Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រាប់ឲ្យគយ និងពន្ធដារ ធ្វើការសិក្សាលទ្ធភាពអនុញ្ញាត ឲ្យបើកកន្លែងលក់ទំនិញប្រណីតៗ តាមតំបន់ទេសចរណ៍

  • បោះពុម្ព

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ធ្វើការសិក្សាលទ្ធភាព នៃការអនុញ្ញាត ឲ្យបើកកន្លែងសម្រាប់លក់ទំនិញប្រណីតៗ និង Outlet (ច្រកចេញ) តាមតំបន់ទេសចរណ៍ និងទីប្រជុំជនសំខាន់ៗ ដើម្បីទាក់ទាញការវិនិយោគផ្នែកនេះ។

ការណែនាំបែបនេះ បានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុប ការងារប្រចាំឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគ្គនាយកដ្ឋានគយ) ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃ អគ្គនាយកដ្ឋានគយជាច្រើនរូប នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គយ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ជាមួយគ្នានេះ ក្នុងខណៈដែលកម្ពុជា បាននិងកំពុងជួបប្រទះ នូវបញ្ហាប្រឈមធំៗមួយចំនួនរួមមាន៖ ការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចសកល, ការព្យួរដោយផ្នែក នៃប្រព័ន្ធអនុគ្រោះ EBA និងការរីករាលដាលនៃមេរោគ Covid-19 ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ខ្សែចង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើម លោកអគ្គបណ្ឌិតសភាចារ្យ បានណែនាំសម្រាប់ជាទិសដៅ អនុវត្តបន្តក្នុងឆ្នាំ២០២០ ដោយសង្កត់ធ្ងន់លើការងារមួយចំនួនរួមមាន៖

១៖ បន្តពង្រឹងអភិបាលកិច្ចល្អក្នុងស្ថាប័ន ដោយត្រូវប្រកាន់ខ្ជាប់អភិក្រម៤ ប្រការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអភិក្រម៥ប្រការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

២៖ លើកកម្ពស់អនុលោមភាពវិស័យឯកជន តាមរយៈការផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម ដល់ធុរជនមានអនុលោមភាពខ្ពស់ ប៉ុន្តែត្រូវចាត់វិធានការម៉ឺងម៉ាត់ ចំពោះធុរជនដែលប្រព្រឹត្តល្មើស។

៣៖ ចាត់វិធានការសម្រួល ដល់ការនាំចូលនូវវត្ថុធាតុដើម បម្រើផលិតកម្មនៃគម្រោងវិនិយោគនានាទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសនៅពេលដែលខ្សែចង្វាក់ផ្គត់ផ្គង់ ដំណើរការឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈដោយសារការផ្ទុះឡើងនៃជម្ងឺ Covid-19។

៤៖ បន្តពង្រីក និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងជំរុញការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ ឲ្យបានពេញលេញ។

៥៖ បន្តយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព និងធ្វើឲ្យបានឆាប់រហ័សនូវការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ, ចំណាត់ថ្នាក់ទំនិញ, និងវិធានដើមកំណើតទំនិញ ព្រមវាយតម្លៃផលប៉ះពាល់ លើចំណូលគយ ដែលបណ្តាលមកពីហេតុផលនានា ដើម្បីចាត់វិធានការ ប៉ះប៉ូវចំណូលឲ្យបានសមស្រប។

៦៖ ជំរុញបញ្ចប់ការរៀបចំ ឯកសារយុទ្ធសាស្រ្តបច្ចេកវិទ្យាព័ត៌មាន របស់ អគ្គនាយកដ្ឋានគយ និងត្រូវរៀបចំឱ្យមានគម្រោងចំណាយច្បាស់លាស់ សម្រាប់រយៈពេលមធ្យមនិងវែង។

៧៖ បន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក និងត្រៀមអនុវត្តនូវកញ្ចប់វិធានការថ្មីៗ របស់រាជរដ្ឋាភិបាល ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ អគ្គនាយកដ្ឋានគយ ឲ្យមានប្រសិទ្ធភាព។ ៨៖ ជំរុញបញ្ចប់ការសិក្សាគោលនយោបាយ ការនាំចូលរថយន្តប្រើរួច។

បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៩ ចំណូលសរុបទឹកប្រាក់ប្រមាណ ៣,២១៥លានដុល្លារអាមេរិក កើនឡើង ៣០% ធៀបនឹងឆ្នាំ២០១៨ ហើយលើសផែនការដែលបានកំណត់ប្រមាណ ៤២.៧%។ បើប្រៀបធៀបនឹងឆ្នាំ២០១៨ ចំណូលតាមប្រភេទពន្ធសំខាន់ៗមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ក្នុងនោះ ពន្ធនាំចូលកើនឡើង ៣០.៧%, អាករពិសេសកើនឡើង ៣៣.៦% និងអាករលើតម្លៃបន្ថែម (VAT) កើនឡើង ២៨.៨%។

បើពិនិត្យលើចំណូលតាមក្រុមទំនិញវិញ មុខទំនិញយានយន្តនិងគ្រឿងចក្របន្តជាប្រភពចំណូលសំខាន់ ដោយគ្របដណ្តប់ប្រមាណ ៥២.៧% នៃចំណូលសរុប។ លោកបញ្ជាក់ថា ចំណូលដែល អគ្គនាយកដ្ឋានគយ ប្រមូលបានក្នុង ឆ្នាំ២០១៩ មានកម្រិតខ្ពស់ជាងគេក្នុងរយៈពេល ២០ឆ្នាំ កន្លងមកនៅក្នុង បរិការណ៍ដែលការអនុគ្រោះពន្ធអាករ ទាំងក្នុងគោលដៅលើកទឹកចិត្តវិនិយោគ និងវិស័យអាទិភាពនានា ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មានការកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ៕

ដកស្រង់ពី៖ Fresh News