមួយគ្នា បាយជាមួយគ្នា រួមរស់នៅជាមួយគ្នា អភិវឌ្ឍន៍ប្រទេស ប៉ុណ្ណឹងហើយអ្នកឯងទៅរកអីទេ អ្នកឯងចង់បំបែកបំបាក់ជាតិអីទៀត ចង់បំបែកបំបាក់ជាតិអីទៀត យើងមិនអត់ឱនឲ្យទង្វើណានាំទៅរកការបែកបាក់ ហើយយើងមិនផ្ដល់ឱកាសឲ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសយើង នាំទៅដល់ចលាចល និងបាត់បង់សន្ដិភាពដែរ»។

គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ទៅកាន់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ក៏ធ្លាប់បានប្រកាសដែរថា កម្ពុជាមិនថយក្រោយ ក្នុងការកាត់ក្ដីលើជនក្បត់ជាតិ ឬអ្នកដែលទទួលទណ្ឌកម្មនោះទេ ហើយសម្ដេចក៏ព្រមានបិទការចរចា ជាមួយភាគីណាទាំងអស់ ដែលចង់ឲ្យសម្ដេចជួយអ្នកដែលតុលាការកំពុងកាត់ក្ដី។

បើទោះបីមិននិយាយចំឈ្មោះបុគ្គលណាក៏ពិតមែន ប៉ុន្ដែគេអាចសន្និដ្ឋាន និងវាយតម្លៃបានថា អ្នកដែលកំពុងត្រូវបានតុលាការកាត់ក្ដី ពាក់ព័ន្ធរឿងក្បត់ជាតិនេះ គឺលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលរហូតមកដល់ពេលនេះ តុលាការកំពុងដំណើការទៅតាមនីតិវិធី ដោយគ្មានអ្វីជាការរាំងស្ទះនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាមានការទទួលខុសត្រូវចំពោះជាតិរបស់ខ្លួន មិនអាចទុកឲ្យអ្នកដែលបំផ្លាញជាតិបានរួចខ្លួនទាល់តែសោះហើយ ដំណើរការផ្លូវច្បាប់នៅក្នុងតុលាការនៅតែបន្ដ អត់មានថយក្រោយទេ ហើយសម្ដេចអះអាងថា ប្រទេសផ្សេងអនុវត្តតាមច្បាប់របស់គេផ្សេង ហើយកម្ពុជាក៏មានសិទ្ធិអនុវត្តច្បាប់តាមកម្ពុជាដូចគ្នាដែរ៕

ដកស្រង់ពី៖ Fresh News