បណ្តាញសង្គម

នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកវិធានការប្រធានាធិបតីម៉ុងហ្គោលី ដែលឃុំខ្លួនឯង និងគណៈប្រតិភូ១៤ថ្ងៃ ក្រោយត្រឡប់ពីចិនជារឿងខុសឆ្គង

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកវិធានការរបស់ប្រធានាធិបតី ម៉ុងហ្គោលី ដែលឃុំខ្លួនឯង និងគណៈប្រតិភូ រយៈពេល១៤ថ្ងៃ ក្រោយត្រឡប់មកពីទស្សនកិច្ចនៅចិន ដោយសារតែខ្លាចមានឆ្លងជំងឺរលាកសួតប្រភេទថ្មី ដែលបង្កឡើងដោយមេរោគ COVID-19 គឺជារឿងមួយខុសឆ្គង។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ១,៥៨៩នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនដឹងឥរិយាបទរបស់ប្រធានាធិបតី ម៉ុងហ្គោលី បន្ទាប់ពីទស្សនកិច្ចនៅប្រទេសចិនហើយ ដាក់ខ្លួនឯងនិងអ្នកអមដំណើរឲ្យនៅឯកោ១៤ថ្ងៃ ជាឥរិយាបទការទូតត្រឹមត្រូវ ឬអត់? ព្រោះពេលដែលខ្ញុំឃើញព័ត៌មានហ្នឹងខ្ញុំថាស្រេច! បើអញ្ចឹងកុំទៅតែម្តងទៅ ល្អជាងទៅ។

នេះខ្ញុំមិនទាក់តៀនទៅនឹងវិធីសាស្ត្ររបស់ប្រធានាធិបតី ម៉ុងហ្គោលីទេ ក៏ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំធ្លាប់ទៅ ហើយត្រឡប់មកវិញ គឺខ្ញុំដាក់ខ្លួននៅជាមួយប្រពន្ធខ្ញុំ»។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំកុំឲ្យមានការរើសអើងចំពោះអ្នកដែលមានជំងឺនេះ ឬជំងឺនោះ ព្រោះតែការសង្ស័យមានមេរោគ COVID-19។ សម្តេចតេជោ ថែមទាំងបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រកាន់គោលការណ៍ថែទាំអនាម័យផងដែរ ព្រោះបើប្រកាន់គោលការណ៍អនាម័យមិនបានល្អ ជំងឺអ្វីក៏អាចឆ្លងបានដែរ។

សូមបញ្ជាក់ថា ប្រធានាធិបតីម៉ុងហ្គោលី លោក បាតធូលហ្គា ខាលត្មាអា (Battulga Khaltmaa) និងមន្ត្រីរដ្ឋាភិបាលដទៃទៀត ត្រូវបានសម្រេចឲ្យស្នាក់នៅដាច់ដោយឡែក «ក្នុងរយៈពេល ១៤ថ្ងៃ» បន្ទាប់ពីលោក និងមន្ត្រីអមដំណើរទាំងអស់បានវិលត្រឡប់ពីដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិនរួចមក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

គណៈប្រតិភូទាំងអស់រួមទាំងប្រធានាធិបតីផងដែរ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រ រៀបចំកន្លែងឲ្យស្នាក់នៅដាច់ពីគេ ដែលនឹងមានរយៈពេលពីរសប្តាហ៍ បន្ទាប់ពីការត្រឡប់មកប្រទេសម៉ុងហ្គោលីវិញ កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ដើម្បីអនុលោមទៅតាមវិធានការបង្ការទុកជាមុន កុំឲ្យមានការចម្លងដល់អ្នកដទៃទៀត ក្នុងករណីដែលលោកប្រធានាធិបតី ឬក៏មន្ត្រីឯទៀតបានឆ្លង COVID-19 ពីប្រទេសចិននោះ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីការណ៍អំពីករណីឆ្លងជំងឺ COVID-19 ណាមួយនៅក្នុងប្រទេសម៉ុងហ្គោលីនោះទេ។

ប៉ុន្តែរដ្ឋាភិបាលម៉ុងហ្គោលី បានចាត់វិធានការទប់ស្កាត់ជំងឺនេះរួចទៅហើយ ដូចជាវិធានការបិទសាលារៀនទាំងអស់ រហូតដល់ចុងខែមីនា ខណៈការបញ្ជូនធ្យូងថ្មទៅប្រទេសចិន ក៏ត្រូវបានផ្អាករហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ផងដែរ៕

ដកស្រង់ពី៖ Fresh News