Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ដ្រីសុខាភិបាល៖ ៣ឆ្នាំមកនេះគ្មានករណីស្លាប់ដោយជំងឺគ្រុនចាញ់ ករណីឈឺធ្លាក់ចុះជាបន្ដបន្ទាប់, យើងនឹងបន្ដធ្វើការរួមគ្នាឈានទៅលុបបំបាត់ទាំងស្រុង នៅឆ្នាំ២០២៥

  • បោះពុម្ព

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្នុងរយៈពេល៣ឆ្នាំជាប់គ្នាមកនេះ ចាប់ពីចុងឆ្នាំ២០១៧មក ករណីស្លាប់ដោយជំងឺគ្រុនចាញ់ គឺសូន្យ ហើយករណីឈឺ ក៏បានចុះជាបន្ដបន្ទាប់ផងដែរ។

ជាក់ស្ដែង ករណីជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១៩ មាន ៣១,៩៧១ករណី គឺមានការថយចុះ ៤៩% បើបៀបធៀបទៅនឹងឆ្នាំ២០១៨ ពិសេសប្រភេទជំងឺគ្រុនចាញ់សន្ធំ (Plasmodium Falciparum) និងចំរុះមានតែ ៤,៩៩០ករណី គឺថយចុះយ៉ាងកំហុក ៧២% ។

ករណីស្លាប់ដោយជំងឺគ្រុនចាញ់ គឺសូន្យតាំងពីឆ្នាំ២០១៨ មក បានន័យថា សម្រេចបានជោគជ័យនូវសូចនាករអត្រាស្លាប់៣ឆ្នាំ មុនគោលដៅឆ្នាំ២០២០។

ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ទូទាំងប្រទេស របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ការងារលុបបំបាត់ជំងឺគ្រុនចាញ់ ជាការងារមួយដ៏ពិបាកណាស់ ព្រោះវាជាផ្នែកមួយដែលទាមទារ ឱ្យមន្ដ្រីយើង និងអង្គការដៃគូ ចុះទៅដោយផ្ទាល់ ដើម្បីធ្វើការពន្យល់ណែនាំឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍ បានយល់ដឹងច្បាស់ និងអនុវត្ដតាមការណែនាំ។

ក្នុងនោះ រាជរដ្ឋាភិបាល ក៏បានបន្ដផ្គត់ផ្គង់សម្ភារផ្សេងៗដែលខ្វះខាត ដូចជាមុងជ្រលក់ថ្នាំជូនដល់ប្រជាពលរដ្ឋ ដើម្បីការពារមូសពេលចូលក្នុងព្រៃផងដែរ»។

ដូច្នេះ «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជានិច្ចកាល បានយកចិត្ដទុកដាក់យ៉ាងខ្លំាង និងឧបត្ថម្ភគាំទ្រដល់ក្រសួងសុខាភិបាល អំពីសុខភាពរបស់ប្រជាជនយើង ជាពិសេសការអនុវត្ដឱ្យបានសម្រេចនូវផែនការយុទ្ធសាស្ដ្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់

ឆ្នាំ២០១១-២០២៥ និងកាន់តែប្រសើរឡើងនូវការគ្រប់គ្រងស្ថានភាពជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូនជាដើម ដោយបានកៀរគរជំនួយបន្ថែមពីអន្ដរជាតិ និងដៃគូអភិវឌ្ឍនានា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការឈានទៅរកការលុបបំបាត់ជំងឺទាំងនេះពេលខាងមុខ»។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា ដើម្បីធានាសម្រេចបាននូវសូចនាករលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ឆ្នាំ២០២០ និង២០២៥ ខាងមុខ សូមជំរុញលើកទឹកចិត្ដដល់អង្គការដៃគូ ដែលតំណាងឱ្យម្ចាស់ជំនួយទីប្រឹក្សាបច្ចេកទេស និងដៃគូអភិវឌ្ឍត្រូវតែសម្របសម្រួល និងសហការគ្នាពេញលេញឱ្យលទ្ធភាព ជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ។

លើសពីនោះ ត្រូវតែផ្ដោតលើប្រជាជនដែលប្រឈមមុខខ្ពស់ ដូចជា ជនចំណាកស្រុក អ្នកចូលព្រៃ ធ្វើយ៉ាងណាផ្ដល់មធ្យោបាយ ការពារ បង្ការការចម្លងជំងឺ និងផ្ដល់សេវាសុខភាព ពិនិត្យ និងព្យាបាលជំងឺឱ្យបានឆាប់បំផុត ទាន់ពេលវេលា ដើម្បីរារាំងទប់ស្កាត់ការរីករាលដាលការចម្លងជំងឺនេះ៕

ដកស្រង់ពី៖ Fresh News