បណ្តាញសង្គម

ព្រះនាមព្រះបរមរតនកោដ្ឋ ត្រូវបានដាក់លើផ្លូវមួយខ្សែ នៅប្រទេសបង់ក្លាដេស

(ភ្នំពេញ)៖ ព្រះនាមព្រះបរមរតនកោដ្ឋ «នរោត្តម សីហនុ» ត្រូវបានដាក់លើផ្លូវមួយខ្សែ នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ហើយត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ។

ពិធីសម្ពោធជាផ្លូវការនូវវិថី «King Norodom Sihanouk Road» ស្ថិតនៅតំបន់ការទូត Baridhara មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលបង់ក្លាដេសផងដែរ។

កម្ពុជា និងបង់ក្លាដេស បានព្រមព្រៀងគ្នាយកវិថីម្នាក់មួយខ្សែ ដាក់ព្រះនាមព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ហើយដាក់ឈ្មោះលោក Bangabandhu SHEIKH MUJIB បិតាជាតិរបស់បង់ក្លាដេស លើវិថីមួយខ្សែនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ការព្រមព្រៀងនេះ បានកើតមានឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីបង់ក្លាដេស មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧។

ការសម្រេចដាក់ព្រះនាម និងឈ្មោះរបស់បិតាជាតិនៃប្រទេសទាំងពីរ គឺជាការបង្ហាញឱ្យឃើញនូវការរឹតចំណងទំនាក់ទំនង និងមិត្តភាពរវាងប្រទេសទាំងពីរ។

ដកស្រង់ពី៖ Fresh News